ជាតិ
ក្រុមសិប្បករអង្គរស្នើឱ្យក្រុមហ៊ុនពន្លឿនដំណោះស្រាយឱ្យបានឆាប់ 
លោក ប៉ាវ ស៊ីណា ប្រជុំជាមួយសហជីពក្រុមហ៊ុនអាទីហ្សង់អង្គរនាពេលកន្លងមក។ រូបភាពផ្តល់ជូនដោយ លោក ប៉ាវ ស៊ីណា
×![]()
សៀមរាប៖ ក្រុមសិប្បករ នៃក្រុមហ៊ុនសិប្បករអង្គរ (Artisans Angkor) ស្នើឱ្យក្រុមហ៊ុន ពន្លឿនដំណោះស្រាយជូនពួកគេ និងបញ្ឈប់ការព្យួរការងារបន្តទៀត ដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។
ប្រធានសហជីពក្នុងក្រុមហ៊ុនសិប្បករអង្គរ អ្នកស្រី លឹម វិច បានឱ្យដឹងថា កិច្ចប្រជុំចុងក្រោយតំណាងក្រុមហ៊ុនសិប្បកម្មដ៏ធំនេះ ស្នើសុំបន្តព្យួរការងាររយៈពេល២ខែទៀត តែខាងសិប្បករឬបុគ្គលិក បដិសេធ។ អ្នកស្រីថា ក្រុមសិប្បករនឹងទុកពេលការព្យួរការងារចុងក្រោយនៅត្រឹមខែ មេសា ប៉ុណ្ណោះ និងមិនយល់ព្រមចំពោះសំណើរព្យួរបន្តទៀតឡើយ។
អ្នកស្រី លឹម វិច ប្រាប់ថា៖« យើងចង់ឱ្យក្រុមហ៊ុនមានដំណោះស្រាយ ទោះបីគាត់បិទក៏ត្រូវគិតគូរអតីតភាពការងារដល់សិប្បករឱ្យបានឆាប់»។
ក្រុមហ៊ុនអាទីហ្សង់អង្គរ បានសម្រេចព្យួរការងារបុគ្គលិកពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០២០មក ក្រោយគ្មាន ទេសចរដោយសារបញ្ហាកូវីដ១៩។ តាមតំណាងកម្មករ ពេលព្យួរការងារដំបូង ក្រុមហ៊ុនផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន៣០ដុល្លារក្នុងមួយខែ ខណៈដែលរដ្ឋាភិបាលផ្ដល់ជូន ៤០ដុល្លារ។ ក្រោយមក ទាំងក្រុមហ៊ុន និងរដ្ឋ បានផ្ដាច់ប្រាក់ឧបត្ថម្ភនេះ ដែលធ្វើឱ្យពួកគេលែងមានចំណូលបន្តទៀត។
ជុំវិញបញ្ហានេះ ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានឱ្យដឹងថា ការព្យាយាមចង់ បន្តព្យួរការងាររបស់ក្រុមហ៊ុនអាទីហ្សង់ កំពុងបង្កការលំបាកដល់កម្មករ ឬសិប្បករ។ លោកស្នើឱ្យក្រុមហ៊ុន ធ្វើយ៉ាងណាបញ្ជាក់ឱ្យច្បាស់លាស់ពីដំណើរការទៅមុខឬយ៉ាងណា។ លោក ស៊ីណា៖« បើបន្តព្យួរការងារ ក្រុមហ៊ុនត្រូវដោះស្រាយប្រាក់ឧបត្ថម្ភប្រចាំខែ តែបើមិនបន្ត សិប្បករសំណូមពរឱ្យក្រុមហ៊ុន ទូទាត់ប្រាក់អតីតភាពតាំងពីធ្វើដំបូងទាំងអស់»។
តាមការបញ្ជាក់ពីលោក ប៉ាវ ស៊ីណា លោកបានលើកករណីនេះទៅពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែរ។ លោកស្រី ភឿង សកុណា ប្រាប់ថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធកំពុងពន្លឿនដោះស្រាយករណីនេះហើយ។ ក្នុងនោះ លោកស្រីស្នើឱ្យកម្មកររក្សាភាពអត់ធ្មត់ និងទុកលទ្ធភាពដល់ក្រសួងធ្វើការ។
ថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសពីការផ្តល់ប្រាក់ឧបត្ថម្ភជំនួយសង្គមដល់កម្មករលើវិស័យកាត់ដេរ កាបូប និងស្បែកជើង ខណៈដែលរោងចក្របានបិទទ្វារ។ លោក ប៉ាវ ស៊ីណា ស្នើឱ្យរដ្ឋគួរផ្តល់ប្រាក់ជំនួយ សង្គមនេះដល់កម្មករគ្រប់វិស័យ។ លោកលើកឡើងដូច្នេះថា៖« ស្នើដល់រដ្ឋាភិបាល ក្រសួងការងារ ក្រសួងហិរញ្ញវត្ថុ ក្នុងការពិនិត្យផ្តល់ជំនួយមូលនិធិសង្គមនេះ បានទៅដល់កម្មករគ្រប់វិស័យទាំងអស់ មិនផ្តោតលើវិស័យកាត់ដេរ កាបូប ស្បែកជើងទេ តែគ្រប់វិស័យ ទាំងអស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នករងផលប៉ះពាល់ សិប្បករអាទីហ្សង់ ដែលប៉ះពាល់ប្រាក់ចំណូល សូមឱ្យដូចៗគ្នាទាំងអស់ ដើម្បីឱ្យគាត់មានលទ្ធភាពដោះស្រាយជីវភាព»។
តាមការបញ្ជាក់ពីអ្នកស្រី លឹម វិច សិប្បករ និងបុគ្គលិក ដែលរងផលប៉ះពាល់នៅក្រុមហ៊ុនអាទីហ្សង់អង្គរ មានចំនួនជាងមួយពាន់នាក់។ ពួកគេភាគច្រើនពុំទាន់មានការងារធ្វើឡើងនៅ ក្រោយក្រុមហ៊ុនព្យួរការងារជិត៣ឆ្នាំមកនេះ៕
Tag:
សិប្បករ
Artisans Angkor
© រក្សាសិទ្ធិដោយ thmeythmey.com