កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អគ្គិអាទិទេពកីឡាស៊ីហ្គេម ត្រូវយកពីពន្លឺព្រះអាទិត្យ​ ដោយប្រើកែវឆ្លុះ
20, Mar 2023 , 4:49 pm        
រូបភាព
ព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា ត្រូវបានរៀបចំសុំនៅបរិវេណក្តារបែនក្នុងប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៣។ ការរៀបចំសុំព្រះអគ្គិអាទិទេពកីឡានេះ ត្រូវបានរៀបចំដោយក្រុមបាគូរបស់ក្រសួងព្រះបរមរាជវាំង ដោយប្រើកែវពង្រីក ក្រឡ ក្រដាស ទៀន និងចង្កៀងកែវ។ 


ពិធីសុំអគ្គិកីឡា ទទួលបានជោគជ័យនាវេលាថ្ងៃត្រង់ ស្របពេលដែលព្រះអាទិត្យមានពន្លឺខ្លាំង។ ព្រះអគ្គិអាទិទេព ទទួលបានពីចំណាំងកម្តៅថ្ងៃព្រះអាទិត្យទៅកាន់កែវពង្រីកចាំងឆ្លុះទៅដុតក្រដាសនៅក្រឡមួយ ហើយក្រដាសនោះនឹងឆេះ។ 



ក្រុមបាគូ បានយកទៀនទៅដុតពីភ្លើងនៅក្នុងក្រឡនោះ រួចដាក់នៅក្នុងកែវចង្កៀងមួយ ហើយយកទៅរក្សាទុកនៅក្នុងវិមានតម្កល់អគ្គិ ដើម្បីរង់ចាំការផ្តល់ព្រះរាជទាន ព្រះអគ្គិកីឡាពីព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលគ្រោងធ្វើឡើងនៅទីតាំងដដែល នាព្រឹកថ្ងៃទី២១ ខែមីនា។
 
 វិមានតម្កល់អគ្គិ
បន្ទាប់ពីពិធីបួងសួងទទួលព្រះភ្លើងអាទិទេពកីឡា និងការប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាអុចទៅដងគប់ភ្លើងពីព្រះមហាក្សត្រ ទៅអត្តពលិកកម្ពុជាប្រមាណ១០០នាក់ដើម្បីរត់ដង្ហែជុំវិញវង់តូច ដែលមានចម្ងាយសរុប ១៨,៣ គីឡូម៉ែត្រ ដោយត្រូវប្រើពេល ៣ ទៅ ៧ម៉ោង រួចតម្កល់នៅព្រះវិហារវត្តរាជបូណ៌ក្នុងខេត្តសៀមរាប មុនពេលដង្ហែទៅប្រទេសក្នុងតំបន់អាស៊ាន។
 
ការដង្ហែភ្លើងគប់ ទៅប្រទេសជាសមាជិកប្រកួតស៊ីហ្គេម នឹងចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាកាលបរិច្ឆេទបើកការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាផ្លូវការ៕
 

ក្រុមបាគូ កំពុងទទួលអគ្គិពីព្រះអាទិត្យ
 

 
 

Tag:
 ស៊ីហ្គេម២០២៣
  អគ្គិកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com