ជាតិ
ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (Equinox) ពីថ្ងៃទី២០ ហើយអាចបន្តដល់ថ្ងៃទី២៣ ខែមីនា នេះ
20, Mar 2023 , 10:15 am        
រូបភាព
ព្រឹត្តិការណ៍ធម្មជាតិអយនកាល Equinox នាប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី២០ ខែមីនា។ ថតដោយ តន ចាន់រិទ្ធារ៉ា
ព្រឹត្តិការណ៍ធម្មជាតិអយនកាល Equinox នាប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី២០ ខែមីនា។ ថតដោយ តន ចាន់រិទ្ធារ៉ា
សៀមរាប៖ នៅថ្ងៃទី២០ ខែមីនា នេះ ហើយបន្តដល់ថ្ងៃទី២១ ទី២២ និងទី២៣ ទេសចរជាតិ និងអន្តរជាតិ អាចទស្សនា និងផ្តិតយកទិដ្ឋភាពនៃព្រឹត្តិការណ៍ធម្មជាតិ អយនកាល (Equinox) ដោយព្រះអាទិត្យរះចំកំពូលបាកាន (កណ្តាលកំពូល) នៃប្រាសាទអង្គរវត្ត។

 
ព្រឹត្តិការណ៍ធម្មជាតិអយនកាល (Equinox) ដោយរយៈពេលថ្ងៃ និងយប់ស្មើគ្នា ឬយើងនិយមហៅជាទូទៅថា «បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» កើតឡើងពីរលើកជារៀងរាល់ឆ្នាំ នាខែមីនាម្តង និងខែកញ្ញាម្តងទៀត។ យោងតាមក្រសួងទេសចរណ៍  ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យយ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។
 
 
 
បើតាមក្រសួងដដែល បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង៥ និង៣០នាទីព្រឹក ដល់ម៉ោង៧ព្រឹក។ ថ្ងៃទី២១ ខែមីនា ព្រះករុណា ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសុំ «ព្រះអគ្គិកីឡានៅប្រាសាទអង្គរវត្ត ចំពេលដែលព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្តផងដែរ។
 
ព្រះអគ្គិកីឡា ផ្តល់ជាភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២  និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងត្រូវរៀបចំជាលើកដំបូងបំផុតក្នុងប្រទេសកម្ពុជា។ តាមគម្រោងភ្លើងគប់ នឹងត្រូវដង្ហែជុំវិញប្រាសាទអង្គរវត្ត បន្តចេញពីកម្ពុជាឆ្ពោះទៅវៀតណាម និងតាមបណ្តាប្រទេសក្នុងតំបន់ដែលជាសមាជិកនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com