ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ដើរតាមក្តីស្រមៃ លោក វឿន យ៉ុងអាន ខ្នះខ្នែងសិក្សាជំនាញ​វិទ្យាសាស្ត្រ ហើយ​បើក​ក្រុមហ៊ុនរ៉ូបូតិក​
19, Mar 2023 , 3:40 pm        
រូបភាព
លោក វឿន យ៉ុងអាន ស្ថាបនិក ARM Robtics ។ រូបភាព៖ លោក វឿន យ៉ុងអាន
លោក វឿន យ៉ុងអាន ស្ថាបនិក ARM Robtics ។ រូបភាព៖ លោក វឿន យ៉ុងអាន
ភ្នំពេញ៖ ការស្រលាញ់ និងក្តីស្រមៃក្លាយជាអ្នកវិទ្យាសាស្ត្រ បានក្លាយជាកម្លាំងជំរុញចិត្តឱ្យ លោក វឿន យ៉ុងអាន ឃ្មាតខ្មីសិក្សាមិននឿយហត់ទាំងនៅប្រទេសកម្ពុជា និងនៅបរទេស ក្នុងជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ លោក វឿន យ៉ុងអាន មានបរិញ្ញាបត្រ២ គឺជំនាញវិស្វកម្មមេកាត្រូនិក និងជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងឧស្សាហកម្មផលិតកម្ម ព្រមទាំងបានបញ្ចប់ ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យសាស្រ្តកុំព្យូទ័រ ផ្តោតលើជំ​នាញរ៉ូបូតិក នៅប្រទេសរុស្ស៊ី។ នៅឆ្នាំ២០១៩ លោកបានត្រឡប់មកកម្ពុជាវិញ ដោយបានធ្វើ​ការទាក់ទងនឹងជំនាញរបស់ខ្លួន មុននឹងបង្កើតក្រុមហ៊ុន ARM Robotics នៅចុងឆ្នាំ២០​២១។ ARM Robotics ជាក្រុមហ៊ុនផ្តល់សេវាកម្មរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្ម Robotics ដំបូងគេបង្អស់នៅ​កម្ពុជា សម្រាប់សិប្បកម្ម ឧស្សាហកម្ម។

 
ក្តីស្រមៃ និងការស្រលាញ់ គឺជាកម្លាំងជំរុញឱ្យយុវជន វឿន យ៉ុងអាន ខ្នះខ្នែងរៀនសូត្រមិន​នឿយហត់ រហូតបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅប្រទេសរុស្ស៊ី និងក្លាយជាសាស្ត្រាចារ្យជំនាញរ៉ូបូតិក និងបញ្ញាសិប្បនិម្មិតនៅសាកលវិទ្យាល័យខេមតិច។ លោក វឿន យ៉ុងអាន ក៏ជាស្ថាបនិក​ក្រុមហ៊ុនមួយដែលផ្តល់សេវាកម្មរៀបចំប្រព័ន្ធស្វ័យ ប្រវត្តិកម្ម Robotics ដំបូងគេបង្អស់នៅកម្ពុជា សម្រាប់សិប្បកម្ម ឧស្សាហកម្ម។
 

លោក វឿន យ៉ុងអាន នាពេលទៅដល់សាលា Ufa State Aviation Technical University 
 
កើតក្នុងឆ្នាំ១៩៩៥ នៅស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងគ្រួសារដែលមានឪពុកជាគ្រូបង្រៀន និងម្តាយជាមេផ្ទះ កុមារ វឿន យ៉ុងអាន ជាអ្នកដែលឧប​និ​ស្ស័យ​ជាខ្លាំងលើបច្ចេកវិទ្យា ដោយ​រូបគេចូលចិត្តតាមដានកម្មវិធីទូរទស្សន៍ដែលនិយាយពីបច្ចេកវិទ្យាទំនើបៗ និងកែច្នៃរបស់លេងដែលមានឧបករណ៍អេឡិចត្រូនិក។ លោក យ៉ុងអាន រំឭកទិដ្ឋភាពនេះទាំងសើចកក្អឹកដូច្នេះ៖  «តាំងពីក្មេងចូលចិត្តធ្វើនេះធ្វើនោះ ធ្វើកាណូត ធ្វើកូនឡាន ចូលចិត្តធ្វើលេង។ ខ្ញុំស្រលាញ់តាំងពីក្មេងមកម៉្លេះ! ម៉ែឪគេចូលចិត្តទិញកូនឡានឱ្យកូន តែម៉ែឪខ្ញុំ មិនងាយទិញឱ្យទេ។ អ៊ីចឹងមានតែធ្វើខ្លួនឯង ហើយបើទិញមក លេងមិនបានលើសពី ២ថ្ងៃទេ ខ្ញុំដោះខ្ទេច ដោះសល់តែម៉ូទ័រឡាន ព្រោះមិនចូលចិត្តលេងធម្មតា វារាងធុញ»។ 
 
