អន្តរជាតិ
រដ្ឋាភិបាលជប៉ុន៖ កូរ៉េខាងជើង បាញ់មីស៊ីលជាថ្មី ទំនងជាមីស៊ីលបាលីស្ទិក
19, Mar 2023 , 10:55 am        
រូបភាព
រូបភាព AFP
រូបភាព AFP
កូរ៉េខាងជើង បានបាញ់មីស៊ីលមួយគ្រាប់ជាថ្មី ដោយទំនងជាមីស៊ីលបាលីស្ទិក។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលជប៉ុននៅថ្ងៃទី១៩ ខែមីនា ។

 
 
តាមប្រភពរដ្ឋាភិបាលជប៉ុន កូរ៉េខាងជើង បានបាញ់វត្ថុមួយ ដែលធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន (EEZ)។ វត្ថុនេះ ត្រូវបានរដ្ឋាភិបាលជប៉ុន វាយតម្លៃថា ជាមីស៊ីលបាលីស្ទិក។ 
 
ចំណែកយោធាកូរ៉េខាងត្បូង បានអះអាងថា ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីចេញពីទិសពាយព្យនៃប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
ការបាញ់នេះ ធ្វើឡើងក្រោយកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបជាថ្មីទៅសមុទ្រខាងកើតនៅថ្ងៃទី១៦ ខែមីនា។ ការបាញ់មីស៊ីល Hwasong-17 នេះ ត្រូវបានលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងចាត់ទុកជាការបំភ័យសត្រូវ ស្របពេលកូរ៉េខាងត្បូង និងអាម៉េរិក កំពុងធ្វើសមយុទ្ធយោធាដ៏ធំជាមួយគ្នាក្នុងរយៈពេល ១១ថ្ងៃ។
 
សូមបញ្ជាក់ថា មីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-17 ជាមីស៊ីលដ៏ធំមួយរបស់កូរ៉េខាងជើង ដែលត្រូវបានជឿថា អាចវាយប្រហារបានគ្រប់កន្លែងនៅក្នុងដីអាម៉េរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com