ជាតិ
កម្ពុជា ឯកភាពបង្កើតស្តង់ដារផលិតផលសម្បុកត្រចៀកកាំ ជាមួយប្រទេស៣ទៀត សម្រាប់ទីផ្សារចិន និងអាស៊ាន
20, Mar 2023 , 3:09 pm        
រូបភាព
រូបភាព៖ អាលេន លក់សំបុកត្រចៀកកាំ
រូបភាព៖ អាលេន លក់សំបុកត្រចៀកកាំ
ភ្នំពេញ៖ កម្ពុជា ចិន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានឯកភាពគ្នាបង្កើតស្តង់ដារផលិតផលសម្បុកត្រចៀកកាំរួម សម្រាប់ទីផ្សារចិន និងអាស៊ាន។ ទន្ទឹមនេះ ចិន ក៏បានបង្ហាញជំហរគាំទ្រសម្បុកត្រចៀកកាំកម្ពុជា ក្នុងការនាំចូលទីផ្សាររបស់ខ្លួនផងដែរ។



សមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា នៅថ្ងៃទី១៩ ខែមីនា បានបញ្ជាក់ថា សមាគម អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុង ឈីង និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានដឹកនាំសមាជិក និងអាជីវករក្នុងវិស័យសម្បុកត្រចៀកកាំកម្ពុជា ចូលរួមកិច្ចពិភាក្សាជាមួយ គយចិន និង​ប្រធានសមាគមសម្បុកត្រចៀកកាំចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី។ 
  


ក្នុងកិច្ចពិភាក្សានេះ កម្ពុជា ចិន ម៉ាស៊ី និងឥណ្ឌូនេស៊ី បានឯកភាពគ្នាបង្កើតស្តង់ដារផលិតផលសម្បុកត្រចៀកកាំរួម សម្រាប់ទីផ្សារចិន និងអាស៊ាន។ ស្តង់ដាររួម ត្រូវបានពិនិត្យទៅលើកម្រិតសំណើមផលិតផល ការកំណត់លេខកូដសម្គាល់ផលិតផល ការកំណត់លេខកូដសម្គាល់ផ្ទះត្រចៀកកាំ និងវិធីសាស្ត្រក្នុងការសម្អាតមេរោគ ជាដើម។ 
 
កន្លងទៅ ផលិតផលដែលមានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ មានការលំបាកក្នុងការប្រកួតប្រជែងជាមួយផលិតដែលនាំចូលខុសច្បាប់។ ការណ៍នេះ គយចិននឹងដាក់វិធានការក្តៅបំផុតលើផលិតផលសម្បុក ត្រចៀកកាំខុសច្បាប់។ បន្ថែមលើនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសគាំទ្រផលិតផលសម្បុក ត្រចៀកកាំកម្ពុជា ក្នុងការនាំចូលទីផ្សាររបស់ខ្លួន ព្រោះថាបរិយាកាស និងបរិស្ថាននៅកម្ពុជាល្អ ធ្វើឱ្យផលិតផលសម្បុក ត្រចៀកកាំកម្ពុជាមានគុណភាពខ្ពស់។
 
ក្រៅពីកិច្ចពិភាក្សា សមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា ក៏ជួបជាមួយ ក្រុមហ៊ុនប្រមូលចែកចាយផលិតផលត្រចៀកកាំធំជាងគេនៅប្រទេសចិន ជាពិសេសបានចុះ MOU ជាមួយគ្នា ក្នុងការទិញលក់ ផលិតផលសម្បុកត្រចៀកកាំពីកម្ពុជា ។
 
ជំហានបន្ទាប់ សមាគម នឹងពិភាក្សាគ្នាបន្ថែមទៀត លើវិធីសាស្ត្រក្នុងការពន្លឿនអាជ្ញាប័ណ្ណនាំចូលប្រទេសចិន ព្រមទាំងខិតខំធ្វើយ៉ាងណាជំរុញ និងអភិវឌ្ឍវិស័យត្រចៀកកាំកម្ពុជា ឱ្យកាន់តែរីកចម្រើន ដើម្បីលើកតម្កើងកិត្តិនាមនៃផលិតផលសម្បុកត្រចៀកកាំកម្ពុជា៕ 
 
 

Tag:
 កសិកម្ម
  សម្បុកត្រចៀកកាំ
© រក្សាសិទ្ធិដោយ thmeythmey.com