ជាតិ
អាស៊ាន
តម្រូវការកម្មវិធីឧបត្ថម្ភធនលើជំនាញឌីជីថល​សម្រាប់អនាគត​ការងារនៃ​ពលរដ្ឋក្នុងតំបន់អាស៊ាន
18, Mar 2023 , 3:00 pm        
រូបភាព
 មេដឹកនាំអាស៊ាននាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ រូបថត MFAIC
មេដឹកនាំអាស៊ាននាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ រូបថត MFAIC
ដោយ ហេង ម៉ូលីកា អ្នកស្រាវជ្រាវនៃអង្គការ​វេទិកា​អនាគត​

ការរីកចម្រើន​ផ្នែកបច្ចេកវិទ្យា ការផ្លាស់ប្តូរប្រជាសាស្រ្ត ក៏ដូចជាព្រឹត្តិការណ៍​ជាយថាហេតុណាមួយ ដូចជា​ជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលដល់តម្រួវការជំនាញផ្នែកឌីជីថល កាន់​តែខ្លាំង​សម្រាប់​រដ្ឋ​សមាជិក​នៃសមាគមប្រជាជាតិ​អាស៊ីអគ្នេយ៍(អាស៊ាន) ដើម្បី​ឆ្លើយតប​នឹងទីផ្សារការងារ ទាំង​នាពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត។ ក៏ប៉ុន្តែ​ដើម្បី​ធ្វើឲ្យ​តម្រូវការនេះ​ទទួល​បាន​ផ្លែផ្កា បណ្តារដ្ឋ​សមាជិក​គប្បីពិចារណា​បង្កើតកម្មវិធីឧបត្ថម្ភ​ធន​សម្រាប់​ទ្រទ្រង់​ដល់​ការលើកកំពស់ចំណេះដឹង​ក្នុងវិស័យនេះ។
 
ជាមួយនឹងការផ្លាស់ប្តូរនេះ ចំណេះ និងជំនាញឌីជីថលបានក្លាយជាគុណសម្បត្តិ​ដែលនិយោជក​(ភាគីថៅកែ)​ទាម​ទារ​​​​ជាចាំបាច់​មុននឹង​​ផ្តល់ឪកាសដល់​អ្នក​ស្វែងរកការងារ។ អក្ខរកម្មឌីជីថល  បាន​ក្លាយ​ទៅ​ជា​សមត្ថភាព​​​ដែលមិន​អាច​ខ្វះ​បាន​នៅកន្លែងការងារនាពេលបច្ចុប្បន្ន។ អក្ខរកម្មឌីជីថល គឺសំដៅ​លើ​​សមត្ថភាព​​របស់បុគ្គលម្នាក់ៗក្នុ​ងការប្រើប្រាស់​វេទិកា​​ឌីជីថលប្រកបដោយទំនុកចិត្ត និងស្វ័​យភាព ដើម្បី​រៀនសូត្រ ធ្វើការទំនាក់ទំនង និងចូល​រួម​ក្នុង​សង្គម។
 
តម្រូវការវិនិយោគលើសមត្ថភាពជំនាញ​​សម្រាប់កម្លាំង​ពលកម្ម

យោងតាមការស្រាវជ្រាវរបស់អង្គការយូនីសេហ្វ (UNICEF )​ នៅឆ្នាំ២០២១ យុវជនភាគច្រើន​ក្នុង​តំបន់អាស៊ានមានសមត្ថភាពឌីជីថលកំរិតមធ្យម។ ការស្រាវជ្រាវដដែល​បង្ហាញ​ទៀតថា​មាន​ភាព​ខុសគ្នាយ៉ាងច្រើនគួររឲ្យកត់សម្គាល់រវាងប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច និងប្រទេស ដែល​មាន​ការអភិវឌ្ឍន៍។​ ​ជាក់ស្តែង ប្រទេសសិង្ហបុរី ដែល​​មានសេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​ក្នុងប្លុក​អាស៊ាន មានកម្រិតអក្ខរកម្មឌីជីថល​ខ្ពស់បំផុត ក្នុងនោះ មានយុវជនប្រមាណ ៦២% បានបង្ហាញថា​​ចំណេះ​ដឹង​ផ្នែក​​អក្ខរកម្មឌីជីថលរបស់ពួកគេមានកម្រិតល្អប្រសើរ ​ធៀប​នឹងនៅ​ប្រទេស​ឡាវ ដែល​មាន​យុវជន​ត្រឹមតែ២៣% ​​និង យុវជនចំនួន២០% នៅ​ប្រទេសមីយ៉ាន់ម៉ា ​មាន​ចំណេះ​ដឹង​ផ្នែកឌីជីថល។ 

