គណៈកម្មាធិការក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បន្តត្រួសត្រាយផ្លូវសម្រាប់អត្តពលិករុស្ស៊ី និងបេឡារុស ដើម្បីប្រកួតជម្រុះនៅទ្វីបអាស៊ី ស្វែងរកកៅអីទៅកាន់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤។
បើតាមការបញ្ជាក់របស់ OCA ស្ថាប័នកីឡាអូឡាំពិកតំបន់អាស៊ីមួយនេះ បានសម្រេចបើកផ្លូវរួចរាល់ហើយសម្រាប់អត្តពលិករុស្ស៊ី ព្រមទាំងបេឡារុសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា Asian Games ដែលធ្វើឡើងនាប្រទេសចិន ក្នុងឆ្នាំ ២០២៣ នេះ។ ការសម្រេចរបស់ OCA ធ្វើឡើងក្រោយទទួលបានការគាំទ្រ និងយល់ព្រមពីសំណាក់សំឡេងរបស់អត្តពលិកចំនួន ៨៨នាក់ ក្នុងកិច្ចប្រជុំបិទមួយក្នុងទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី១៨ ខែមីនា។
«អត្តពលិកមិនត្រូវរងការពិន័យ ចំពោះអាកប្បកិរិយារបស់រដ្ឋាភិបាលពួកគេឡើយ ហើយពួគគេគួរតែទទួលបានការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនានាឡើងវិញ ដោយគ្មានទម្រង់នៃការរើសអើង។»។ OCA បានលើកឡើងបែបនេះក្នុងពេលធ្វើសេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចប្រជុំទទួលបានការយល់ព្រមពីអត្តពលិកជាសមាជិកខ្លួន។
យ៉ាងណាមិញ ក្នុងសេចក្តីសម្រេចពីសំណាក់កិច្ចប្រជុំនោះ ក៏បានអនុម័តលក្ខខណ្ឌផងដែរ សម្រាប់អត្តពលិកជនជាតិរុស្ស៊ី និងបេឡារុសដើម្បីអាចចូលប្រកួតប្រជែងបាន។ ការហាមឃាត់សម្រាប់ការវិលប្រកួតរបស់ប្រទេសទាំងពីរ ចំពោះការប្រើប្រាស់ភ្លេងជាតិ និងទង់ជាតិនៅតែទទួលបានការហាមឃាត់ដដែល ព្រមទាំងច្បាប់ហាមឃាត់នៃសារធាតុញៀនជាដើម។
កិច្ចប្រជុំ OCA ដដែលក៏បញ្ជាក់ដែរ ការហាមឃាត់ទាំងនោះគឺជារឿងដ៏យុត្តិធម៍សម្រាប់អត្តពលិកតំបន់អាស៊ី ក្នុងការប្រកួតជម្រុះស្វែងរកកៅអីនានា និងដើម្បីទៅកាន់ការប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសបានសម្រាប់អត្តពលិករុស្ស៊ី និងបេឡារុស។
ការវិលចូលរួមប្រកួតរបស់អត្តពលិករុស្ស៊ី និងបេឡារុស បានក្លាយជាបញ្ហារកាំរកូសគ្នារវាងគណៈកម្មាធិការអូឡាំពលិកអន្តរជាតិ (IOC) ជាមួយនឹងប្រទេសអ៊ុយក្រែន ដោយប្រទេសកំពុងរងគ្រោះដោយសារសង្គ្រាមបង្កឡើងពីសំណាក់រុស្ស៊ីមួយនេះ បានទាមទារឱ្យ IOC បន្តហាមឃាត់អត្តពលិកមកពីប្រទេសទាំងពីរដែលវាយប្រហារខ្លួន។
ចាប់តាំងពីអ៊ុយក្រែនបានអំពាវនាវឱ្យបន្តហាមឃាត់អត្តពលិក ស្ថាប័នកីឡា IOC បន្តរងសម្ពាធជារឿយៗពីសំណាក់រដ្ឋាភិបាលចំនួន ៣៥ ដែលក្នុងនោះរួមមានអាម៉េរិក, អង់គ្លេស និងបារាំង ដែលគាំទ្រការអំពាវនាវអ៊ុយក្រែនឱ្យបន្តហាមឃាត់លើអត្តពលិករុស្ស៊ី និងបេឡារុស។
កាលពីខែកុម្ភៈកន្លងទៅ អ៊ុយក្រែនបានព្រមានថានឹងដកខ្លួនពីការប្រកួតអូឡាំពិកប៉ារីស ប្រសិនបើ IOC នៅតែអនុញ្ញាតឱ្យអត្តពលិករុស្ស៊ីវិលមកប្រកួត ខណៈសង្គ្រាមក្នុងប្រទេសខ្លួនកំពុងតែបន្តយ៉ាងក្តៅកគុក។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយរិះគន់ចំៗថាការអនុញ្ញាតឱ្យវិលមកប្រកួតវិញរបស់អត្តពលិករុស្ស៊ី ប្រៀបដូចការគាំទ្រសង្គ្រាមដែលបង្កឡើងដោយរុស្ស៊ីដូច្នោះដែរ។
ដោយឡែកការប្រកួតព្រឹត្តិការណ៍ Asian Games 2022 ដែលនឹងធ្វើឡើងក្នុងឆ្នាំ ២០២៣ ត្រូវធ្វើឡើងនៅក្នុងខេត្ត Hangzhou ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា បន្ទាប់ពីប្រទេសចិនបានពន្យាពេលតាំងពីឆ្នាំមុន ដោយសារតែជំងឺកូវីដ-១៩៕