កុមារ វឿន យ៉ុងអាន បានប្តូរមករស់នៅក្រុងសៀមរាប ជាមួយជីដូននៅអាយុ១៣ឆ្នាំ ដើម្បីបន្តការសិក្សា​ នៅវិទ្យាល័យ២៨មករា។ ដោយបានដឹងច្បាស់ ពីជំនាញដែលខ្លួនស្រលាញ់ហើយនោះ យ៉ុងអាន បានសម្រួចចំណេះដឹងរបស់ខ្លួនតម្រង់ឆ្ពោះទៅរកការប្រឡងចូលសិក្សាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ​(ITC) តែម្តងក្រោយ​ជាប់និទ្ទេស B ពីការប្រឡងបាក់ឌុប​ក្នុងឆ្នាំ២០១២។ ទន្ទឹមនឹងនេះ យ៉ុងអាន​ ក៏បានទទូចអង្វរឪពុកម្តាយ ដើម្បីចូលរៀនជំនាញបច្ចេកវិទ្យាដែលខ្លួនស្រឡាញ់នេះដែរ ដ្បិតថាលោកទាំងទ្វេ ខ្លាចកូនពិបាករកការងារធ្វើក្រោយបញ្ចប់ការសិក្សា។ «ចប់វិទ្យាល័យមកដឹងតែម្តងថា ចង់រៀននៅសាលាតិចណូ ហើយអ្នកផ្ទះគាត់មិនស្គាល់តិចណូដែរ តែគាត់ថាសំណង់ គាត់មិនឱ្យរៀនទេ ព្រោះមើលទៅពិបាកណាស់។ អ្នកផ្ទះគាត់ចង់ឱ្យរៀនពេទ្យ តែខ្ញុំអត់ស្រលាញ់។ កាលនោះជម្នះគាត់ដែរ ព្រោះគាត់អត់ស្គាល់ជំនាញនេះ តែគាត់ជឿជាក់លើខ្ញុំ ហើយទោះបីឃាត់ ក៏មិនកើត អ៊ីចឹងមានតែគាំទ្រវិញ»។ លោក យ៉ុងអាន បានរៀបរាប់ឡើងដូច្នេះ។


លោក វឿន យ៉ុងអាន ជាមួយអ្នកគ្រូបង្រៀនភាសារុស្ស៊ី និងមិត្តរួមថ្នាក់ ក្នុងឆ្នាំសិក្សាភាសា។ រូបភាព៖ លោក វឿន យ៉ុងអាន 

ស៊ូជិះកង់ជំនួសម៉ូតូ ដើម្បីទុកលុយបង់ថ្លៃសាលាអង់គ្លេស

ក្រោយឪពុកម្តាយយល់ព្រម យុវជន យ៉ុងអាន បានលាស្រុកកំណើតមកបន្តការសិក្សានៅភ្នំពេញនាឆ្នាំ២០១២ ដោយបានជួលបន្ទប់ស្នាក់នៅជាមួយមិត្តមកពីវិទ្យាល័យ៥នាក់ នៅម្តុំផ្សារដេប៉ូ។ ដើម្បីប្រឡងចូលសាលាដែលខ្លួនស្រលាញ់ យ៉ុងអាន ត្រូវខ្នះខ្នែងរៀនត្រៀមបន្ថែមលើមុខវិជ្ជាដែលមានក្នុងវិញ្ញាសា និងដើម្បីប្រជែងយកឈ្នះលើបេក្ខជនជាច្រើនទៀតដែលមកពី បណ្តាខេត្ត-រាជធានីផ្សេង។
 
