កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Man City ជួប Sheffield រីឯ Man United ប៉ះ Brighton វគ្គ ១/២ ផ្តាច់ព្រ័ត្រ
20, Mar 2023 , 10:43 am        
រូបភាព
ក្រុម Manchester City, Manchester United, Brighton & Hove Albion និង Sheffield United ជាក្រុមចំនួនបួនចុងក្រោយដែលឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ក្រោយប្រកួតឈ្នះរៀងៗខ្លួននៅវគ្គ៨ក្រុមចុងក្រោយ។ Erling Haaland បន្តធ្វើបាន Hat-Trick ស្របពេល Man Utd វាយបកយកឈ្នះ Fulham ដែលសល់គ្នា៩នាក់។


Man City បំបាក់ក្រុមមកពីលីគក្របខណ្ឌទីពីរ Burnley ដែលដឹកនាំដោយអតីតប្រធានក្រុម Man City លោក Vincent Company ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-០ នាជំនួបនៅ Etihad។ Haaland រកបាន៣គ្រាប់ម្នាក់ឯង Hat-Trick សារជាថ្មីបន្ទាប់ពីរូបគេបានស៊ុតចូលទី ៥គ្រាប់នៅក្នុងក្របខណ្ឌ Champions League នៅពេលប៉ះក្រុម Leipzig។ ៣គ្រាប់ផ្សេងទៀតរបស់ Man City ស៊ុតដោយកីឡាករ Julian Alvarez ២គ្រាប់នៅនាទី៦២ និង៧៣ និង Cole Palmer នាទី៦៨។ 
  


ក្រុមរបស់លោក Pep Guardiola ដែលកំពុងជាក្រុមប្រជែងពានរង្វាន់ ៣ ក្នុងរដូវកាលនេះនឹងឡើងទៅជួបក្រុម Sheffield United នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ត។ 
 
Sheffield United បានត្រួសត្រាយផ្លូវខ្លួនក្នុងនាមជាក្រុមស្ថិតនៅលីគលំដាប់ទីពីរដែលឡើងដល់វគ្គ ១/២ ផ្តាច់ព្រ័ត្រនេះ ក្រោយទម្លាក់ក្រុម Blackburn Rovers ដោយលទ្ធផល ៣-២។ Sheffield បានក្លាយជាក្រុមស្ថិតក្រៅពីក្របខណ្ឌ Premier League ដែលអាចឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងចាប់តាំងពីឆ្នាំ ២០១៤-១៥ មក។ កាលឆ្នាំ ២០១៤-១៥ ក្រុម Reading ជាក្រុមធ្វើបានកំណត់ត្រាមួយនេះក្នុងនាមជាក្រុមនៅក្រៅក្របខណ្ឌ Premier League។
 
Brighton & Hove Albion បញ្ចប់ក្តីស្រមៃក្រុមមកពីលីគលំដាប់ទីបួន Grimsby Town ដែលខិតខំខ្លាំងក្នុងការប្រជែង FA Cup ដោយលទ្ធផល ៥-០។ ​ស្ថិតក្រោមការដឹកនាំរបស់លោក Roberto de Zerbi ក្រុម Brighton បានបន្តបង្ហាញភាពខ្លាំងនៃក្រុមខ្លួនក្នុងការប្រជែងនៅពានរង្វាន់ FA Cup និង Premier League។ 
 


Brighton កំពុងសម្លឹងរកមើលឱកាសលេងក្នុងពានរង្វាន់កម្រិតអឺរ៉ុបណាមួយតាមរយៈការបញ្ចប់ចំណាត់ថ្នាក់ល្អក្នុងក្របខណ្ឌ Premier League និងតាមរយៈការយកឈ្នះក្នុងពានរង្វាន់ ​FA Cup។ ឆ្លងទៅវគ្គ ១/២ផ្តាច់ព្រ័ត្រ Brighton ត្រូវជួបក្រុមបិសាចក្រហម Man United ដែលទើបទម្លាក់ក្រុម Fulham។
  
Man United ដណ្តើមបានកៅអីវគ្គបន្ត FA Cup ពីក្នុងដៃ Fulham បន្ទាប់ពីការប្រកួតវាយបកយកឈ្នះក្នុងលទ្ធផល ៣-១ យ៉ាងតឹងតែង។ ​Fulham បានបើកការនាំមុខលើក្រុមម្ចាស់ផ្ទះមុននៅនាទី៥០ ក្លាយជាក្តីសង្ឃឹមខ្ពស់សម្រាប់ពួកគេទៅហើយ ប៉ុន្តែនៅត្រឹមនាទី៧២ កីឡាករ Willian និង Aleksandar Mitrovic ទទួលបានកាតក្រហមម្នាក់១ ត្រូវបណ្តេញចេញពីការប្រកួតក្រោយតវ៉ាលើរឿង Willian យកដៃរារាំងបាល់ក្នុងប្រអប់គ្រោះថ្នាក់ពីការស៊ុតរបស់ Jadon Sancho។
 
បិសាចក្រហមវាយបកមកវិញ ៣គ្រាប់ ជាការស៊ុតពីសំណាក់កីឡាករ Bruno Fernandez បាល់ពិន័យ ១១ម៉ែត្រនៅនាទី៧៥ បន្ទាប់មក Marcel Sabitzer ស៊ុតបន្ថែមនាទី៧៧ និងគ្រាប់ទីបីដោយ Bruno Fernandez ដដែលក្នុងនាទីបន្ថែម ៩០+៦៕ 
 
 

Tag:
 Manchester United
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com