កីឡាជាតិ
ជាតិ
គុនខ្មែរ៖ តើធារ៉ា អាចឈ្នះ សាមី បានទេ នាជំនួបលើកទី២នេះ?
18, Mar 2023 , 3:30 pm        
រូបភាព
កីឡាករគុនខ្មែរ ធឿន ធារ៉ា (ឆ្វេង) និងកីឡាករថៃ សាមី បេនឆា មេក (ស្តាំ)។ រូបពី TVK
កីឡាករគុនខ្មែរ ធឿន ធារ៉ា (ឆ្វេង) និងកីឡាករថៃ សាមី បេនឆា មេក (ស្តាំ)។ រូបពី TVK
ដោយ:
កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា នឹងត្រូវជួបគូប្រកួតចាស់មកពីប្រទេសថៃ សាមី បេនឆាមេក នៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៣ នាសង្វៀនគុនខ្មែរ ខេត្តប៉ោយប៉ែត។ បន្ទាប់ពីស្មើគ្នាលើកទី១ តើអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា អាចយកឈ្នះកីឡាករថៃ សាមី បានដែរទេ?

 
បច្ចុប្បន្នកីឡាករមានដើមកំណើរមកពីខេត្តព្រៃវែង ធឿន ធារ៉ា កំពុងតែមានសន្ទុះខ្លាំង បន្ទាប់ពីយកឈ្នះកីឡាករថៃជាច្រើនរូប និងកីឡាករប្រេស៊ីល Thiago Teixeira នាពេលកន្លងទៅថ្មីៗនេះ។ ចំណែកកីឡាករឆ្លងដែនកីឡាករ សាមី មកឈរជើងលើសង្វៀនគុនខ្មែរជាច្រើនលើកផងដែរ។
 
លក្ខណៈពិសេសរបស់កីឡាករគុនខ្មែរ ធឿន ធារ៉ា គុនវុធរបស់គេធ្ងន់ល្អ បច្ចេកទេសនៃការប្រយុទ្ធ គឺកែងជាស្នៀតសម្រាប់ពិឃាដគូប្រកួតនៅលើសង្វៀន ស្របពេលជាមួយគ្នាកណ្តាប់ដៃរបស់គេ ក៏មានទម្ងន់ល្អផងដែរ។ រីឯ សាមី បេនឆាមេក គុនវុធរបស់គេបច្ចុប្បន្នគឺល្អ ទាត់ ជង្គង់ និងកណ្តាប់ដៃ ដែលតែងតែសម្លាប់ស្នៀតគូបដិបក្សរបស់ខ្លួន។
 
ប្រវត្តិជួបគ្នាកាលពីខែមករា កន្លងទៅ អ្នកទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។ បីប្រកួតចុងក្រោយរបស់កីឡាករគុនខ្មែរ ធឿន ធារ៉ា ផ្តួលកីឡាករម៉ារ៉ុក Oussama Elkoiche ឱ្យសន្លន់ក្នុងទឹក២ ,វាយកីឡាករប្រេស៊ីល Bento សន្លប់ទឹក១ និងវាយកីឡាករគុនខ្មែរ ឈឿង ល្វៃ ឱ្យសន្លប់ទឹក១ ដូចគ្នា។ ចំណែកកីឡាករ សាមី បេនឆាមេក បីប្រកួតចុងក្រោយរបស់គេ វាយឱ្យកីឡាករ ឡៅ ចន្ទ្រា សន្លប់ទឹក២ ,ចាញ់កីឡាករ ព្រំ សំណាង ដោយសន្លប់ទឹក២ និងវាយកីឡាករគុនខ្មែរ ធន់ រិទ្ធី ឱ្យបោះបង់ការប្រកួតនៅទឹក១។
 
តើការប្រកួតនៅល្ងាចថ្ងៃសៅរ៍នេះ កីឡាករគុនខ្មែរអ្នកលេងពូថៅដៃ ធឿន ធារ៉ា អាចយកឈ្នះកីឡាករថៃ សាមី បេឆាមេក បានដែរឬទេ ខណៈបីប្រកួតចុងក្រោយរបស់អ្នកទាំងពីរសុទ្ធសឹងតែល្អប្រហាក់ប្រហែលគ្នា។ តើ សាមី បេនឆាមេក អាចឆ្លងផុតទឹក២ ដែរឬទេ ព្រោះ ធារ៉ា មិនដែលឱ្យគូប្រកួតរបស់ខ្លួនឆ្លងផុតទឹក២ឡើយ។
 
គួបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរកម្មវិធី «ប្រដាល់គ្រុឌគុនខ្មែរ» រវាងកីឡាករកម្ពុជា ធឿន ធារ៉ា និងកីឡាករថៃ សាមី បេនឆាមេក វាយលើប្រភេទទម្ងន់ ៧២គីឡូក្រាម ដែលធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

Tag:
 (កីឡាប្រដាល់គុនខ្មែរ
 ធឿន ធារ៉ា
 សាមី បេឆាមេក)
© រក្សាសិទ្ធិដោយ thmeythmey.com