ភ្នំពេញ៖ រថយន្តម៉ាក BMW ប្រភេទ Série 3 ម៉ូឌែល 316i ស៊េរី M ពណ៌ខ្មៅ ដែលមានអាយុប្រមាណ៣០ឆ្នាំ ត្រូវបានគេចតទុកចោល លើស្មៅនៅចំណុចគីឡូម៉ែត្រលេខ១៦ នៃផ្លូវជាតិលេខ១។ តាមការស្មានរថយន្ដបុរាណម៉ាក BMW ទំនងជាមានមិនដល់១០គ្រឿងនោះទេ នៅទូទាំងប្រទេសកម្ពុជា។ ចំពោះរថយន្តម៉ាក BMW ខាងលើនេះ ពីដើមវាមានកញ្ចក់សថ្លា ប៉ុន្តែមួយគ្រឿងនេះមានកញ្ចក់ខ្មៅ ទាំងសងខាង និងទាំងខាងក្រោយ។ BMW Série 3 ជំនាន់ទី២ (ក៏ហៅ E30 ដែរ) នេះ ត្រូវបានគេបិតអក្សរជ័រខាងក្រោយ ដែលបញ្ជាក់ថា ឡាននេះប្រើហ្គាស។ ពីដើម គ្មាន BMW Série 3 ដែលម៉ាស៊ីនប្រើហ្គាសទេ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
BMW Série 3 ត្រូវផលិតបន្តតាំងពីឆ្នាំ១៩៧៥មក ហើយបើគិតមកទល់នឹងបច្ចុប្បន្ន គឺដល់ជំនាន់ទី៧ហើយ។ នៅឆ្នាំ២០១៥ ក្រុមហ៊ុន BMW បានរៀបចំកម្មវិធីអប់អរសាទរ Série 3 ទី ១០លាន ដែលត្រូវបានផលិតឡើង។ BMW Série 3 ជំនាន់ទី២ (E30) ត្រូវបានផលិតឡើងចំនួន ២ ៣៣៩ ២៥១គ្រឿង ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩៤ នៅរោងចក្រចំនួន៧ ក្នុងទ្វីបអាម៉េរិក, អាហ្វ្រិក, នៅប្រទេសអាល្លឺម៉ង់ និងនៅទ្វីបអាស៊ី។ ជំនាន់ទី២នេះ មានម៉ាស៊ីនផ្សេងៗ ៤ និង៦ស៊ីឡាំង ដែលបញ្ចេញកំលាំងពី៧៥ ទៅ ២៣៨សេស។ ម៉ូឌែល 316i ត្រូវបានផលិតពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៤ សម្រាប់តែទីផ្សារអឺរ៉ុបប៉ុណ្ណោះ។ សម្រាប់BMW រថយន្ដ ស៊េរី M គឺជារថយន្ដខ្លាំងជាងដើម្បីប្រណាំង។
BMW ជាម៉ាកអាល្លឺម៉ង់ បង្កើតឡើងឆ្នាំ១៩១៦។ គ្រប់ឡាន BMW ទាំងអស់ មានប៉ាណាស្រដៀងៗគ្នា ដែលអាចទុកជាលេខារបស់ម៉ាក BMW បាន៕