សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អតិផរណានៅអាហ្សង់ទីនមានលើស១០០ភាគរយ
19, Mar 2023 , 9:29 am        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
ជាលើកដំបូងក្នុងរយៈពេលជាង៣០ឆ្នាំ អតិផរណានៅក្នុងប្រទេសអាហ្សង់ទីនបានកើនលើស ១០០ភាគរយ ដែលជាសញ្ញាណបង្ហាញថារដ្ឋាភិបាលបានបរាជ័យក្នុងការគ្រប់គ្រងការកើនឡើងតម្លៃទំនិញ។

ទីភ្នាក់ងារស្ថិតិជាតិរបស់ប្រទេសអាហ្សង់ទីន (INDEC) បានឱ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅក្នុងខែកុម្ភៈបានកើនឡើងចំនួន ១០២,៥ភាគរយបើធៀបទៅគ្រាដូចគ្នានៅឆ្នាំមុន។ អត្រានេះស្ថិតក្នុងចំណោមសន្ទស្សន៍ខ្ពស់បំផុតក្នុងពិភពលោក។
 
បើធៀបនឹងខែមុន អតិផរណាក្នុងប្រទេសនេះមាន ៦,៦ភាគរយ។ អាហារ និងភេសជ្ជៈស្ថិតក្នុងចំណោមអត្រាកើនខ្ពស់ជាងគេបំផុតដោយមានសន្ទស្សន៍ ៩,៨ភាគរយនៅក្នុងខែកុម្ភៈធៀបនឹងខែមុន ហើយតាមពីក្រោយដោយទំនិញនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន-ទំនាក់ទំនង និងភោជនីយដ្ឋាន-សណ្ឋាគារជាដើម។
 
ប្រទេសមានសេដ្ឋកិច្ចធំជាងគេទីបីរបស់អាម៉េរិកឡាទីន កំពុងវិលត្រលប់ទៅក្នុងវិបត្តិហិរញ្ញវត្ថុ និងសង្គមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ថ្មីៗនេះ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតដោយសាររងឥទ្ធិពលពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ ប្រទេសនេះបានទទួលរងនូវអតិផរណាលើស ៤ភាគរយ រយៈពេល ១៣ខែជាប់ៗគ្នា។  
 
ដើម្បីដោះស្រាយអតិផរណា និងការពារប្រាក់ប៉េសូពីការធ្លាក់ថ្លៃ រដ្ឋបាលរបស់ប្រធានាធិបតី Alberto Fernandez បានអនុវត្តគោលនយោបាយគាំទ្រអត្រាប្តូរប្រាក់សម្រាប់វិស័យមួយចំនួន ដើម្បីជួយអាជីវកម្មក្នុងវិស័យទាំងនេះ ក្នុងការទិញប្រាក់ដុល្លារក្នុងតម្លៃថោកជាងទីផ្សារ។
 
រដ្ឋមន្ត្រីសេដ្ឋកិច្ចថ្មីរបស់ប្រទេសនេះ លោក Sergio Massa កំពុងដំណើរការការប្រយុទ្ធប្រឆាំងនឹងអតិផរណាជាមួយនឹងវិធីសាស្រ្តដែលទំនើបជាងមុន។ ទាក់ទងនឹងការដំឡើងអត្រាការប្រាក់ រដ្ឋមន្ត្រីរូបនេះបានសន្យាថា នឹងមិនស្នើសុំឱ្យធនាគារកណ្តាលបោះពុម្ពប្រាក់បន្ថែមទៀតដើម្បីបម្រើការចំណាយសាធារណៈនៅឆ្នាំនេះនោះទេ។ 
 
មិនត្រឹមតែអាហ្សង់ទីនទេ ប្រទេសជាច្រើននៅជុំវិញពិភពលោកក៏កំពុងជួបវិបត្តិតម្លៃរស់នៅដែរ។ តួលេខផ្លូវការចុងក្រោយដែលចេញផ្សាយដោយវេណេស៊ុយអេឡាគឺចាប់ពីខែតុលាឆ្នាំមុន ជាមួយនឹងអតិផរណា ១៥៥ភាគរយ។ នៅប្រទេសលីបង់ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់បានកើនឡើង ១២៤ភាគរយក្នុងខែមករា។ អតិផរណានៅហ្ស៊ីមបាវ៉េក្នុងខែមករាក៏បានកើនឡើងដល់ ១០១,៥ភាគរយផងដែរ៕
 

Tag:
 អាហ្សង់ទីន
  អតិផរណា
© រក្សាសិទ្ធិដោយ thmeythmey.com