យោងតាមការសិក្សាឆ្នាំ ២០១៨ ស្តីពីបច្ចេកវិទ្យា និងអនាគតនៃការងារក្នុងតំបន់អាស៊ាន ដោយ Cisco ដែលជាក្រុមហ៊ុនទំនាក់ទំនងឌីជីថលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេទាំងប្រាំមួយនៅតំបន់អាស៊ាន ដូចជាប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម នឹងត្រូវប្រឈម​នឹងការបាត់បង់​ការងា​រ​ប្រមាណ ៦.៦ លាន​កន្លែង​នៅ​ឆ្នាំ ២០២៨ ។​ ហើយ ៤១% នៃនិយោជិត(ភាគីអ្នកបម្រើការ)​ក្នុងប្រទេសខាងលើខ្វះ​ជំនាញ​សំខាន់ៗ​ ដែល​ទីផ្សារ​ការងារ​នឹងត្រូវទាមទារនាពេលអនាគត ហើយក្នុងចំណោមតម្រូវការ​ទាំងនោះក៏​មាន​ជំនាញ​ឌីជីថល​ផងដែរ ។ ដូច្នេះដើម្បីធានាថាជំនាញរបស់និយោជិតឆ្លើយតបនឹងតម្រូវការការងារ ពួកគេត្រូវ​រៀន  ឬ​ពង្រឹង​ជំនាញបន្ថែមទៀត។
 
នៅទូទាំងតំបន់អាស៊ាន តម្រូវការនៃការរៀនជំនាញថ្មីៗ និងការពង្រឹងជំនាញ ដូចដែលបានលើកឡើង ទាមទារឱ្យមានសកម្មភាព និងការចូលរួមពីសំណាក់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនផងដែរ។
 
សម្រាប់និយោជក ការផ្តល់វគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និងជំនាញដល់និយោជិត មាន
សក្តានុពលក្នុងការផ្តល់នូវអត្ថប្រយោជន៍ទាក់ទងនឹងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និង
ផលិតភាពដល់ក្រុមហ៊ុនរបស់ពួកគេ ។ ស្របពេលដែលមានការជំរុញឲ្យមានការផ្តល់ការបណ្តុះ
បណ្តាល ក៏មានជាកង្វល់មួយថា តើនិយោជិតទាំងនោះ «អាច​បណ្តុះ​បណ្តាល​បាន​»ទេ ឬនិយាយ​ឲ្យ​ស្រួលយល់ថាតើពូកគេមានសមត្ថភាពចាប់យកជំនាញថ្មីៗពីការបណ្តុះបណ្តាលបានឬទេ?​
 
តើ​បុគ្គលិក​ប្រភេទ​ណា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​អាច​បណ្តុះបណ្តាល​បាន?

