ជាតិ
ជប៉ុនផ្ដល់ហិរញ្ញប្បទានជិត១៥ម៉ឺនដុល្លារ សម្រាប់សង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាកែវ
19, Mar 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណងជិត១៥ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅស្រុកបាទី ខេត្តតាកែវ។ គម្រោងថ្មីនេះ នឹងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋក្នុងតំបន់ ៨ពាន់នាក់ និងសិស្ស ១ពាន់នាក់ បានឱកាសសិក្សាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល។

 រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ១៤៥,៦៩២ដុល្លារ សម្រាប់គម្រោងដែលនឹងអនុវត្តដោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ ក្នុងការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍មួយ នៅសាលារៀនរដ្ឋមួយ ក្នុងស្រុកបាទី ខេត្តតាកែវ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែមីនា។
 
តាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសនិ្តសុខមនុស្សជាតិនេះ លោក អ៊ូអិណុ  អាត់ស៊ូស៊ី  ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានរំពឹងថា គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋប្រមាណ ៨ពាន់នាក់ និងសិស្សប្រមាណ ១ពាន់នាក់ នៅក្នុងស្រុកបាទី ដែលអនុញ្ញាតឱ្យពួកគេបានសិក្សាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល។
 


លោក រីករាយនៅពេលឃើញកម្ពុជា មានភាពរីកចម្រើន។ ទន្ទឹមនេះ ជប៉ុន ប្ដេជ្ញាចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង ជំនួយគូសាណូណិ ផងដែរ។ លោក អ៊ូអិណុ  អាត់ស៊ូស៊ី  ថ្លែងដូច្នេះថា៖« ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ ជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង ជំនួយគូសាណូណិ ផងដែរ»។
 


គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩១មក រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា។ គូសាណូណិ មានន័យថា «ឬសស្មៅ» ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកក្នុងគម្រោងចំនួន ៧០៧ នៅទូទាំងប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណង គូសាណូណិ៕
 

Tag:
 ជប៉ុន
  មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com