អន្តរជាតិ
នូវែលសេឡង់នឹងហាមឃាត់ប្រើប្រាស់TikTok លើឧបករណ៍របស់សភា ក្រោយហេតុផលសន្តិសុខ
17, Mar 2023 , 9:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
នូវែលសេឡង់ នឹងហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok លើឧបករណ៍អេឡិចត្រូនិចទាំងអស់របស់សភា ដោយចាប់ផ្តើមពីដំណាច់ខែមីនាទៅ។ ការរឹតត្បិតនេះ ធ្វើឡើងក្រោយហេតុផលបារម្ភពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ 

មួយរយៈចុងក្រោយ ក្រុមហ៊ុន TikTok បានក្លាយជាគោលដៅជាថ្មីនៃបណ្តាប្រទេសមួយចំនួនដូចជា អឺរ៉ុប កាណាដា និងអាម៉េរិកជាដើម។ ប្រទេសទាំងនេះ បានហាមឃាត់មិនឱ្យមានការដំឡើងកម្មវិធី TikTok លើឧបករណ៍របស់រដ្ឋាភិបាល។ ក្រោយការហាមឃាត់ពីសំណាក់ប្រទេសខាងលើ នូវែលសេឡង់ បានដាក់ចេញចំណាត់ការរឹតត្បិតការដំឡើងកម្មវិធី TikTokផងដែរ លើឧបករណ៍របស់សភាម្តង ក្រោយពីមានការពិភាក្សាជាមួយអ្នកជំនាញផ្នែកសន្តិសុខអ៊ីនធឺណិត, រដ្ឋាភិបាល និងប្រទេសដទៃ។
 
«ដោយផ្អែកលើព័ត៌មាននេះ ទីភ្នាក់ងារកិច្ចការសភា បានកំណត់ថា ហានិភ័យមិនអាចទទួលយកបាននៅក្នុងពេលបច្ចុប្បន្នសម្រាប់បរិយាកាសក្នុងសភា»។ លោក Rafael Gonzalez-Montero ប្រធានប្រតិបត្តិទីភ្នាក់ងារកិច្ចការសភា បានសង្កត់ធ្ងន់បែបនេះ ក្នុងសារមួយទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ប្រធានប្រតិបត្តិរូបនេះ បានបញ្ជាក់ផងដែរថា ការរៀបចំដ៏ពិសេសមួយអាចធ្វើឡើងសម្រាប់បុគ្គល ដែលត្រូវការ TikTok ក្នុងការជំនួយការងារ។ 
 
ទន្ទឹមនេះ អង់គ្លេស នៅថ្ងៃទី១៦ ខែមីនា បានហាមឃាត់កម្មវិធី TikTok លើទូរសព្ទដៃរបស់រដ្ឋាភិបាលទាំងអស់ ដោយតម្រូវចូលជាធរមានភ្លាមៗ។ 
 
កន្លងមកក្រុមហ៊ុន TikTok បាននិយាយការពារក្រុមហ៊ុនខ្លួនថា ការរឹតត្បិតរបស់បណ្តាប្រទេសមួយចំនួន គឺដោយសារការយល់ខុស និងបញ្ហាភូមិសាស្រ្តនយោបាយ។ ប្រទេសលោកខាងលិច តែងចោទថា ក្រុមហ៊ុន TikTok អាចចែករំលែកទិន្នន័យអ្នកប្រើប្រាស់ទៅកាន់បក្សកុម្មុយនីស្តចិន។ បើតាមក្រុមហ៊ុន TikTok ខ្លួនបានចំណាយច្រើនជាង ១,៥ពាន់លានដុល្លារ លើកិច្ចខិតខំការពារទិន្នន័យអ្នកប្រើប្រាស់៕ 
 

Tag:
 នូវែលសេឡង់
  TikTok
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com