ការប្រឹងប្រែងរបស់ យ៉ុងអាន មិនបានធ្វើឱ្យគេខកបំណងឡើយ ដោយគេបានប្រឡងជាប់ និងបានចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាដូចបំណង។ បន្ទាប់ពីនេះ យ៉ុងអាន ត្រូវខិតខំរៀនទ្វេដងនៅឆ្នាំទី១ ដើម្បីទទួលបានលំដាប់ពិន្ទុខ្ពស់ និងអាចរៀនជំនាញខ្លួនស្រលាញ់ ជាពិសេសគឺការពង្រឹងភាសាអង់គ្លេស និងភាសាបារាំង។ កត្តានេះ បានជំរុញឱ្យយុវជន យ៉ុង​អាន តស៊ូជិះកង់ទៅរៀនពីសាលាមួយ ទៅសាលាមួយ ដើម្បីក្រេបយកចំណេះដឹងទាំងអស់នេះ និងបានស្រវាស្រទេញ សុំឯកសារពីសិស្សច្បង ​រៀន​ក្រៅម៉ោងបន្ថែម ព្រមទាំងស្វ័យសិក្សាផងដែរ។

លោក វឿន យ៉ុងអាន នៅ Space Musuem នៅប្រទេសរុស្ស៊ី។ រូបភាព៖ លោក វឿន យ៉ុងអាន
 
ដើម្បីមានលទ្ធភាពរៀនភាសាបរទេស លោក យ៉ុងអាន សុខចិត្តទិញកង់ជំនួសម៉ូតូ ដោយលោកបានលើកឡើងថា៖«ព្រោះមិនមែនជាអ្នកធូរធារ ហើយថ្លៃសាលាថ្លៃ ដូច្នេះសុខចិត្តទិញកង់ ទុកលុយបង់សាលា។ ខ្ញុំប្រាប់អ្នកផ្ទះថា បើសិនយកលុយទិញម៉ូតូ វាបានតែម៉ូតូ»។ 
 
​ក្នុងមួយថ្ងៃៗ លោក យ៉ុងអាន ត្រូវធាក់កង់ជាច្រើនគីឡូម៉ែត្រ ដោយចេញពីរៀននៅសាលាតិចណូ ត្រូវទៅរៀនបន្តនៅអូរឫស្សី បន្ទាប់មកត្រឡប់មករៀនអង់គ្លេសនៅម្តុំសន្ធរម៉ុក ហើយពេលខ្លះសាលាអង់គ្លេសនៅម្តុំសម្តេចប៉ាន។ «ជិះកង់ទៅមកទៅមក ហើយសៅរ៍-អាទិត្យ មានរៀនគួរ ក៏ទៅរៀនទៀត។ ពេលខ្លះ សឹងថាបាយក៏មិនសូវមានពេលដែរ ជួនកាលជិះបណ្តើរ ហូបនំបុ័ងដាក់សាច់បណ្តើរ»។ នេះជាដំណើរវិលជុំនៃជីវិតប្រចាំថ្ងៃរបស់លោក វឿន យ៉ុងអាន អំឡុងសិក្សាឆ្នាំមូលដ្ឋាន ដែលមានម៉ោងសិក្សាប្រកៀកប្រកិតគ្នា និងសាលាឆ្ងាយពីគ្នាផងនោះ។ 
  

លោក វឿន យ៉ុងអាន អំឡុងពេលធ្វើបទបង្ហាញនៅថ្នាក់បរិញ្ញបត្រ។ រូបភាព៖ លោក វឿន យ៉ុងអាន 
 
បន្ទាប់ពីការព្យាយាមទាំងថ្ងៃទាំងយប់ យុវជន វឿន យ៉ុងអាន បានទទួលលំដាប់ពិន្ទុខ្ពស់ក្នុងចំណោមសិស្សឆ្នើមជាច្រើន ដែលអាចរើសមុខជំនាញសិក្សាបាន។ ឈានចូលឆ្នាំ២០១៤ យុវជនរូបនេះ បានឆ្លៀតពេលចូលរួមសិក្ខាសាលា និងបានឆ្លៀតពេលរៀនតាមប្រព័ន្ធអនឡាញជាមួយគ្រូជនជាតិខ្មែរ នៅបរទេសផងដែរ។ ដ្បិតមិនទាន់មានលទ្ធភាពទិញកុំព្យូទ័រ យ៉ុងអាន បានចូលកន្លែងលេងហ្គេមអនឡាញ ដើម្បីមានរៀនតាមប្រព័ន្ធអនឡាញ។ 
 