លោក Christian Viegelahn  សេដ្ឋវិទូការងារ​នៃអង្គភាពវិភាគសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់​​របស់​អង្គការ​​ពលកម្មអន្តរជាតិ(ILO) ពន្យល់ពីភាពខុសគ្នារវាង បុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល និង​បុគ្គលិកដែលអាចបណ្តុះបណ្តាលបានដោយមានប្រសាសន៍ថា៖ លើសពីកង្វល់ដែលថា​បុគ្គលិក​​របស់​ពួកគេទទួលបានការបណ្តុះបណ្តាលមិនគ្រប់គ្រាន់ និយោជកមានការព្រួយបារម្ភ ថា​ក្រុមហ៊ុន​ពួកគេទទួលបុគ្គលិកដែលអាចបណ្តុះបណ្តាលបាន មាន​ចំនួនមិនគ្រប់​គ្រាន់។» 
សេដ្ឋវិទូ​ដដែល​បន្ថែមថា «អ្វីដែលនិយោជក(ថៅកែ)ស្នើសុំឱ្យប្រព័ន្ធអប់រំសាធារណៈ ឬ​រដ្ឋា​ភិបាល​ផ្តល់ឲ្យខណៈដែលពួកគេ (និយោជក ឬក្រុមហ៊ុន) រីករាយក្នុងការចំណាយនោះគឺការផ្តល់​ជំនាញ​ជាក់​លាក់ផ្នែកអក្ខរកម្ម (ការចេះអាន និងសរសេរ) និងជំនាញមូលដ្ឋាន (បំណិនជីវិត) ដល់​​និយោជិត
 ដរាបណា​ពួកគេអាចរៀនសូត្រ និងមានសមត្ថភាព​ស្រូប​យកជំនាញដែល​(ក្រុមហ៊ុន)​ត្រូវការ​ទាំង​នេះ។»
 
ក្នុងករណីនេះ “ភាពដែលអាចបណ្តុះបណ្តាល” សំដៅលើសមត្ថភាពរបស់និយោជិតក្នុងការរៀន ស្ទាត់ជំនាញ និងអនុវត្តចំណេះជំនាញបែបឌីជីថលថ្មីៗ។
 
ដោយផ្អែកលើសន្និសីទអាស៊ាន-យូនីសេហ្វ ឆ្នាំ ២០១៨ ស្តីពីជំនាញនៃសតវត្សរ៍ទី ២១ បណ្តា​ក្រុមហ៊ុន​ជាច្រើនកំពុងចាប់អារម្មណ៍លើការជួលបុគ្គលិកដែលងាយបង្រៀន និងមានភាពបត់បែនបាន។ ក្នុងសន្និសីទដដែលនេះ លោក Amarit Charoenphan នាយកប្រតិបត្តិនៃ HUBBA និង Techsauce ដែលជា កន្លែងធ្វើការរួមគ្នា(coworking space)ដំបូងគេនៅក្នុងប្រទេសថៃ បានលើកឡើងថា ១.៨​ លាន​​ការងារនៅតំបន់អាស៊ាន​នឹងត្រូវបាត់បង់ និងជំនួស​មកវិញ​ដោយ​ការងារ​ដែល​ប្រើ​ប្រាស់ ​បញ្ញា​សិប្ប​និម្មិត(Artificial Intelligence) ក្នុងរយៈ​ពេល​ប៉ុន្មានឆ្នាំខាងមុខ។ ប៉ុន្តែការងារចំនួន ២.៣ លាន​ក៏នឹង​ត្រូវបានបង្កើតឡើងផងដែរ ដែលការងារ​ទាំងនោះនឹងទាមទារជំនាញបច្ចេកវិទ្យា និងឌីជីថល។​ នេះមានន័យថានិយោជិត​ត្រូវមានជំនាញ​ទាំងពីរ​ដើម្បីទទួលបានការងារ និងធ្វើការប្រកប​​ដោយ​ប្រសិទ្ធភាព​ជាមួយបញ្ញាសិប្បនិម្មិត ហើយនិយោជិតក៏នឹងត្រូវសម្រប​ខ្លួនទៅនឹង​ការផ្លាស់ប្តូរ​របៀប​ធ្វើ​ការផងដែរ។
 
