អន្តរជាតិ
លោក បៃឌិនថា លោកពូទីនពិតជាប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ក្រោយICC ចេញដីកាចាប់ខ្លួន
19, Mar 2023 , 2:00 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១៨ ខែមីនា បានអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពិតជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ហើយដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លើលោកពូទីន គឺជារឿងត្រឹមត្រូវ។

 
 
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃទី១៨ ខែមីនា បានប្រកាសចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងការនិរទេសកុមារអ៊ុយក្រែន។ យ៉ាងណាមិញ រុស្ស៊ី មិនមែនជាភាគីនៃតុលាការអន្តរជាតិនេះឡើយ។
 
ក្រោយការប្រកាសនេះ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន យល់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពិតជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម។ 
 
«ពិតណាស់ ខ្ញុំគិតថា វាពិតជាត្រឹមត្រូវ»។ លោកបៃឌិន បានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន នៅក្នុងថ្ងៃទី១៨ ខែមីនា ដោយបន្តថា ប៉ុន្តែវាមានសំណួរនៅត្រង់ថា ដីកាចាប់ខ្លួនរបស់ ICC មិនត្រូវបានទទួលស្គាល់ដោយរុស្ស៊ី និងអាម៉េរិក។
 
រុស្ស៊ី មិនមែនជាភាគីនៃតុលាការអន្តរជាតិមួយនេះឡើយ ខណៈអាម៉េរិក ដែលមានតួនាទីចូលរួមបង្កើតតុលាការ ICC ក៏មិនមែនជាសមាជិកនៃតុលាការនេះដែរ។ 
 
តាមដីការបស់តុលាការ ICC វាតម្រូវអោយរដ្ឋសមាជិកទាំង ១២៣ អាចចាប់ខ្លួន លោកពូទីន ក្នុងករណីមេដឹកនាំរុស្ស៊ីរូបនេះជាន់ដីប្រទេសទាំងនោះ យកមកកាត់ទោស។ ទន្ទឹមនេះ តុលាការអន្តរជាតិមួយនេះ ក៏បានចេញដីកាចាប់ខ្លួន លោកស្រី Maria Lvova-Belova ស្នងការសិទ្ធិកុមាររបស់ប្រធានាធិបតីរុស្ស៊ី ជុំវិញបទចោទស្រដៀងគ្នានេះដែរ៕ 
 

Tag:
 (ICC
  អាម៉េរិក)
© រក្សាសិទ្ធិដោយ thmeythmey.com