ឈានចូលឆ្នាំទី២ នៃជីវិតជានិស្សិតយុជន យ៉ុងអាន បានស្គាល់កាន់តែច្បាស់ពីជំនាញមេកាត្រូនិក ដែលពាក់ព័ន្ធនឹងរ៉ូបូត ហើយនេះជាហេតុជំរុញឱ្យលោក ស្វែងរកឱកាសប្រឡងយកអាហារូបករណ៍សិក្សាក្រៅប្រទេស។ មានក្តីស្រមៃទៅសិក្សានៅប្រទេសជប៉ុន ប៉ុន្តែដោយសារពុំមានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលោក វឿន យ៉ុងអាន បានសម្រេចចិត្តប្រឡងយកអាហារូបករណ៍នៅប្រទេសរុស្ស៉ី និងបានប្រឡងជាប់ដោយជោគជ័យ នៅឆ្នាំ២០១៤។ 
  

លោក វឿន យ៉ុងអាន អំឡុងពេលសិក្សាឆ្នាំទី៤ នៅប្រទេសរុស្ស៊ី។ រូបភាព៖ លោក វឿន យ៉ុងអាន
 
ចំពោះយុវជនរូបនេះ ការទទួលបានអាហារូបករណ៍ដោយមិនបង់ថ្លៃសិក្សា និងបានប្រាក់ប្រចាំខែមួយចំនួនតូច គឺជារឿងដែលរំភើប ដ្បិតវាបានជួយសម្រួលបញ្ហាជីវភាពច្រើន។ លើសពីនេះ លោកបានទៅដល់កន្លែងសិក្សា ដែលមានការអនុវត្តជាក់ស្តែងជាមួយគ្រឿងម៉ាស៊ីនពិតៗ។ ក្នុង១ឆ្នាំដំបូង និស្សិតខ្មែររូបនេះ ត្រូវរៀនភាសារុស្ស៉ី នៅទីក្រុង Voronezh។ នៅឆ្នាំ២០១៥ លោក  យ៉ុងអាន បានចាប់ផ្តើមសិក្សាជំនាញវិស្វកម្មមេកាត្រូនិក (Mechatronics Engineering) នៅសាកលវិទ្យាល័យ Ufa State Aviation Technical។ 
 
មានបញ្ហាភាសារុស្ស៉ី តែការកសាងទំនាក់ទំនងល្អ បានក្លាយជាដំណោះស្រាយ

សិក្សាបាន២ឆ្នាំនៅកម្ពុជា និងមានចំណេះដឹងមូលដ្ឋានច្រើន ធ្វើឱ្យនិស្សិតខ្មែររូបនេះ មិនពិបាកក្នុងការសិក្សាលំហាត់អនុវត្តឡើយ។ ​បញ្ហានោះគឺរូបគេមិនទាន់ចេះភាសារុស្ស៉ីស្ទាត់​។ ដើម្បីដោះស្រាយបញ្ហានេះ យ៉ុងអាន បានបង្កើតទំនាក់ទំនងល្អជាមួយនិស្សិតរុស្ស៉ី ដើម្បីងាយស្រួលក្នុងការសាកសួរត្រង់ចំណុចមិនសូវយល់ ឬតាមមិនទាន់គ្រូ។ ទន្ទឹមនោះ លោកក៏មានទំនាក់ទំនងល្អជាមួយលោកគ្រូក្នុងសាលាផងដែរ ដ្បិតលោកជានិស្សិតសកម្ម និងមានសមត្ថភាពខ្លាំងម្នាក់។ សាស្រ្តាចារ្យនៅទីនោះ បានជួយណែនាំ និងលើកទឹកចិត្ត យ៉ុងអាន ជាពិសេសបានជំរុញឱ្យនិស្សិតខ្មែររូបនេះ តំណាងសាលាបានចូលរួមប្រកួតប្រជែងក្នុងកម្មធំៗជាច្រើន។ «ទុនយើងខ្លាំងហើយ យើងបញ្ហាតែភាសាទេ ហើយបរទេសមានតែខ្ញុំម្នាក់ឯង អ៊ីចឹងខុសគេ។


