សេដ្ឋកិច្ច
អន្តរជាតិ
ទោះប្រឈមវិបត្តិធនាគារដួលរលំ តែធនាគារកណ្តាលអឺរ៉ុបនៅតែបន្តដំឡើងអត្រាការប្រាក់
18, Mar 2023 , 9:30 am        
រូបភាព
លោកស្រី Christine Lagarde ប្រមុខធនាគារកណ្តាលអឺរ៉ុប ។ រូបភាពពី AFP ។
លោកស្រី Christine Lagarde ប្រមុខធនាគារកណ្តាលអឺរ៉ុប ។ រូបភាពពី AFP ។
ភាគច្រើននៃបណ្តាអ្នកធ្វើគោលនយោបាយក្នុងធនាគារកណ្តាលអឺរ៉ុប ចង់រក្សាគម្រោងក្នុងការដំឡើងអត្រាការប្រាក់ ដើម្បីបង្ហាញពីភាពជឿជាក់ក្នុងប្រព័ន្ធធនាគារនៅតំបន់ចាយប្រាក់អឺរ៉ូ។ ក្នុងនោះ ECB បានដំឡើងពី ២,៥ភាគរយទៅ ៣ភាគរយ។

 
 
ធនាគារកណ្តាលអ៊ឺរ៉ុប (ECB) កាលពីថ្ងៃទី១៦ ខែមីនា នៅតែអនុវត្តផែនការ ដែលបានកំណត់ទុកជាមុនរបស់ខ្លួន ក្នុងការដំឡើងអត្រាការប្រាក់ ០,៥ភាគរយ ទោះបីជាមានការប្រែប្រួលយ៉ាងខ្លាំង នៅក្នុងទីផ្សារហិរញ្ញវត្ថុក្នុងប៉ុន្មានថ្ងៃនេះក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ECB ក៏បានផ្តល់សញ្ញាមួយចំនួនថា គួរបន្តដំឡើងអត្រាការប្រាក់នាពេលខាងមុខ ឬអត់នោះ គឺអាស្រ័យលើស្ថានភាពដែលកំពុងកើតឡើង នាពេលនេះ​កើនឡើង ឬថយចុះ? 
 
ការបន្តដំឡើងនូវអត្រាការប្រាក់ពី ២,៥ភាគរយទៅ ៣ភាគរយ ស្របតាមការប្តេជ្ញាចិត្ត ដែលបានធ្វើឡើងកាលពីខែមុន។ កិច្ចប្រជុំរបស់ ECBនេះ កើតឡើងមុនពេលកិច្ចប្រជុំរបស់ធនាគារកណ្តាលសំខាន់ពីរផ្សេងទៀតគឺ ធនាគារកណ្តាលអាម៉េរិក (Fed) និងធនាគារអង់គ្លេស (BOE) ដែលប្រព្រឹត្តិទៅនៅសប្តាហ៍ក្រោយ។ កិច្ចប្រជុំនេះត្រូវបានគេមើលឃើញថា ជាការសាកល្បងនៃការប្តេជ្ញាចិត្តរបស់អ្នកបង្កើតគោលនយោបាយរូបិយវត្ថុអ៊ឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា ស្របពេលមានការដួលរលំរបស់ធនាគារអាម៉េរិកចំនួនបី កាលពីសប្តាហ៍មុន និងភាពមិនប្រាកដប្រជារបស់ធនាគារស្វីស Credit Suisse កំពុងតែកើនឡើងនៅក្នុងសប្តាហ៍នេះ។
 
សេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំរបស់ ECB មិនមានភាពខុសប្លែកគ្នាច្រើនពីសេចក្តីថ្លែងការណ៍កិច្ចប្រជុំខែកុម្ភៈនោះទេ។ ប៉ុន្តែនាពេលនេះ សេចក្តីថ្លែងការណ៍បានលុបចោលការប្តេជ្ញាចិត្តពីមុន ដែលថានឹងដំឡើងអត្រាការប្រាក់ក្នុងទ្រង់ទ្រាយធំ និងប្រកបដោយស្ថិរភាព។ នេះត្រូវបានគេមើលឃើញថា ជាសញ្ញាមួយដែល ECB មានភាពមិនច្បាស់លាស់ថាតើវាអាចដំឡើងអត្រាការប្រាក់បានប៉ុន្មានទៀត ទោះបីជាក្រុមប្រឹក្សាប្រតិបត្តិរបស់ធនាគារកណ្តាល ទទួលស្គាល់ថាអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ នៅតែស្ថិតនៅក្នុងកម្រិតខ្ពស់។
 
