ជាតិ
មន្រ្តី-បុគ្គលិកអាជ្ញាធរអប្សរា ទទួលបានការបណ្ដុះបណ្ដាលភាសាអង់គ្លេសផ្នែកស្រាវជ្រាវ និងអភិរក្ស
19, Mar 2023 , 7:39 pm        
រូបភាព
សិក្ខាកាមចុះកម្មសិក្សានៅប្រាសាទអង្គរវត្ត។ រូបភាព៖ ភោគ ជា
សិក្ខាកាមចុះកម្មសិក្សានៅប្រាសាទអង្គរវត្ត។ រូបភាព៖ ភោគ ជា
សៀមរាប៖ មន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា បានចុះកម្មសិក្សានៅប្រាសាទអង្គរវត្ត ដើម្បីស្ដាប់អ្នកជំនាញ រៀបរាប់ពីប្រវត្តិការជួសជុលមួយចំនួន។ ពួកគេធ្វើការលើវិស័យអភិរក្ស ស្រាវជ្រាវ និងវប្បធម៌។

សិក្ខាកាមសរុបប្រមាណ២០រូប ដែលជាមន្រ្តីអាជ្ញាធរជាតិអប្សរា សារមន្ទីរជាតិងអង្គរ អាជ្ញាធរជាតិព្រះវិហារ និងសម្បូរព្រៃគុក ទទួលការបណ្ដុះបណ្ដាលភាសាអង់គ្លេសផ្នែកស្រាវជ្រាវ និងអភិរក្សពីសាស្រ្ដាចារ្យជនជាតិអាមរិក។​
 
គ្រូបង្រៀនភាសាអង់គ្លេសលើវិស័យបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា គឺលោកសាស្រ្ដចារ្យ Barbara Anello គម្រោងបណ្ដុះបណ្ដាលនេះចាប់ពីឆ្នាំ២០១៨មក ដោយបានជំនួយពីស្ថានទូតអាមេរិកប្រចាំ​កម្ពុជា។ លោកស្រីបន្តថា ការបណ្ដុះបណ្ដាលក្នុងបំណងពង្រឹងសមត្ថភាពភាសាដល់មន្រ្តី បុគ្គលិក លើវិស័យពាក់ព័ន្ធ ហើយដែលពួកគេមានតម្រូវការ និងជាប្រយោជន៍សម្រាប់កិច្ចការពួកគេនាពេល​អនាគត។ 
 
គ្រូបណ្ដុះបណ្ដាលរូបនេះបន្តថា ការបង្រៀនមានរយៈពេល១០សប្ដាហ៍ ឬលើសពីនេះ និងមានការចុះ​កម្មសិក្សាដើម្បីឱ្យសិក្ខាកាម យល់កាន់តែស៊ីជម្រៅពីភាសាបច្ចេកទេស ដោយបកស្រាយពីក្រុមអ្នកជំនាញ ជួសជុលនៅទីនោះ។ សិក្ខាកាមសរុប ២៤នាក់ គឺរៀនដោយផ្ទាល់ និងអនឡាញ។
 
«នៅអង្គរយើងមានកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដូច្នេះកំឡុងពេលនោះអ្នកជំនាញអន្ដរជាតិជាច្រើន គេមក ដោយប្រើប្រាស់ភាសាបច្ចេកទេសជាច្រើន។ ក្រោយទទួលបានចំណេះដឹង ថ្ងៃអនាគត ពួកគេអាចចូលរួមបានពេញលេញ និងមានលទ្ធភាពស្រាវជ្រាវ និងចងក្រងជាសៀវភៅខ្លួនឯងបាន»។ លោកស្រី Barbara Anello លើកឡើងដូច្នេះ កំឡុងពេលដឹកនាំសិក្ខាកាមចុះទៅប្រាសាទអង្គរវត្ត នាថ្ងៃទី១៦ មីនា។
 
អ្នកស្រី ទួន សោភា បុគ្គលិកសារមន្ទីរជាតិអង្គរ បានឱ្យដឹងថា លោកស្រីចូលរៀនវគ្គសិក្សានេះដើម្បី ពង្រឹងសមត្ថភាពផ្នែកភាសាឡើងវិញ ក្រោយទុកចោលមួយរយៈដោយសារបញ្ហាកូវីដ១៩។ 
 
ចំណែកបុគ្គលិកអាជ្ញាធរជាតិអប្សរា អ្នកស្រី ហ៊ិន ចាន់តារា ប្រាប់ថា៖« វគ្គនេះសំខាន់ ជាផ្នែកមួយជួយ អ្នកជំនាញឱ្យចេះជំនាញខ្លួនឯងហើយ និងប្រើប្រាស់ភាសាបច្ចេកទេសបានទៀត»៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com