លោក វឿន យ៉ុងអាន ជានិស្សិត ដែលតំណាងសាលាក្នុងការប្រកួត Summer School ជាមួយRoscosmos ដែលមានរយៈពេល2សប្តាហ៏។ រូបភាព៖ លោក វឿន យ៉ុងអាន

បញ្ហាខ្លះ ឱ្យសិស្សរុស្ស៊ីជួយ ព្រោះពួកគេមិនសូវពូកែខាងគណនា។ អ៊ីចឹងគេពឹងយើង ហើយយើងមិនសូវចេះភាសា ដូច្នេះវាដូចជាការដោះដូរគ្នា។ ណាមួយខ្ញុំនៅជាមួយជនជាតិរុស្ស៊ី យើងជួយគ្នាទៅវិញទៅមក»។ នេះជាការលើកឡើងរបស់លោក វឿន យ៉ុងអាន ​ដោយលោកបន្ថែមថា ទំនាក់ទំនងល្អ គឺជារឿងសំខាន់ក្នុងការរស់នៅ ជាពិសេសត្រូវចេះបើកចិត្តឱ្យទូលាយផងដែរ។ 
 
ជាជនជាតិខ្មែរ ដែលតំណាងសាលារុស្ស៉ីចូលរួមប្រកួតអូឡាំព្យា២០១៧

​បើតាមលោក វឿន យ៉ុងអាន នៅឆ្នាំ២០១៧ លោកបានតំណាងឱ្យសាលាចូលប្រកួតអូឡាំព្យា ផ្នែកApply mechanics។ នៅឆ្នាំ២០១៨ លោកក៏បានតំណាងសាលាម្តងទៀតក្នុងកម្មវិធី World Skill, Category High Tech លើវិញ្ញាសា Robotics program ។  ដ្បិតតែមិនបានតំណាងឱ្យប្រទេសកំណើតខ្លួនចូលរួមប្រកួត តែលោក យ៉ុងអាន បានប្រកាសអត្តសញ្ញាណខ្មែរនៅលើវេទិកា ដែលវាគឺជាមោទកភាពមួយរបស់និស្សិតរូបនេះ។ យ៉ុងអាន ចាត់ទុកការប្រកួតនេះ ថាជាដំណើរផ្សងព្រេងដ៏គួរឱ្យចាប់អារម្មណ៍។ ក្រៅពីនេះ លោក យ៉ុងអាន ក៏ធ្លាប់បានសាលាជ្រើសឱ្យចូលរួម Summer School នៅ Gorodok ឬ Star City ដែលជាទីក្រុងវិទ្យាសាស្រ្ត និងជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងហ្វឹកហ្វាត់អវកាសយានិក រុស្ស៊ី និងអន្តរជាតិ មុននឹងលោកចូលធ្វើការនៅស្ថាយនីយអវកាសអន្តជាតិ ISS ។ នៅទីនោះលោកបានជួប និងស្គាល់ អ្នកវិទ្យាសាស្រ្ត ក៏ដូចជាអវកាសយានិកល្បីៗ របស់រុស្ស៊ី ដូចជាលោកAlexei Arkhipovich Leonov ។ លោកជាអវកាសយានិកដំបូងគេ ដែលបានចេញក្រៅយានអវកាសទៅក្នុងលំហអាកាស(space walk) ។
  
​​កត្តាខាងលើ បានធ្វើឱ្យលោក យ៉ុងអាន កាន់តែមានកម្លាំងចិត្ត និងមហិច្ឆតា កសាងក្តីសុបិនឱ្យកាន់តែធំ ដែលពោរពេញដោយទំនុកចិត្ត។ លោក វឿន យ៉ុងអាន បានលើកឡើងដូច្នេះ៖« វាបានឱ្យខ្ញុំ មានក្តីស្រមៃកាន់តែធំ និងមានជំនឿជាក់កាន់តែខ្លាំងក្នុងការជម្នះធ្វើអ្វីមួយ បើទោះជាពេលខ្លះ ការងារនោះមិនធ្លាប់មាននរណាម្នាក់ ធ្វើពីមុនក៏ដោយ»។
 
