អន្តរជាតិ
ប្រមុខការទូតឥណ្ឌាថា ស្ថានភាពចិន-ឥណ្ឌានៅតំបន់ហិម៉ាល័យមានភាពផុយស្រួយ និងគ្រោះថ្នាក់
18, Mar 2023 , 5:00 pm        
រូបភាព
លោក S Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា។ រូបភាព AFP
លោក S Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក S Jaishankar នៅថ្ងៃទី១៨ ខែមីនា បានអះអាងថា ស្ថានភាពរវាងឥណ្ឌា និងចិននៅតំបន់ហិម៉ាល័យខាងលិចមានភាពផុយស្រួយ និងគ្រោះថ្នាក់ ខណៈកម្លាំងយោធាខ្លះ ត្រូវបានពង្រាយនៅកៀកគ្នា។

 
ជម្លោះព្រំដែនរវាងចិន និងឥណ្ឌា នៅតែមិនទាន់ភាពល្អប្រសើរនៅឡើយ ដោយកម្លាំងយោធាប្រទេសទាំងពីរបន្តប្រឈមមុខដាក់គ្នា។ កន្លងមក យោធាប្រទេសជិតខាងទាំងពីរ បានជួបគ្នាជាច្រើនលើក ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ក្រោយពីមានការប៉ះទង្គិចគ្នា។ 
 
«តាមគំនិតរបស់ខ្ញុំ  ស្ថានភាពព្រំដែន នៅតែមានភាពផុយស្រួយ ដោយសារតែកន្លែងមួយចំនួន ដែលយើងបានពង្រាយយោធា គឺមានចម្ងាយជិតគ្នា ដែលអាចបង្កឱ្យមានគ្រោះថ្នាក់»។ លោក S Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានបញ្ជាក់បែបនេះ នៅវេទិកា India Today ក្នុងថ្ងៃទី១៨ ខែមីនា។ 
 
ប្រមុខការទូតឥណ្ឌារូបនេះ បានបន្ថែមផងដែរថា​ ប្រទេសទាំងពីរ មិនអាចបំពានសន្តិភាព និងភាពស្ងៀមស្ងាត់បានទេ ហើយភាគីចិន មិនអាចបំពានកិច្ចព្រមព្រៀង និងចង់ឱ្យទំនាក់ទំនងប្រទេសទាំងពីរវិលទៅរកភាពធម្មតាដូចមុនឆ្នាំ២០២០បានឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ទំនាក់ទំនងឥណ្ឌា-ចិន មានភាពល្អក់កករខ្លាំង ក្រោយយោធាទាំងពីរ បានបះទង្គិចគ្នានៅក្នុងឆ្នាំនោះ ដែលបង្កើតឱ្យទាហានឥណ្ឌាស្លាប់យ៉ាងហោចណាស់ ២៤នាក់។ ចំណែកចិន បានអះអាងថា យោធាខ្លួនចំនួន ៤នាក់ បានបាត់បង់ជីវិត។ 
 
នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) លោក Jaishankar ក៏បានលើកបញ្ហាព្រំដែនជជែកជាមួយសមភាគីចិន លោក ឈីន កាងដែរ៕

Tag:
 (ចិន
  ឥណ្ឌា)
© រក្សាសិទ្ធិដោយ thmeythmey.com