ទាក់ទងនឹងកម្លាំងពលកម្ម ប្រទេសហ្វីលីពីនត្រូវបានទទួលស្គាល់ថាមានកម្លាំងពលកម្មដែលងាយបណ្តុះបណ្តាលច្រើនជាងគេ បើធៀបនឹងប្រទេសក្នុងតំបន់មួយចំនួនដូចជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាម។ ប្រធានាធិបតីហ្វីលីពីន លោក Bongbong Marcos បាននិយាយថា “ក្រៅពីមានភាពវ័យ​​ក្មេង កម្លាំងពលកម្មមកពីហ្វីលីពីនមានសមត្ថភាពខ្ពស់ ទាំងលើជំនាញភាសាអង់គ្លេស ទាំងលើ​ជំនាញបច្ចេកវិទ្យា និងមានការបត់បែនសម្របខ្លួនតាមវប្បធម៌ផ្សេងៗបានល្អ”។
 
យោងតាមការស្រាវជ្រាវរបស់ស្ថាប័ន HKTDC ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ដ៏សំខាន់របស់ហុងកុង ការចូលសិក្សានៅមហាវិទ្យាល័យរបស់កម្លាំង​​ពលកម្ម​ក្នុងប្រទេស​ហ្វីលីពីន​មានកម្រិតខ្ពស់ (២១%) ធៀបនឹងប្រទេសសិង្ហបុរី (១៦%) និងខ្ពស់ជាងប្រទេស​អាស៊ាន​ផ្សេងទៀត​គួរឱ្យកត់សម្គាល់។ បុគ្គលិកជនជាតិហ្វីលីពីនភាគច្រើនមានសម្ថតភាពប្រើប្រាស់ភាសាអង់គ្លេសស្ទាត់ជំនាញ ដែល​ធ្វើ​ឱ្យពួកគេមានភាពងាយស្រួលក្នុងការទទួលបានការបណ្តុះបណ្តាលពីនិយោជក។ ក្រៅពីជំនាញភាសាអង់គ្លេស ហ្វីលីពីនក៏មានបុគ្គលិក និងវិស្វករផ្នែកព័ត៌មានវិទ្យា និងអ្នក​គ្រប់គ្រង​ដែលមានសមត្ថភាពខ្ពស់ផងដែរ។ នៅប្រទេសហ្វីលីពីន ជំនាញរដ្ឋបាលធុរកិច្ច ការអប់រំ និងបណ្តុះបណ្តាលគ្រូ បច្ចេកវិទ្យាព័ត៌មាន វិស្វកម្ម និងបច្ចេកវិទ្យា និងវេជ្ជសាស្ត្រ គឺជាមុខវិជ្ជាកំពូល​ទាំងប្រាំ​ដែល​​​បាន​ស្រូបយក​ចំនួននិស្សិតច្រើនជាងគេ ​ពោលគឺ​ហ្វីលីពីន ដែឡ​បាន​ចូលរៀន​មុខវិជ្ជា​ទាំង​នេះ​​មាន​ចំនួនប្រមាណជា ៧៧% នៃ​និស្សិតចូល​ឧត្តម​សិក្សា​ទាំងអស់។
 
នៅក្នុងប្រទេសកម្ពុជា ដោយសារបញ្ហាកង្វះជំនាញ ក្រុមហ៊ុន ឬនិយោជកអាចជួលបុគ្គលិកដែល​មានជំនាញមិនគ្រប់គ្រាន់ ដោយគិតថានឹងផ្តល់ការបណ្តុះបណ្តាលបន្ថែមដល់បុគ្គលិកទាំងនោះ។ ទោះជាយ៉ាងណា មិនមែនសុទ្ធតែបុគ្គលិកទាំងអស់មានសមត្ថភាព​ក្នុងការស្រូប​យកជំនាញ​ថ្មីៗ​ដែលនិយោជកផ្តល់​ឲ្យនោះទេ។ បុគ្គលិកខ្លះអាចគ្មានសមត្ថភាពចាប់យកជំនាញទាំងនោះ។ ដោយសារ​បញ្ហានេះ បុគ្គលិកខ្លះអាចសម្រេចចិត្តឈប់ ឬប្តូរការងារ។ ប្រសិនបើបញ្ហា​នេះនៅ​តែបន្ត​ដោយ​ពុំមានដំណោះស្រាយ បុគ្គលិកទាំងនោះ​នៅតែបន្តភាពខ្វះជំនាញ និងបទពិសោធន៍​ដែល​ត្រូវ​ការ​សម្រាប់ការអភិវឌ្ឍន៍អាជីពរបស់ពួកគេ ជាហេតុធ្វើឲ្យ​ពួកគេប្រឈម​នឹងភាពអត់​ការងារ​ធ្វើ​នៅ​ពេល​អនាគត។
 