មុជកាន់តែជ្រៅ ស្គាល់កាន់តែច្រើន ការចង់បានក៏កាន់ធំធាត់ ដែលជាហេតុនាំចិត្តនិស្សិតខ្មែររូបនេះ ចាប់យកការសិក្សាជំនាញបន្ថែមមួយទៀតនៅឆ្នាំ២០១៧ អំឡុងសិក្សាបរិញ្ញាបត្រឆ្នាំទី២។ ជំនាញបន្ថែមនេះ គឺសេដ្ឋកិច្ច និងគ្រប់គ្រងឧស្សាហកម្មផលិតកម្ម (Economics and Management of Manufacturing industry) នៅសាលាដដែល ដោយជំនាញនេះត្រូវចំណាយពេលរៀន ២ឆ្នាំ។  «ពេលខ្ញុំធ្វើកម្មសិក្សានៅរោងចក្រផលិតម៉ាស៊ីនយន្តហោះ ខ្ញុំឃើញថា ការងារ គឺមានទំនាក់ទំនងរវាងមនុស្ស និងម៉ាស៊ីន។ ហើយដើម្បីឱ្យដំណើរការផលិតកម្មមួយដើរដោយរលូន គឺតម្រូវឱ្យមានប្រព័ន្ធគ្រប់គ្រងមួយ មានប្រសិទ្ធភាពលើទំនាក់ទំនងម៉ាស៊ីន និងមនុស្ស ការវាយតម្លៃពេលវេលា និងលំហូរការងារពីកន្លែងមួយទៅកន្លែងមួយ»។ នេះជាមូលហេតុដែលលោក វឿន យ៉ុងអាន ចាប់យកជំនាញបន្ថែម​។ 
 
ការលំបាកក្នុងការសិក្សាជំនាញពីរ ក្នុងពេលតែមួយ

ជាការពិតណាស់ ការសិក្សាជំនាញពីក្នុងពេលតែមួយ គឺមិនងាយស្រួលឡើយ ជាពិសេសនៅឆ្នាំទី៤ ដែលជាឆ្នាំជំនាញទាំងត្រូវបញ្ចប់ក្នុងពេលតែមួយ។ ការងារសាលាច្រើន ការប្រឡងក្នុងពេលតែមួយក៏មាន ហើយកាន់តែសំខាន់គឺត្រូវស្វ័យសិក្សាបន្ថែមច្រើន ដែលធ្វើឱ្យនិស្សិតខ្មែររូបនេះស្ទើរចង់បោះបង់។ ប៉ុន្តែការស្រលាញ់ និងចង់ចេះចង់ដឹង នៅតែជាកម្លាំងចិត្តពុះពារទៅមុខជានិច្ច។  «ឆ្នាំទី៤ លំបាកខ្លាំង ហើយមុខវិជ្ជាខ្លះប្រឡងជាន់ពេលគ្នា។ ពេលខ្លះចង់បោះបង់ម្តងៗដែរ ជាពិសេសពេលមកដល់៧៥ភាគរយជំនាញទាំងពីរ តែពេលបកមកក្រោយវិញឃើញថា យើងចាប់ផ្តើមយូរហើយ។ បើបោះបង់ វាស្តាយ អ៊ីចឹងសុខចិត្តតាមដំណើរ»។ នេះជាការលើកឡើងរបស់លោក វឿន យ៉ុងអាន ។
  

