អន្តរជាតិ
ធនាគារ Credit Suisse នឹងខ្ចីប្រាក់ជិត ៥៤ពាន់លានដុល្លារពីធនាគារកណ្តាល
17, Mar 2023 , 7:30 pm        
រូបភាព
សញ្ញាបង្ហាញឈ្មោះ Credit Suisse នៅទីផ្សារហ៊ុនញូវយ៉ក ក្នុងទីក្រុងញូវយ៉ក ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣។
សញ្ញាបង្ហាញឈ្មោះ Credit Suisse នៅទីផ្សារហ៊ុនញូវយ៉ក ក្នុងទីក្រុងញូវយ៉ក ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣។
ដោយ: VOA
ធនាគារ Credit Suisse បានប្រកាសថា ខ្លួននឹងខ្ចីប្រាក់ជិត៥៤ពាន់លានដុល្លារពីធនាគារកណ្តាលស្វីស ដើម្បីពង្រឹងខ្លួនក្រោយភាគហ៊ុនខ្លួនចុះថ្លៃ។



ការប្រកាសនេះមានឡើងតែប៉ុន្មានម៉ោងក្រោយធនាគារជាតិស្វីសបាននិយាយថាកម្រិតមូលធននិងទុនបង្វិលរបស់ធនាគារCredit Suisse មានគ្រប់គ្រាន់ក្នុងនាមជា«ធនាគារដ៏សំខាន់‍»មួយ ទោះជាធនាគារជាតិសន្យាថានឹងមានទុនបង្វិលសម្រាប់ផ្តល់ជូនប្រសិនបើត្រូវការ។
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ធនាគារ Credit Suisse បានថ្លែងថាប្រាក់កម្ចីពីធនាគារកណ្តាល រហូតដល់៥៣,៧ពាន់លានដុល្លារនឹង‍«គាំទ្រ...ធុរកិច្ចស្នូលនិងក្រុមអតិថិជន‍» ដោយបន្ថែមថាខ្លួនទិញវិញនូវការស្នើលក់ប្រាក់បំណុលប្រមាណ៣ពាន់លានដុល្លារផងដែរ។
 
ធនាគារ Credit Suisse ដែលមានរឿងអាស្រូវមួយចំនួនកាលពីប៉ុន្មានឆ្នាំមុននេះ បានជួបស្ថានភាពដែលតម្លៃភាគហ៊ុនខ្លួនធ្លាក់ចុះថោកខ្លាំងកាលពីថ្ងៃពុធបន្ទាប់ពីធនាគារជាតិអារ៉ាប៊ីសាអ៊ូឌីតមិនបានបណ្តាក់ទុនបន្ថែមក្នុងធនាគារនេះ ដោយនិយាយយោងដល់ការរឹតត្បិតខាងនិយ័តកម្ម។
 
ភាគហ៊ុនរបស់ធនាគារ Credit Suisse បានធ្លាក់ចុះជាង៣០%ដល់កម្រិតទាបបំផុត នៅមុនកើនឡើងវិញនៅចុងថ្ងៃនេះ ដោយចុះថយ២៤,២៤% នៅត្រឹមកម្រិត១,៦៩៧ហ្វ្រង់ស្វ៊ីស។
តម្លៃនៅទីផ្សារនៃធនាគារ Credit Suisse បានធ្លាក់ចុះខ្លាំងក្នុងសប្តាហ៍នេះ ដោយសារមានការបារម្ភអំពីការរលំដូចធនាគារស.រ.អ.ពីរ ហើយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនបានបង្ហាញឲ្យដឹងពី«កម្សោយខាងរូបធាតុ»នៅក្នុងការត្រួតពិនិត្យផ្ទៃក្នុង៕

© រក្សាសិទ្ធិដោយ thmeythmey.com