ជាតិ
លោក សុខ វិជ្ជា ចង់រៀបចំផ្សារលក់រុក្ខជាតិលម្អនៅភ្នំពេញដើម្បីផ្សព្វផ្សាយរុក្ខជាតិ 
×![]()
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ លោក សុខ វិជ្ជា អ្នកបច្ចេកទេសនិងស្រាវជ្រាវពីរុក្ខជាតិកម្ររបស់កម្ពុជា គ្រោងរៀបចំផ្សារលក់រុក្ខជាតិតាំងលម្អដើម្បីជួយផ្សព្វផ្សាយ និងលើកស្ទួយឱ្យប្រជាជនក្នុងស្រុកស្រលាញ់ធម្មជាតិកាន់តែច្រើន និងអាចក្លាយជាផ្សារទេសរចរណ៍រុក្ខជាតិសម្រាប់ជនបរទេស ដែលចូលមកទស្សនាប្រទេសកម្ពុជាផងដែរ។
រុក្ខជាតិតាំងលម្អនេះ អាចយកមកប្រើប្រាស់សម្រាប់ដាក់តាំងនៅក្នុងបន្ទប់គេងការិយាល័យ សាលារៀន គេហដ្ឋាន និងតាមបុរីជាដើម។
បើតាម លោក សុខ វិជ្ជា ជាអ្នកបច្ចេកទេសនិងស្រាវជ្រាវពីរុក្ខជាតិកម្ររបស់កម្ពុជា វត្តមានផ្សារលក់រុក្ខជាតិលម្អនេះ មិនត្រឹមតែទាក់ទាញទេសចរនិងផ្សព្វផ្សាយរុក្ខជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជួយបន្សុទ្ធខ្យល់, បន្ធូរបន្ថយអារម្មណ៍ស្មុគស្មាញ និងអផ្សុកជាដើមសម្រាប់ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។
លើសពីនេះ វាក៏ជាសកម្មភាពកម្សាន្តមួយដែលផ្សារភ្ជាប់ការរស់នៅជាមួយនឹងធម្មជាតិ និងបង្កើនបរិយាកាសស្រស់ស្រាយផងដែរ។

បើតាមគម្រោងផ្សារលក់រុក្ខជាតិលម្អនេះនឹងចាប់ផ្តើមជាមួយនឹងតូបលក់ប្រមាណ ៥០ ដែលនឹងការដាក់លក់រុក្ខជាតិ ពី១០០ទៅ២០០ប្រភេទ រួមនឹងរុក្ខជាតិប្រភេទកម្រៗ មួយចំនួន និងរុក្ខជាតិដាំខាងក្រៅផងដែរ។ យ៉ាងណាក៏ដោយ លោក សុខ វិជ្ជា នៅមិនទាន់អាចបញ្ជាក់ពីទីតាំង និងពេលវេលាជាក់លាក់នៃការដំណើរការ ផ្សារលក់រុក្ខជាតិលម្អនេះនៅឡើយ ដោយលោកត្រូវពិភ្សា និងទទួលបានការឯកភាពពីក្រសួងកសិកម្មផងដែរ៕

Tag:
ផ្សា
រុក្ខជាតិលម្អ
សុខ វិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com