លោក វឿន យ៉ុងអាន នឹងអវកាសយានិកនៃប្រទេសរុស្ស៊ី។ រូបភាព៖ លោក វឿនយ៉ុងអាន
 
នៅដើមឆ្នាំ២០១៩ដដែលនោះ លោកក៏បានឆ្លៀតពេលធ្វើការក្រៅម៉ោង ជាអ្នកសរសេរកម្មវិធីរ៉ូបូត (Robot Programmer) រយៈពេល៦ខែ នៅក្រុមហ៊ុន Avieteh ផងដែរ។ យុវជនមួយនេះ ហាក់មិនហត់នឿយនឹងការចង់ចេះចង់ដឹងឡើយ ដោយលោកបានឆ្លៀតពេលចូលរួមសន្និសីទស្តីពីរ៉ូបូត កម្មវិធីនិយាយពីបច្ចេកវិទ្យា និងឧស្សហកម្ម៤.០ ដែលពេលនោះរុស្ស៉ី កំពុងផុសផុលពីឧស្សហកម្ម។ «យើងរៀនមក យើងមានគោលដៅថាយើងចង់បានអី។ ដោយសារយើងមានគោលដៅ ការហត់នឿយទាំងអស់ យើងអត់បានគិតទេ ពេលខ្លះភ្លេចដែរ»។ នេះជាការលើកឡើងរបស់លោក វឿន យ៉ុងអាន ដោយបន្ថែមថា លោកស្វែងយល់បានកាន់តែច្រើន ពីការវិវត្តន៍នៃឧស្សាហកម្ម ហើយលោកចង់ស្វែងយល់ពីប្រព័ន្ធ AI ដ្បិតឆ្នាំដែលលោកសិក្សា ជាពេលដែលឧស្សាហកម្មនៅជំនាន់ទី៣។ ហេតុនេះក្រោយបញ្ចប់ការសិក្សាជំនាញទាំងពីរនៅខែមិថុនា ឆ្នាំ២០១៩នេះ លោកបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅរុស្ស៉ីដដែល ក្នុងខែកញ្ញា។ 
 
លោក វឿន យ៉ុងអាន បានចាប់ផ្តើមសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យសាស្រ្តកុំព្យូទ័រ (Master of computer Science) ជំនាញរ៉ូបូតិក នៅ Innopolis University ក្នុងទីក្រុង Innopolis នៃប្រទេសរុស្ស៉ី។ ទីក្រុងនេះ ជាទីក្រុងដែលពោរពេញដោយបច្ចេកវិទ្យា ឡានគ្មានមនុស្សបើក ហើយមិនសូវមានមនុស្សរស់នៅឡើយ។ ទោះជាចូលចិត្តផ្នែកបច្ចេកវិទ្យា តែចំពោះនិស្សិតខ្មែររូបនេះ បែរជាធុញទ្រាន់នឹងការរស់នៅជាមួយទីក្រុងថ្មី ដែលមានមនុស្សតិច ហើយមានតែអ្នកព័ត៌មានវិទ្យា និងអ្នកវិទ្យាសាស្រ្តរស់នៅ។ លោកមានអារម្មណ៍ថា ការរស់នៅនេះ ដាច់ឆ្ងាយពីគេ។ 
 
​បរិញ្ញាបត្រ លោក យ៉ុងអាន ធ្លាប់ជានិស្សិតឆ្នើមនៅពេលរៀនថ្នាក់បរិញ្ញាបត្រ ប៉ុន្តែវិថីសិក្សា អនុបណ្ឌិតរបស់គេ ក៏មិនងាយស្រួលដែរ។ ការសិក្សាកាន់តែមានភាពប្រកួតប្រជែង ហើយរូបគេក៏​ បានឆ្លៀតពេលពីការសិក្សា និងការធ្វើគម្រោងនានា ទៅធ្វើជាជំនួយការគ្រូក្នុងមហាវិទ្យាល័យផងដែរ។ មិនខុសពីការសិក្សាថ្នាក់បរិញ្ញាបត្រឡើយ គឺគោលដៅនៃជំនាញរ៉ូបូត ជាកម្លាំងចិត្តធំ។ «យើងមានគោលដៅ ចង់ចេះចង់ដឹងជំនាញនេះ ដើម្បីយកមកអភិវឌ្ឍ យកមកប្រើការ ហើយអ្វីដែលពិសេសបំ​ផុត គឺវិស័យផលិតកម្ម ឧស្សាហកម្ម ដែលេវាជាអ្វីយើងចង់ធ្វើតាំងពីដើមមក។ អ៊ីចឹងអ្វីដែលថ្មី អ្វីដែលអត់មានស្រុកយើង ខ្ញុំចង់ឃើញ ចង់ចេះណាស់។ អ៊ីចឹងបើមានឱកាសរៀនហើយ ចេះតែខំទៅ»។ 
 

លោក វឿន យ៉ុងអាន ធ្វើបទបង្ហាញអំពី Arm Robotics ដល់រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងក្នុងកម្មវិធី Cambodia Digital Award 2022 (CDA 22)។ រូបភាព៖ លោក វឿន យ៉ុងអាន

