ជាតិ
ប្រវត្តិផ្លូវបុរាណខ្មែរ មុនសម័យអង្គរ
18, Mar 2023 , 9:00 pm        
រូបភាព
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអជ្ញាធរជាតិអប្បរា ពន្យល់ពី ប្រវិត្តផ្លូវបុរាណខ្មែរ ក្នុងវេទិកាពិភាក្សាពីបណ្តាញគមនាគមនីខ្មែរនាសម័យអង្គរ។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអជ្ញាធរជាតិអប្បរា ពន្យល់ពី ប្រវិត្តផ្លូវបុរាណខ្មែរ ក្នុងវេទិកាពិភាក្សាពីបណ្តាញគមនាគមនីខ្មែរនាសម័យអង្គរ។
សៀមរាប៖ ផ្លូវបុរាណខ្មែរ បានកកើត បន្ទាប់ពីមនុស្សចាកចេញ ពីរូងភ្នំ ហើយមកតាំងលំនៅលើទីវាល។ នាសម័យមុនអង្គរ មនុស្សបង្កើតផ្លូវក្នុងគោលបំណងស្វែងរកទឹក ដើម្បីយកមកប្រើប្រាស់ក្នុងសហគមន៍។ ក្រោយមក ផ្លូវក៏ចាប់ផ្តើមវិវត្តន៍កាន់តែធំ។ សហគមន៍ បានក្លាយជារដ្ឋ នាអំឡុងដើមគ្រិស្តសករាជផងដែរ។

 
ក្នុងវេទិកាពិភាក្សាពីបណ្តាញគមនាគមន៍ខ្មែរនាសម័យអង្គរ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអជ្ញាធរជាតិអប្សរា បានបកស្រាយទាក់ទងប្រវត្តិផ្លូវបុរាណ ពោលគឺចាប់ពីមុនសម័យអង្គរមក។ សហគមន៍ត្រូវបានផ្លាស់ប្តូរទៅជារដ្ឋ ប្រហែលចាប់ផ្តើមឡើងអំឡុងនៃដើមគ្រិស្តសករាជ។ នៅពេលផុតពីបុរេប្រវត្តិ ខ្មែរបានកកើតក្នុងយុគសម័យជាច្រើន ដូចជាសម័យយុគថ្ម សម័យយុគដែក ជាដើម។ នាសម័យនោះ រដ្ឋខ្មែរទំនាក់ទំនងផ្លូវទឹក អរិយធម៌ និងអ្នកដំណើរឥណ្ឌា។ 
 Road Networks and Spean_Kh
 
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអជ្ញាធរជាតិអប្សរា បញ្ជាក់ដូច្នេះ៖ «យើងទទួលឥទ្ធិពលឥណ្ឌានៅដើមគ្រិស្តសករាជ។ នៅពេលយើងឆ្លងអរិយធម៌ពីគេ ពេលនោះហើយដែរយើងវិវត្តន៍ទៅជានគររបស់ខ្លួន។ នគរតូចៗជាច្រើន ក៏ចាប់ផ្តើមលេចឡើង នៅក្នុងទឹកដីខ្មែរទាំងមូល។»
 
នគរ ដែលកកើតទាំងនោះ ត្រូវបានតភ្ជាប់គ្នាតាមបណ្តាញផ្លូវបុរាណ។ ជាពិសេស ការធ្វើជំនួញរវាងកម្ពុជា ជាមួយប្រទេសឥណ្ឌា និងប្រទេសចិន ដោយកម្ពុជាស្ថិតនៅចន្លោះកណ្តាល។ នាសម័យនោះ ឥណ្ឌា និងចិន បានធ្វើជំនួញធ្វើដំណើរតាមផ្លូវទឹក ដោយឆ្លងកាត់ប្រទេសកម្ពុជា។ 
 
ខ្យល់មូសុងដែលបកពីសមុទ្រមកដីគោក និងបកពីដីគោកមកសមុទ្រ មានរយៈពេល៦ខែដូចគ្នានោះ បានធ្វើឱ្យនាវាចររបស់ប្រទេសទាំងពីរ ចុះសំចតនៅដែនដីខ្មែរ។ អំឡុងពេលនាវាចរ ចុះចតប្រាស្រ័យទាក់ទងគ្នារវាងប្រទេសខាងក្រៅ និងខាងក្នុង ក៏ចាប់ផ្តើមកើតមានផងដែរ ដូចជាការផ្លាស់ប្តូរ អរិយធម៌ ប្រពៃណី ក៏ដូចជាអរិយធម៌ជាដើម៕

Tag:
 ThmeyThmey
  ផ្លូវបុរាណខ្មែរ
  លោក អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com