ជាតិ
សង្គមជាតិ
អាជ្ញាធរ ឱ្យម្ចាស់រថយន្តធំៗវាងទៅឆ្លងស្ពានព្រែកសំរោង ចៀសវាងការកកស្ទះមុំស្ពានអាកាសព្រះមុនីវង្ស
18, Mar 2023 , 9:31 am        
រូបភាព
ចរាចរណ៍នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ និងផ្លូវ៦០ម៉ែត្រនៅម៉ោង៤រសៀល កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។
ចរាចរណ៍នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ និងផ្លូវ៦០ម៉ែត្រនៅម៉ោង៤រសៀល កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ឱម្ចាស់រថយន្តធំៗ វាងទៅឆ្លងស្ពានព្រែកសំរោង ដើម្បីបញ្ចៀសការកស្ទះនៅម្ដុំស្ពានអាកាសព្រះមុនីវង្ស។ លើសពីនេះ រថយន្តធំៗ អាចចេញចូលក្រុង ចាប់ពីម៉ោង៨យប់ ដល់៥ព្រឹកតែប៉ុណ្ណោះ។

 
 
ដើម្បីបញ្ចៀសការកស្ទះចរាចរណ៍នៅអំឡុងពេលសាងសង់ស្ពានអាកាសព្រះមុនីវង្ស
រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំនិងដាក់ចេញវិធានការដោះស្រាយម្ដងរួមមកហើយ។ ប៉ុន្តែ ស្ថានភាពចរាចរណ៍នៅតែកកស្ទះ ទើបរដ្ឋបាលរាជធានីភ្នំពេញ កំណត់ផ្លូវឱ្យសាធារណាជន បង្វែរទិសដៅធ្វើដំណើរ។ 
 
 
ជុំវិញការបញ្ចៀសការកកស្ទះខាងលើ លោក ឈាង ប៊ុនថា អនុប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗថា រថយន្តធុនធំទាំងអស់ មិនអនុញ្ញាតឱ្យឆ្លងកាត់ស្ពានព្រះមុនីវង្សឡើយ គឺត្រូវវាងទៅឆ្លងស្ពានព្រែកសំរោង ដើម្បីចូលរាជធានីភ្នំពេញ។ ចំពោះការបើករថយន្តធ្ងន់ធំចូលក្រុង លោក ប៊ុនថា បញ្ជាក់ទៀតថា ត្រូវចូលតាមពេលកំណត់ ចាប់ពីម៉ោង៨យប់ ដល់៥ព្រឹក។ 
 
ចំពោះប្រជាពលរដ្ឋ ម្ចាស់យានយន្តដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ឆ្ពោះទៅមូលដ្ឋានខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ ក៏ត្រូវបង្វែរទៅផ្លូវថៃហ្គ័រ តាមស្ពានព្រែកសំរោងចូលរាជធានីភ្នំពេញដែរ។ ក្រៅពីនេះ ម្ចាស់យានយន្តអាច ជិះស្រឡាងនៅកំពង់ចម្លងកោះនរា។ 
 
ប្រជាពលរដ្ឋដែលធ្វើដំណើរចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ២ ឆ្ពោះទៅ
មូលដ្ឋានខណ្ឌទួលគោក ខណ្ឌ៧មករា ខណ្ឌចំការមន ត្រូវបង្វែរទិសតាមមហាវិថី​ ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) និងមហាវិថីសម្ដេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) បត់តាមផ្លូវផ្សារជីបម៉ុង ចេញតាមផ្លូវលេខ ២១៧វិញ។ 
 
ចំណែក ការធ្វើដំណើរចេញពីរាជធានីភ្នំពេញ ប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅផ្លូវជាតិលេខ២ ទៅខេត្តកណ្តាល ឬមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ ត្រូវបង្វែរទិសតាមផ្លូវលេខ៤៨៨ ឆ្ពោះទៅរង្វង់មូលផ្សារដើមថ្កូវ ឆ្ពោះទៅផ្លូវលេខ២៧១ សំដៅទៅផ្លូវលេខ៣៧១ ឬតាមផ្លូវផ្សារជីបម៉ុង ចេញតាម​ផ្លូវ ៦០ម៉ែត្រ​។ ជាមួយគ្នាដែរ ក៏អាចចេញទៅតាមមហាវិថី​ ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ)ផងដែរ។ 
 
រីឯ ប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅផ្លូវជាតិលេខ១
ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ឬទៅខេត្តកណ្តាល ត្រូវធ្វើដំណើរតាមមហាវិថីព្រះនរោត្តម ហើយឡើងស្ពានអាកាសក្បាលថ្នល់ បត់ត្រលប់ក្រោយរួចឆ្លងស្ពានព្រះមុនីវង្ស។ ក្រៅពីនេះ អ្នកធ្វើដំណើរ ក៏អាចឆ្លងស្រឡាង នៅកំពង់ចម្លងពីកោះពេជ្រ ទៅកោះនរាតែម្ដង ឬឆ្លងស្រឡាងចម្លងសណ្ឋាគារសុខា​ ទៅកោះនរា។ 
 
​រដ្ឋបាលរាជធានីភ្នំពេញ សុំការយោគយល់ពីការប្រជាពលរដ្ឋ ជុំវិញការបង្វែរផ្លូវ និងការកកស្ទះចរាចរណ៍ និងស្នើពលរដ្ឋឱ្យចូលរួមសហការ ​ដើម្បីកាត់បន្ថយការកកស្ទះ៕ 

Tag:
 សង្គម
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com