អន្តរជាតិ
សារធាតុអ៊ុយរ៉ាញ៉ូម ២,៥ តោនដែលបាត់នៅលីប៊ី ត្រូវបានរកឃើញវិញ 
រូបភាព AP
×![]()
ធុងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមមួយចំនួន ដែលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ត្រូវបានរាយការណ៍ថាបាត់ពីកន្លែងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ត្រូវបានរកឃើញវិញហើយ។ នេះបើតាមមេបញ្ជាការផ្នែកទំនាក់ទំនងភាគខាងកើតលីប៊ី ឧត្តមសេនីយ៍ Khaled al-Mahjoub។
កាលពីថ្ងៃទី១៥ ខែមីនា IAEA បានរាយការណ៍ថា សារធាតុអ៊ុយរ៉ាញ៉ូមធម្មជាតិ ត្រូវបានបាត់ពីទីកន្លែងដែលបានទុកពីមុន ហើយការណ៍នេះបានបង្កជាហានិភ័យនុយក្លេអ៊ែរ និងការបង្កើតជាអាវុធផ្សេងៗ។
យ៉ាងណាមិញ ឧត្តមសេនីយ៍ Khaled al-Mahjoub បានលើកឡើងលើគេហទំព័រ Facebook របស់លោកថា ធុងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមត្រូវបានរកឃើញវិញ នៅប្រមាណចម្ងាយ៥គីឡូម៉ែត្រ ពីកន្លែងដែលបានរក្សាទុកនៅតំបន់ Sabha ដែលស្ថិតនៅភាគខាងត្បូងប្រទេស។ «ស្ថានភាពស្ថិតក្រោមការគ្រប់គ្រង។ IAEA ក៏ត្រូវបានជម្រាបផងដែរ»។ លោក Mahjoub ប្រាប់ទីភ្នាក់ងារ AFP បែបនេះ។ លោក Mahjoub ក៏បានបង្ហោះវីដេអូដែលបង្ហាញ ពីបុរសម្នាក់នៅក្នុងឈុតការពាររាប់ធុងពណ៌ខៀវចំនួន១៨ ដែលជាចំនួនសរុបដែលរក្សាទុក នៅកន្លែងដើម។ ឧត្តមសេនីយរូបនេះបានណែនាំថា ធុងទាំងនោះត្រូវបានលួច ហើយបន្ទាប់មកត្រូវបានបោះបង់ចោលដោយបក្សពួកឆាដ ដែលពួកគេគិតថាវាជាអាវុធ ឬគ្រាប់រំសេវ។
ការរកឃើញខាងនេះ ជាលទ្ធផលនៃការត្រួតពិនិត្យដែលបានគ្រោងទុកដំបូងសម្រាប់ឆ្នាំមុន ដែលត្រូវពន្យារពេលដោយសារតែស្ថានភាពសន្តិសុខក្នុងតំបន់ហើយទីបំផុត ត្រូវបានអនុវត្ត នៅថ្ងៃទី១៤ ខែមីនា។ IAEA បានបញ្ជាក់ថា ពួកគេបានត្រួតពិនិត្យទីតាំងជាប្រចាំតាមរយៈរូបភាពផ្កាយរណបពាណិជ្ជកម្ម និងព័ត៌មានប្រភពបើកចំហផ្សេងទៀត។
នៅលើបណ្ដាញសង្គម Facebook លោក Mahjoub បាននិយាយថា បន្ទាប់ពីការត្រួតពិនិត្យ បង្ហាញពីការបាត់សារធាតុអ៊ុយរ៉ាញ៉ូម កងកម្លាំងពាក់ព័ន្ធ Haftar ក៏បានរកឃើញធុងទាំង នោះ។ គួរបញ្ជាក់ថា លីប៊ី បានជាប់គាំងក្នុងវិបត្តិចាប់តាំងពីការផ្តួលរំលំរបស់មេដឹកនាំផ្តាច់ការ លោក Moamer Kadhafi នៅក្នុងការបះបោរដែលគាំទ្រដោយសម្ព័ន្ធយោធាណាតូ ក្នុងឆ្នាំ២០១១ ជាមួយនឹងកងជីវពលជាច្រើន បង្កើតសម្ព័ន្ធភាពប្រឆាំងដែលគាំទ្រដោយមហាអំណាចបរទេស។ ប្រទេសអាហ្វ្រិកខាងជើងមួយនេះ នៅតែបែកគ្នារវាងរដ្ឋាភិបាលបណ្ដោះអាសន្ន នៅក្នុងរដ្ឋ ធានី Tripoli នៅភាគខាងលិច និងមួយទៀត នៅភាគខាងកើតដែលគាំទ្រដោយក្រុម Haft៕
© រក្សាសិទ្ធិដោយ thmeythmey.com