ក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី នឹងបញ្ជូនប្រតិភូកីឡាចំនួន ៩១៤នាក់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
យោងលើហ្វេសបុកផ្លូវការរបស់ ក្រុមប្រឹក្សាកីឡាអូឡាំពិក នៃប្រទេសម៉ាឡេស៊ី (Olympic Council of Malaysia ឬ OCM) លោក Tan Sri Dr. Norza ប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិក នៃប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា ក្នុងចំណោមប្រតិភូទាំងនោះ មានអត្ដពលិក ចំនួន ៦៧៧នាក់ ដែលត្រៀមប្រកួតលើ ៣៤ប្រភេទកីឡា។

លោក Tan Sri Dato' Sri (Dr.) Mohamad Norza Zakaria ប្រធាន OCM នៅចំកណ្ដាលប្រគល់វិញ្ញាប័ណ្ណប័ត្រ ទៅប្រតិភូកីឡា រូបពី OCM
៣៤ប្រភេទកីឡា ដែលម៉ាឡេស៊ី ដាក់អត្តពលិកប្រកួតនោះរួមមាន៖ កីឡាទឹក (លោតទឹក, ហែលទឹក, បាល់ទឹក និងហែលទឹកពាក់ជើងទា), អត្តពលកម្ម, កីឡាវាយសី, បាល់បោះ, ប៊ីយ៉ា ស្នូកឃ័រ, ប្រដាល់សកល, អុក (អុកចត្រង្គ និងអុកចិន), គ្រីឃីត, ប្រណាំងទោចក្រយាន, កីឡារាំ, កីឡាអេឡិកត្រូនិច, គុនដាវ, ហ្លរប៊ល, បាល់ទាត់, វាយកូនហ្គោល, កាយសម្ព័ន្ធ, ហុកគី, ម៉ូតូទឹក, យូដូ, ការ៉ាតេ, យុទ្ធគុនចម្រុះ (ជឺជិតស៊ូ និងឃីកបុកសីង), កីឡាឧបសគ្គ, បញ្ចសីលា, ប៉េតង់, ទូកក្តោង, សីដក់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, វាយកូនបាល់, ប្រណាំងទូកប្រពៃណី, ទ្រីយ៉ាត្លុង, បាល់ទះ, លើកទម្ងន់ និងកីឡាវូស៊ូ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងចាប់ផ្ដើមថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ធ្វើនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