ប្រមុខធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde បានផ្តល់សញ្ញាខ្លះៗថា សមាជិក ECB មួយចំនួន ចង់បញ្ឈប់ការដំឡើងអត្រាការប្រាក់ភ្លាមៗនៅក្នុងកិច្ចប្រជុំនេះ។ លោកស្រីបាននិយាយថា មានសមាជិកបីឬបួននាក់ ចង់រង់ចាំរហូតដល់ស្ថានភាពកាន់តែច្បាស់លាស់ជាងនេះ ប៉ុន្តែភាគច្រើនចង់រក្សាផែនការដំឡើងអត្រាការប្រាក់ ដើម្បីបង្ហាញពីទំនុកចិត្តលើប្រព័ន្ធធនាគាររបស់តំបន់ចាយប្រាក់អឺរ៉ូ។
 
ភាគហ៊ុនរបស់ Credit Suisse និងធនាគារអឺរ៉ុបផ្សេងទៀតបានកើនឡើងកាលពីថ្ងៃទី ១៦ មីនា បន្ទាប់ពីធនាគារធំទីពីររបស់ប្រទេសស្វីស បាននិយាយថា ខ្លួននឹងខ្ចីប្រាក់រហូតដល់ ៥០ពាន់លានហ្វ្រង់ (៥៤ពាន់លានដុល្លារ) ពីធនាគារកណ្តាលរបស់ប្រទេសស្វីស (SNB) និងបានទិញមកវិញ នូវមូលបត្របំណុលប្រហែល ៣ពាន់លានហ្វ្រង់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល និងធានាដល់អ្នកវិនិយោគ។
 
ការអន្តរាគមន៍របស់ SNB នៅក្នុង Credit Suisse បានជួយអ្នកបង្កើតគោលនយោបាយរូបិយវត្ថុ ក្នុងតំបន់ចាយប្រាក់អឺរ៉ូបន្ធូរបន្ថយការព្រួយបារម្ភរបស់ពួកគេ​ នៅពេលធ្វើការសម្រេចចិត្តដំឡើងអត្រាការប្រាក់។ 
 
ECB បានបន្ទាបការព្យាករអតិផរណារបស់ខ្លួន សម្រាប់តំបន់ចាយប្រាក់អឺរ៉ូ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ ក្នុងនោះអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូនៅឆ្នាំនេះ ៥,៣ភាគរយ ដែលថយចុះពី ៦,៣ភាគរយ ដែលបានព្យាករកាលពីខែធ្នូកន្លងទៅ។ ការព្យាករនៅឆ្នាំក្រោយបានធ្លាក់ចុះមក ២,៩ភាគរយពី ៣,៤ភាគរយ។ ECB ជឿជាក់ថានៅឆ្នាំ ២០២៥ អតិផរណានៅក្នុងតំបន់នេះ នឹងមានត្រឹមតែ ២,‌១ភាគរយ ដែលខ្ពស់ជាងគោលដៅ ២ភាគរយ។
 
អ្នកជំនាញជាច្រើន បានលើកឡើងថា ធនាគារកណ្តាលកំពុងឈានចូលដំណាក់កាលថ្មីមួយ នៅក្នុងការប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងអតិផរណាខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ដំណាក់កាលនេះ តម្រូវឱ្យពួកគេធ្វើសមតុល្យនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ជាមួយនឹងការជៀសវាងវិបត្តិហិរញ្ញវត្ថុ៕

Tag:
 អឺរ៉ុប
  ធនាគារកណ្តាល
  អត្រាការប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com