ការគាំទ្ររបស់រដ្ឋាភិបាលក្នុងការបង្កើនសមត្ថភាពកម្លាំងពលកម្មនៅក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ាន​នៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ រដ្ឋាភិបាលក្នុងតំបន់ត្រូវដោះស្រាយបញ្ហានេះ ដើម្បី​ប្រាកដ​ថា​កម្លាំងពលកម្មក្នុងប្រទេសខ្លូនមានចំណេះថ្មីៗ ហើយអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃបរិបទ​​​​​​ការងារ និងមានសមត្ថភាពទទួលការបណ្តុះបណ្តាលជំនាញនាពេលខាងមុខ។ .
 
កម្មវិធីឥតគិតថ្លៃ/ឧបត្ថម្ភធនរបស់រដ្ឋាភិបាល ក្នុងការរៀន ឬពង្រឹងជំនាញឌីជីថល

កម្មវិធីឧបត្ថម្ភធនលើជំនាញដោយរដ្ឋាភិបាល អាចធ្វើឡើងដោយរដ្ឋផ្តល់មូលនិធិមួយផ្នែកដល់​បុគ្គល​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចុះឈ្មោះទទួលយកការបណ្តុះបណ្តាលជំនាញឌីជីថល ហើយថ្លៃសិក្សាមួយផ្នែកទៀតអាចចេញដោយបុគ្គលផ្ទាល់​ដោយ​ក្រុមហ៊ុន ឬភាគីទីបីណាមួយ។
 
មូលនិធិឧបត្ថម្ភធនរបស់រដ្ឋាភិបាលអាចជួយដោះស្រាយបញ្ហាកង្វះសមត្ថភាពហិរញ្ញវត្ថុក្នុងការចូលរួមនិងបង់ថ្លៃវគ្គបណ្តុះបណ្តាល ដែលនេះជាបញ្ហាប្រឈមមួយ​ក្នុងចំណោមបញ្ហាប្រឈមទាំងបី​ដែល​លើកឡើងដោយបុគ្គលិក។ នេះមាន​ន័យ​ថា មូលនិធិឧបត្ថម្ភធនរបស់រដ្ឋាភិបាល​នេះ​អាចធ្វើ​ឲ្យការ​បង់ថ្លៃរៀន​ជំនាញ ឬ​ពង្រឹង​ជំនាញ​មាន​តម្លៃ​សមរម្យ ​ដែលជាកត្តា​ទាក់ទាញ​បុគ្គលិកឲ្យចង់រៀន និងបង្កើនសមត្ថភាពពួកគេបន្ថែមទៀត។ ​ 
 
រដ្ឋាភិបាលទូទាំងអាស៊ានកំពុងមានគំនិតផ្តួចផ្តើមជាច្រើនដើម្បី ធ្វើឱ្យកម្លាំងពលកម្ម​របស់ពួក​គេ​កាន់​តែ​មានភាពប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចឌីជីថល។ រដ្ឋាភិបាលនៃប្រទេសមួយចំនួនដូចជាសិង្ហបុរី និងម៉ាឡេស៊ីកំពុងធ្វើបានយ៉ាងល្អ ដោយមានគំនិតផ្តួចផ្តើមដែលបានចេញជារូបរាងរួចទៅហើយ។
 
