កីឡាអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន នឹងបញ្ជូនអត្តពលិកមកប្រកួតស៊ីហ្គេមនៅកម្ពុជា ច្រើនជាងនៅវៀតណាម
18, Mar 2023 , 8:30 am        
រូបភាព
ក្រុមបាល់ទះនារីក្នុងសាល ជម្រើសជាតិហ្វីលីពីន។ រូបពី GMA
ក្រុមបាល់ទះនារីក្នុងសាល ជម្រើសជាតិហ្វីលីពីន។ រូបពី GMA
ដោយ:
គណៈកម្មការកីឡាអូឡាំពិកហ្វីលីពីន Philippine Olympic Committee (POC) នឹងបញ្ចូន កីឡាករ-កីឡាការិនី៩០៥នាក់ មកប្រកួតស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា ។ ចំនួននេះច្រើនបើធៀបទៅនឹងអត្តពលិក ដែលបញ្ជូនទៅប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម កាលពីឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មានក្នុងស្រុកនៃប្រទេសហ្វីលីពីន Spin.PH ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

 
នាការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម លើកទី៣១ កាលពីឆ្នាំ២០២២ ហ្វីលីពីន បានបញ្ជូនអត្តពលិកត្រឹមតែ ៥៧៧នាក់ប៉ុណ្ណោះ ។ កាលណោះហ្វីលីពីន បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ដោយឈ្នះមេដាយសរុប២២៦ ក្នុងនោះមេដាយមាស៥២ ប្រាក់៧០ និងសំរឹទ្ធ១០៤។
 
សម្រាប់អត្តពលិកដែលហ្វីលីពីន គ្រោងបញ្ជូនមកកាន់កម្ពុជានេះ មានចំនួនប្រហាក់ប្រហែលគ្នាទៅនឹងគ្រាដែលហ្វីលីពីន រៀបចំធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១៩ ដែរ។ កាលណោះ ហ្វីលីពីនដាក់អត្តពលិកចូលរួមប្រកួត ចំនួន១១១៩នាក់ លើ៥៦ប្រភេទកីឡា។
 

ពិធីដង្ហែរទង់ជាតិនៃប្រទេសហ្វីលីពីន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កន្លងទៅ។ រូបពី PH

គួរបញ្ជាក់ថា អត្តពលិករបស់ហ្វីលីពីន ដែលនឹងបញ្ជូនមកប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា ចំនួន៩០៥នាក់នេះ ត្រូវប្រកួតលើ ៦០៨វិញ្ញាសា ក្នុងចំណោម ៣៨ប្រភេទកីឡា ៕

Tag:
 ហ្វីលីពីន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com