កីឡាអន្តរជាតិ
អន្តរជាតិ
Barca កើនគម្លាតនាំមុខ១២ពិន្ទុ ក្រោយឈ្នះ Real Madrid នៅជំនួប El Clasico 
×![]()
Barcelona បានយកឈ្នះគ្រូប្រជែង Real Madrid និងជាម្ចាស់ការពារតំណែងជើងេកដោយលទ្ធផល ២-១ ក្នុងជំនួប El Clasico នៃពានរង្វាន់ La Liga ថ្ងៃទី១៩ ខែមីនា។ ៣ពិន្ទុបន្ថែមបានជួយ Barcelona កើនគម្លាតនាំមុខដាច់ដល់ទៅ ១២ពិន្ទុ និងជាឱកាសក្រសោបពានលីគកំពូលអេស្ប៉ាញរដូវកាលនេះ។
ជ័យជម្នះរបស់ក្រុមរហស្សនាមអ្នកមានបុណ្យ បានធ្វើឱ្យខូចខាតមហិច្ឆិតារបស់ Real Madrid ក្នុងការរក្សាតំណែងជើងឯកខ្លួន ហើយក្រុមមកពីតំបន់ Catalan កំពុងខិតជិតទៅកាន់ការឈ្នះពាន La Liga ឡើងវិញបន្ទាប់ពីពួកគេបានខកខានតាំងពីឆ្នាំ ២០១៩ មក។
នាការប្រកួតនោះ Real Madrid បានបើកការនាំមុខមុនទៅហើយលើក្រុមម្ចាស់ផ្ទះ ដោយកីឡាករ Ronald Araujo ធ្វើឱ្យភ្លាត់ស្នៀតចូលទីខ្លួនឯងតាំងពីនាទី៩ ប៉ុន្តែក្នុងវគ្គទីមួយដដែលខ្សែការពារស្លាបស្តាំ Sergi Roberto បានស៊ុតបញ្ចូលទីលើ Real Madrid តាមស្មើ ១-១ ឡើងវិញ។
ចូលដល់វគ្គទីពីរ ការប្រកួតបានបន្តអូសបន្លាយដល់ចុងម៉ោង ទើប Barca រកបានឱកាសឆ្មក់ស៊ុតគ្រាប់ជ័យជម្នះបាននៅនាទី៩០+២ ដែលធ្វើបានដោយខ្សែបម្រើ Frank Kessie ដើម្បីផ្តល់ការខកចិត្តដល់ម្ចាស់ការពារជើងឯក Real Madrid។
«យើងបានតាមពីក្រោយនៅពេលដែល Marco Asensio បានស៊ុតចូលហើយយើងមិនដឹងឡើយថាវាជាបាល់ Offside។ យើងស៊ុតចូលវិញដោយគ្រាប់បាល់ពី Kessie ពិតណាស់វាពិតជាមានរស់ជាតិនៃជ័យជម្នះ។ យើងនៅមានការប្រកួតជាច្រើនបន្តទៀត យើងមិនអាចបោះបង់ចោលឡើយដើម្បីធ្វើឱ្យ Real ខកចិត្ត។ ១២ពិន្ទុជាពិន្ទុដែលពិបាកមិនងាយស្រួលឡើយ ប៉ុន្តែត្រូវតែបន្តប្រជែង។»។ ខ្សែការពារ Sergi Roberto របស់ Barcelona និយាយបែបនេះក្រោយបញ្ចប់ការប្រកួត។
បច្ចុប្បន្ន La Liga ជាពានរង្វាន់មួយស្ថិតក្នុងពានរង្វាន់ចំនួន២ រួមទាំង Copa del Rey ប៉ុណ្ណោះ ដែល Barca នៅសល់ការប្រជែងក្នុងដៃ បន្ទាប់ពីក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Xavi Hernandez បានធ្លាក់ចេញពីពានរង្វាន់ Europa League ក្រោមថ្វីជើងក្រុម Manchester United របស់លោក Erik ten Hag៕
Tag:
Barcelona
Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com