នៅប្រទេសម៉ាឡេស៊ី រដ្ឋាភិបាលបាននិងកំពុងអនុវត្តកម្មវិធីមួយចំនួន ដើម្បីជួយបង្កើនសមត្ថភាព ប្រជាជនរបស់ខ្លួន បន្ទាប់ពីជំងឺរាតត្បាត Covid-19។ គំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមទាំងនោះ ហៅថា MyDigitalWorkforce Work in Tech (MYWiT) គឺជាកម្មវិធីផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថលដល់បុគ្គលិក ដោយមាន​ការបង្រៀន​ដល់​ផ្ទះ។ លើសពីការផ្តល់ជូនការបណ្តុះបណ្តាលដល់បុគ្គលិក គំនិតផ្តួចផ្តើមនេះក៏ផ្តល់ជារង្វាន់​លើក​ទឹកចិត្ត​ដល់ក្រុមហ៊ុននិយោជកឲ្យជួលបុគ្គលិកដែលមានទេពកោសល្យ និងសមត្ថភាពលើជំនាញ​ឌីជថល​ផងដែរ។ គំនិតផ្តួចផ្តើម MyWiT មានគោលបំណងជួយជនជាតិម៉ាឡេស៊ីចំនួន ៦,០០០ នាក់ឲ្យទទួលបានការងារធ្វើក្នុងត្រីមាសទីបីនៃឆ្នាំ ២០២២ ។
 
ឧទាហរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនៅប្រទេសសិង្ហបុរី ដែលក្នុងឆ្នាំ ២០១៥ រដ្ឋាភិបាលបានបង្កើតកម្មវិធី SkillsFuture Initiatives ដែលជាសិក្ខាសាលាដោយឥតគិតថ្លៃ មានបំណងបន្ថែម និង​ពង្រឹងសមត្ថភាពការងាររបស់ប្រជាជនក្នុងប្រទេស ។ កម្មវិធីនេះផ្តល់ជូនអ្នកចូលរួមនូវវគ្គសិក្សាជាង ៤០០វគ្គ ជាមួយនឹងកម្មវិធីចំនួន ១០ សម្រាប់ទាំង​និយោជិត និងសហគ្រាស។ វគ្គសិក្សាខ្លះមាន អ្នកចុះឈ្មោះចូលរៀនច្រើន ដែលវគ្គទាំងនោះរួមមាន ការវិភាគទិន្នន័យ ពាណិជ្ជកម្មឌីជីថល បច្ចេកវិទ្យាទំនាក់ទំនង និងផ្នែកសេវាកម្មអតិថិជន។​ យោងតាមរបាយការណ៏នៅឆ្នាំ ២០២១ និយោជិតក្នុងប្រទេសសិង្ហបុរីប្រហែល ៦៦០,០០០ នាក់ និងសហគ្រាសចំនួន ២៤,០០០ បានទទួលអត្ថប្រយោជន៍ពីកម្មវិធី SkillsFuture Initiatives នេះ។
 
ដោយរៀនសូត្រពីប្រទេសសិង្ហបុរី កម្មវិធីបណ្ដុះបណ្តាលឥតគិតថ្លៃរបស់រដ្ឋាភិបាល គឺជាគំនិត​ផ្តួច​ផ្តើម​ដ៏ល្អ ប៉ុន្តែមិនមែនរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានទាំងអស់មាន​ថវិកា​សម្រាប់​ដំណើរការកម្ម​វិធី​ឥតគិតថ្លៃប្រកបដោយនិរន្តរភាពនោះទេ។ ដូច្នេះ រដ្ឋាភិបាលនៃរដ្ឋ​ជា​សមាជិកអាស៊ាន ជាពិសេស​ប្រទេស​​ដែលនៅមានសមត្ថភាពបច្ចេកវិទ្យា និងឌីជីថល​នៅមាន​កំរិត ​គួរតែពិចារណា​លើការផ្តួចផ្តើម​កម្មវិធី​ឧបត្ថម្ភធនលើជំនាញឌីជីថលដល់កម្លាំងពលកម្មក្នុងប្រទេស។ 
 
