កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សម្តេច ទៀ បាញ់ ស្នើអ្នកពាក់ព័ន្ធរួមគ្នាផ្តល់បដិសណ្ឋារកិច្ចល្អក្នុងព្រឹត្តិការណ៍ស៊ីហ្គេម 
សម្ដេច ទៀ បាញ់ ថ្លែងសិក្ខាសាលាថ្នាក់ជាតិស្ដីពី «ការត្រៀមរៀបចំកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម» រូបពី Cambodia 2023
×![]()
សម្ដេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) បានស្នើឱ្យពាក់ព័ន្ធ រួមគ្នាផ្តល់ស្នាមញញឹម និងភាពរួសរាយរាក់ទាក់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ សម្រាប់ សម្តេច ទៀបាញ់ ការផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅនេះ នឹងបញ្ជាក់ថាពលរដ្ឋកម្ពុជា ពិតជាស័ក្ដិសមជាប្រជាជនមួយមានអរិយធម៌ខ្ពង់ខ្ពស់ រុងរឿង និងស៊ីវិល័យជឿនលឿនផង ហើយក៏នឹងផ្ដល់គុណតម្លៃជាតិដល់ព្រឹត្តិការណ៍ទាំងពីរផង។
សម្តេច ទៀ បាញ់ ថ្លែងបែបនេះនៅក្នុងសិក្ខាសាលា ស្ដីពីការត្រៀមរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី១៨ ខែមីនានេះ នៅទីស្នាក់ការក្រសួងការពារជាតិ។ សិក្ខាសាលានេះ រៀបចំឡើង ដើម្បីផ្សព្វផ្សាយនិងផ្ដល់ព័ត៌មាន ដល់អ្នកពាក់ព័ន្ធ ឱ្យយល់ច្បាស់ពីខ្លឹមសារសំខាន់នៃព្រឹត្តិការណ៍កីឡាមួយនេះ។

សិក្ខាសាលាថ្នាក់ជាតិស្ដីពី «ការត្រៀមរៀបចំកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម» រូបពី Cambodia 2023
ទំព័រហ្វេសប៊ុក Cambodia 2023 បានបន្តចុះផ្សាយអនុសាសន៍ ដែលប្រធាន CAMSOC-CAMAPGOC មានប្រសាសន៍ក្នុងសិក្ខាសាលានេះទៀតថា សម្តេច ទៀ បាញ់ ក៏បានជំរុញឱ្យមានការប្រើប្រាស់ យន្ដការទំនាក់ទំនងជាស្មារតីគ្រួសារស៊ីហ្គេម ការយោគយល់ និងឈឺឆ្អាលការងារគ្នា ពិសេសការរួបរួមសាមគ្គីគ្នា ធ្វើជាការជាក្រុម ដើម្បីបង្កើតសុខុដុមនីយកម្មការងារ ឆ្ពោះទៅរកប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ការក្ដាប់ព័ត៌មាន និងយល់ច្បាស់ពីកម្មវិធីនីមួយៗ ទីតាំងប្រារព្ធពិធី ដំណើរការកម្មវិធី និងយល់ច្បាស់ពីខ្លឹមសារកម្មវិធីនីមួយៗ ក៏ជាអនុសាស្ត្រដែលត្រូវបានលើកឡើងដោយ សម្តេច ទៀ បាញ់ដែរ។ លើសពីនេះទៀត ប្រធាន CAMSOC-CAMAPGOC ទទូចឱ្យអ្នកពាក់ព័ន្ធរួមគ្នា ចៀសវាងដាច់ខាតការបង្កជម្លោះ បង្កើត និងប្រឌិតបញ្ហា ការឈ្លោះប្រកែកគ្នាដែលធ្វើឱ្យអាប់អួរបរិយាកាសការងារ បាត់បង់ទំនាក់ទំនងល្អ និងប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រពៃណីជាតិ។
សម្តេច ទៀ បាញ់ ក៏អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ“Games Stakeholders” ចូលរួមលះ បង់កម្លាំងកាយចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួនមួយចំនួន ដើម្បីជាតិ ដើម្បីផ្ដោត ស្មារតីអត់ធ្មត់ព្យាយាម និងខិតខំបំពេញការងារឱ្យទទួលបានជោគជ័យទាំងអស់គ្នា។ ការចូលរួមផ្សព្វផ្សាយឱ្យបានផុសផុល ពីបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ ជុំវិញការ ត្រៀមខ្លួនរួចរាល់របស់កម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ក៏ជាចលករដ៏សំខាន់ដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកអាស៊ានប៉ារ៉ាហ្គេម កីឡាសម្រាប់អត្ដពលិកពិការភាព នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕
© រក្សាសិទ្ធិដោយ thmeythmey.com