អន្តរជាតិ
វៀតណាម សន្យាសហការជាមួយអាស៊ាន និងUN ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា 
លោក Dang Hoang Giang អគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព VNA
×![]()
ប្រេសិតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក Dang Hoang Giang បានថ្លែងថា វៀតណាម នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ ដើម្បីជួយមីយ៉ាន់ម៉ា ក្នុងការដោះស្រាយបញ្ហាលំបាក និងលើកតម្កើងកិច្ចចរចា។
ក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី១៦ ខែមីនា លោក Dang Hoang Giang បានថ្លែងពីក្តីបារម្ភលើស្ថានភាពមីយ៉ាន់ម៉ា ដែលមិនបានកែលម្អឡើយក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ខណៈសេដ្ឋកិច្ចក៏មានភាពផុយស្រួយ និងមានវិបត្តិមនុស្សធម៌។
ដើម្បីដោះស្រាយបញ្ហានេះ លោក Dang Hoang Giang អគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបង្ហាញពីការប្តេជ្ញារបស់ខ្លួន ក្នុងការជួយមីយ៉ាន់ម៉ា ដើម្បីដោះស្រាយបញ្ហាផ្សេងៗ។
បើតាមលោក Giang រដ្ឋាភិបាលក្រុងហាណូយ គាំទ្រឥណ្ឌូណេស៊ីជាប្រធានផ្លាស់វេនអាស៊ាន និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងការពន្លឿនការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា រួមទាំងការសម្របសម្រួលជាមួយប្រេសិតពិសេសអាស៊ាន និងមជ្ឈមណ្ឌលមនុស្សធម៌អាស៊ាន។
ក្នុងកិច្ចប្រជុំដដែលនោះ មន្រ្តីទូតវៀតណាមរូបនេះ បានអំពាវនាវឱ្យភាគីទាំងអស់នៅមីយ៉ាន់ម៉ាអនុវត្តផែនការ ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំអាស៊ាននៅពេលកន្លងមក, ធានាពីការទទួលបានជំនួយមនុស្សធម៌ដល់គ្រប់ភាគីទាំងអស់, គោរពច្បាប់អន្តរជាតិ និងការពារប្រជាជនស៊ីវិល។
បន្ថែមពីនេះ លោក Giang បានអំពាវនាវឱ្យសហគមន៍អន្តរជាតិគាំទ្រពីកិច្ចខិតខំរបស់អាស៊ាន និងផ្តល់តម្លៃដល់កិច្ចចរចា ដោយផ្អែកលើមូលដ្ឋាននៃការគោរពអធិបតេយ្យ ឯករាជ្យភាព និងបូរណភាពដែនដីរបស់មីយ៉ាន់ម៉ា៕
© រក្សាសិទ្ធិដោយ thmeythmey.com