កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ខឹម សុវណ្ណារ៉ា៖«ខ្ញុំនឹងផ្ញើរូបភាពល្អៗពីការដង្ហែព្រះអគ្គិកីឡានៅអាស៊ានឱ្យប្រជាជនខ្មែរបានឃើញ» 
×![]()
អ្នកថតរូបជំនាញរបស់ក្រសួងព័ត៌មាន គឺលោក ខឹម សុវណ្ណារ៉ា ត្រូវបានចាត់តាំងជាអ្នកតាមផ្ដិតយករូបភាពនៃការដង្ហែព្រះអគ្គិកីឡានៅក្នុងប្រទេសសមាជិកអាស៊ាន រួមទាំងនៅប្រទេសទីម័រខាងកើតផង។
លោក ខឹម សុវណ្ណារ៉ា បានចាប់ផ្តើមអាជីពជាអ្នកថតរូបសារព័ត៌មានតាំងពីឆ្នាំ១៩៩៥ ដោយបម្រើការឱ្យអង្គភាពព័ត៌មានជាតិ និងអន្តរជាតិជាច្រើន។ បច្ចុប្បន្នលោកគឺជាអនុប្រធាននាយកដ្ឋានរូបថតនៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជានៃក្រសួងព័ត៌មាន។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានយល់ព្រមចាត់បញ្ជូនលោក ខឹម សុវណ្ណារ៉ា ទៅក្នុងប្រតិភូដង្ហែព្រះអគ្គិកីឡាដែលមានសមាសភាពសរុប៩រូប ដែលត្រូវបានសម្រេចដោយសម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ ប្រតិភូដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន រួមមានមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ មន្ត្រីរៀបចំ អ្នកសារព័ត៌មាននៃទូរទស្សន៍ជាតិ ផងដែរ។
លោក ខឹម សុវណ្ណារ៉ា បានបង្ហាញចំណាប់អារម្មណ៍រីករាយ និងរំភើបខ្លាំង ដោយបានក្លាយជាអ្នកថតរូបការដង្ហែព្រះអគ្គិកីឡានេះសម្រាប់ប្រទេសកម្ពុជា។ លោកអះអាងថា ការងាររបស់លោកនៅពេលនេះ នឹងផ្តល់តម្លៃបន្ថែមដល់អាជីពជាអ្នកថតរូបសារព័ត៌មានរបស់លោក។ លោក សុវណ្ណារ៉ាបានអធិប្បាយប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទី១៧ខែមីនានេះយ៉ាងដូច្នេះថា៖«នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាយើង ដែលយើងបានរង់ចាំ៦៤ឆ្នាំមកហើយ។ ខ្ញុំនឹងខិតខំផ្ដិតយករូបភាពល្អៗពីការទទួលភ្លើងគប់កីឡាពីប្រទេសអាស៊ាន ហើយផ្ញើឱ្យជនរួមជាតិយើងបានឃើញ។ ខ្ញុំអរគុណដល់សម្តេចពិជ័យសេនា និងឯកឧត្តមរដ្ឋមន្ត្រីព័ត៌មានដែលបានផ្តល់ឱកាសដល់ខ្ញុំ។»។
អ្នកថតរូបដដែលបានរៀបរាប់បន្ថែមថា នៅតាមប្រទេសសមាជិកអាស៊ាននីមួយៗ វានឹងមានក្បួនទទួលស្វាគមន៍ព្រះអគ្គិកីឡារបស់កម្ពុជា ហើយថាវានឹងមានការរៀបចំទទួលផ្សេងៗគ្នា។

ពិធីដង្ហែព្រះអគ្គិកីឡា ឬភ្លើងគុប នឹងចាប់ផ្ដើមពីប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប នៅថ្ងៃទី២១ខែមីនាឆ្នាំ២០២៣នេះ ហើយនឹងត្រូវដង្ហែចេញទៅប្រទេសវៀតណាមនៅថ្ងៃបន្ទាប់។ បន្ទាប់ពីត្រូបានដង្ហែឆ្លងរាជធានី និងរដ្ឋធានីនៃប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសទីម័រខាងកើតហើយនោះ ភ្លើងគុបនៃព្រឹត្តិការណ៍ស៊ីហ្គេម នឹងត្រូវដង្ហែមកដល់កម្ពុជាវិញនៅថ្ងៃទី២៧ខែមេសា តាមច្រកព្រំដែនកម្ពុជាឡាវនៅក្នុងខេត្តស្ទឹងត្រែង។ បន្ទាប់មកព្រះអគ្គិកីឡាក៏នឹងត្រូវដង្ហែចូលមករាជធានីភ្នំពេញ។
ព្រះអគ្គិដដែលនេះ នឹងត្រូវដង្ហែឆ្លងកាត់ខេត្តនានាជុំវិញបឹងទន្លេសាប មុននឹងនាំមកចូលរាជធានីភ្នំពេញវិញនៅចំថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាថ្ងៃទី៥ខែឧសភាឆ្នាំ២០២៣ នាពហុកីឡដ្ឋានមរតកតេជោ៕
© រក្សាសិទ្ធិដោយ thmeythmey.com