ជាតិ
កម្ពុជា​ នាំចេញអង្ករបានជិត១០ម៉ឺនតោន នៅដើមឆ្នាំ ២០២៣
18, Mar 2023 , 8:20 pm        
រូបភាព
រូបភាព៖ អង្ករ៉ាយស៍-Angkorice
រូបភាព៖ អង្ករ៉ាយស៍-Angkorice
ភ្នំពេញ៖ រយៈពេល ២ខែដើមឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករជិត១០ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ចំនួន ៧២.៦៧លានដុល្លារ។ នេះបើយោងតាមទិន្នន័យ របស់សហព័ន្ធស្រូវអង្កកម្ពុជា។


 
សហព័ន្ធស្រូវអង្កកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនចំនួន ៤០ កំពុងធ្វើការយ៉ាងមមាញឹកលើការនាំចេញអង្ករ ទៅកាន់អន្តរជាតិ។ ក្នុងរយៈពេល ២ខែដើមឆ្នាំនេះ កម្ពុជាសម្រេចបានការនាំចេញអង្ករជិត ១០ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ៧២.៦៧លានដុល្លារ។ ចំពោះ ខែកុម្ភៈ កម្ពុជា នាំចេញអង្ករបានជាង ៦ម៉ឺនតោន ដែលបានចំណូល ៤១.១៥លានដុល្លារ។
 
ទិសដៅសំខាន់ក្នុងការនាំចេញអង្កររបស់កម្ពុជា គឺមាន ៣៨ប្រទេស ក្នុងនោះចិន និងតំបន់ស្វយ័តហុងកុង ចំនួន ៤៩ ០៥៦ តោន ឬស្មើនឹង ៥០ភាគរយ គិតជាទឹកប្រាក់ ចំនួន ៣៣.៩៣ លានដុល្លារ។ អ៊ឺរ៉ុបចំនួន ២១ ប្រទេស បានចំនួន ៣៨ ៤៥៦ តោន គិតជាទឹកប្រាក់មានចំនួន ២៧.២៦ លានដុល្លារ។
 
ម៉ាឡេស៊ី និងសិង្ហបូរីចំនួន ៤ ៤០៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣.០២ លានដុល្លារ និងប្រទេសផ្សេងៗ នៅអាហ្វ្រិក អូស្ត្រាលី មជ្ឈឹមបូព៌ា តួគី រុស្សី អាមេរិក និងបណ្តាប្រទេសផ្សេងៗ បានចំនួន ៥ ៥៤៦ តោន គិតជាទឹកប្រាក់មានចំនួន ៨.១៤ លានដុល្លារ។ 
 
សម្រាប់ អង្ករក្រអូបប្រណិត ដែលមានពូជស្រូវផ្ការំដួល ត្រូវបាននាំចេញចំនួន ៤៩ ៣៨១តោន អង្ករសែនក្រអូបចំនួន ៣៦ ៤៩៥តោន អង្ករសចំនួន ៦ ៤៦១តោន អង្ករចំហុយចំនួន ២ ៨៩០តោន និងអង្ករសរីរាង្គចំនួន ២ ២៨៤តោន។ ក្នុងរយៈពេល ២ខែនេះដែរ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ៨៧១ ៣១៩តោន ដែលគិតជាទឹកប្រាក់ប្រមាណ ជា ២១៧.៨២ លានដុល្លារ៕
 
 

Tag:
 កសិកម្ម
  ស្រូវ
  អង្ករ
  សហព័ន្ធស្រូវអង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com