បោះបង់អាហារូបករណ៍ថ្នាក់បណ្ឌិត ដើម្បីក្តីស្រមៃជាមួយ ARM Robotics

ការដែលឃើញភាពជឿនលឿននៃបច្ចេកវិទ្យាទាំងនេះហើយដែលជំរុញឱ្យយុវជនខ្មែររូបនេះ​ចង់នាំយកមកទឹកដីកំណើត សម្រាប់យុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់។ ក្រោយបញ្ចប់ថ្នាក់អនុបណ្ឌិត​ នៅខែកក្កដា ឆ្នាំ២០២១ លោក វឿន យ៉ុងអាន ទទួលបានអារូបករណ៍ថ្នាក់បណ្ឌិតនៅប្រទេសកូរ៉េ និងបានត្រឡប់មកកម្ពុជា ដើម្បីបំពេញឯកសារលិខិតហោះហើរ។ ប៉ុន្តែការរាលដាលនៃជំងឺកូវីដ-១៩ បានបង្ខំឱ្យលោក វឿន យ៉ងអាន​ ចោលអាហារូបករណ៍នេះ ហើយចាប់ផ្តើមបង្កើតក្រុមហ៊ុន ARM Robotics នៅខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាដែលផ្តល់សេវាកម្មរៀបចំប្រព័ន្ធស្វ័យ ប្រវត្តិកម្ម Robotics ដំបូងគេបង្អស់នៅកម្ពុជា សម្រាប់សិប្បកម្ម ឧស្សាហកម្ម។ បំណងបើកក្រុមហ៊ុន គឺជាក្តីស្រមៃរបស់តាំងពីគេរៀនបរិញ្ញាបត្រឆ្នាំទី១ នៅរុស្ស៊ីម៉្លេះ ព្រោះគ្រានោះលោក យ៉ុងអាន ​សង្កេតឃើញថា ការប្រើប្រាស់បច្ចេកទេសរ៉ូបូតនៅកម្ពុជានៅមានកម្រិត ខណៈប្រទេសជិតខាងហាក់រីកចម្រើនខ្លាំង ​។ 
 
ស្ថាបនិកនៃ ARM Robotics បានចាត់ទុកការងារនេះ ជាបេសកកម្មមួយ ក្នុងការជួយសិប្បករបង្កើនគុណភាពផលិតកម្មឱ្យកាន់តែប្រសើរ និងទទួលបានលទ្ធផលខ្ពស់។ ទន្ទឹមនោះ ក្រុមហ៊ុនមួយនេះ ក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យរ៉ូបូត និងផ្តល់ឱកាសការងារ សិក្សារៀនសូត្រដល់និស្សិត ដែលស្រលាញ់ចូលចិត្តបច្ចេកវិទ្យានេះដែរ។ រយៈពេល១ឆ្នាំមកនេះ ទោះក្រុមហ៊ុនជួបបញ្ហាច្រើន តែស្ថាបនិករូបនេះ នៅតែខំប្រឹងទៅមុខ។
 
«បញ្ហាប្រឈមច្រើន តែយើងនៅតែព្យាយាម ពីព្រោះថា វាច្រើនជាងក្រុមហ៊ុនដើម្បីតែចំណេញ។ ពួកយើងម្នាក់ៗ ចាត់ទុកវាជាបេសកកម្មមួយ ព្រោះប្រភេទក្រុមហ៊ុនយើងជាអ្នកទៅជួយឧស្សាហកម្ម ជួយសិប្បករ ទទួលបានផលិតផលល្អជាងមុន ហើយរោងចក្រដើរល្អជាងមុន។ អ៊ីចឹង មែនទែនទៅ វាជាការងារបេសកកម្មច្រើនជាង»។ នេះជាការលើកឡើងរបស់លោក វឿន យ៉ុងអាន ស្ថាបនិក ARM Robotics អំពីដំណើរការនៃក្រុមហ៊ុនខ្លួន៕

Tag:
 ជីវព័ត៌មាន
  លោក វឿន យ៉ុងអាន
  រ៉ូបូត
  ឡានជ័រ
© រក្សាសិទ្ធិដោយ thmeythmey.com