ករណីប្រទេសកម្ពុជា គំនិតផ្តួចផ្តើមនៃកម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាលនឹងសមស្រប ហើយដើរ​ទទឹមគ្នានឹងការបង្កើត មជ្ឈមណ្ឌលផលិតឌីជីថល កម្ពុជា​-ជប៉ុន(CJDM) ដែលមាន​គោល​បំណង​អភិវឌ្ឍន៍​ធនធានមនុស្សនៅកម្ពុជាក្នុងវិស័យ បច្ចេកវិទ្យា និងឌីជីថល ដើម្បីបំពេញតម្រូវការ​កម្លាំង​ពលកម្មនាពេលអនាគត ដោយផ្តល់នូវដំណោះស្រាយជាការបណ្តុះបណ្តាល​វិជ្ជាជីវៈដែល​មាន​គុណភាពខ្ពស់សម្រាប់ឧស្សាហកម្ម ៤.០ ។
 
លោក ម៉ី កល្យាណ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា “មជ្ឈមណ្ឌលនេះនឹងបម្រើដល់ការអប់រំប្រជាជនរបស់យើងអំពីឧស្សាហកម្ម ៤.០។ ទន្ទឹមនឹងនេះ នៅក្នុងប្រទេសថៃ ដើម្បីជួយប្រជាជនឱ្យទទួលបានការងារកាន់តែប្រសើរ និងស្វែងយល់​បន្ថែម​អំពីបច្ចេកវិទ្យាថ្មីៗ ក្រុមប្រឹក្សាឌីជីថលនៃ​ប្រទេសថៃបានផ្តួចផ្តើម​រៀបចំវគ្គ​សិក្សា​អំពីការ​ការពារ​ទិន្នន័យផ្ទាល់ខ្លួន ដែលវគ្គនេះអាចសិក្សាតាមអនឡាញ។ វគ្គសិក្សាតាម​អ៊ិនធឺណែត​អាច​ជាវិធី​ចំណាយដ៏មានប្រសិទ្ធិភាពក្នុងការរៀន ដែលទាំងរដ្ឋាភិបាល និង​បុគ្គលផ្ទាល់ពុំចាំ​បាច់​ចំណាយ​ធនធានច្រើនពេក។ ជាងនេះទៅទៀត វគ្គសិក្សាតាមអ៊ីនធឺណិត​គឺជាវិធីសាស្រ្តបណ្តុះ​បណ្តាល​ដែល​ប្រើប្រាស់ពេលវេលាតិច ហើយអាចដោះស្រាយបញ្ហាប្រឈមមួយទៀត គឺការខ្វះខាតពេលវេលា ដែលបានលើកឡើងដោយបុគ្គលិកភាគច្រើន។
 
ការងារនាពេលអនាគត និងគំនិតផ្តួចផ្តើមជាច្រើនទៀតនឹងត្រូវការធនធានមនុស្ស​ដែល​មាន​ចំណេះ​ដឹងផ្នែកបច្ចេកវិទ្យា និងឌីជីថលបន្ថែមទៀត។ ដូច្នេះ រដ្ឋ​ជា​សមាជិក​អាស៊ាន​គួរយកចិត្តទុកដាក់ និង
​ផ្តល់​អាទិភាព​ដល់​ការ​វិនិយោគ​​ក្នុង​វិស័យ​នេះ។ ដើម្បីរក្សាភាពប្រកួតប្រជែងរបស់អាស៊ាននាពេលបច្ចុប្បន្ន និងទៅពេលអនាគត រដ្ឋជាសមាជិក​ត្រូវតែ​ធានាថាពួកគេកំពុងផលិតកម្លាំងពលកម្មដែលមិនត្រឹមតែ​ទទួលបានការ​បណ្តុះបណ្តាល​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទទួល​យការបណ្តុះបណ្តាលថ្មីៗបន្ថែមទៀតផងដែរ៕
 
ហេង ម៉ូលីកា អ្នកស្រាវជ្រាវនៃអង្គការ​វេទិកា​អនាគត​ | ខ្លឹមសារអត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត
អត្ថបទភាសាអង់គ្លេស៖ ASEAN Needs to Prepare Now for the Future of Work

© រក្សាសិទ្ធិដោយ thmeythmey.com