ជាតិ
សេដ្ឋកិច្ច
FAO ផ្ដល់ប្រាក់ ៤៣លានដុល្លារ ដើម្បីពង្រឹងភាព​ធន់​​អាកាសធាតុ​ដល់​កសិករ នៅតំបន់បឹងទន្លេសាប
20, Mar 2023 , 8:59 pm        
រូបភាព
កសិករច្រូតស្រូវនៅខេត្តសៀមរាប។​ រូបភាព៖ ទូច សុវណ្ណឌី
កសិករច្រូតស្រូវនៅខេត្តសៀមរាប។​ រូបភាព៖ ទូច សុវណ្ណឌី
ភ្នំពេញ៖ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានផ្ដល់ជំនួយឥតសំណងប្រមាណ ៤៣លានដុល្លារ លើគម្រោង «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាព ដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍ នៅភាគខាងជើងនៃបឹងទន្លសាប» ហៅកាត់ថា PEARL។



គម្រោងនេះ នឹងដាក់ឱ្យអនុវត្តក្នុងខេត្ត កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្ដរមានជ័យ ហើយត្រូវបានគេរំពឹងផ្ដល់ប្រយោជន៍ដល់កសិករប្រមាណ ៤៥ម៉ឺននាក់។ PEARL ត្រូវបានរៀបចំឡើង ដើម្បីគាំទ្រកសិករខ្នាតតូច ភាគច្រើនជា គ្រួសារកសិករដឹកនាំដោយស្ត្រី និងកសិករជាស្ត្រី។ ពួកគេ នឹងមានលទ្ធភាពទទួលបានព័ត៌មានអាកាសធាតុសេវាកម្មផ្សព្វផ្សាយ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងទីផ្សារកាន់តែប្រសើរឡើង ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពបន្ស៊ាំទៅនឹងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ។
  

ចុះហត្ថលេខា លើគម្រោង PEARL រវាងលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា កាលពីថ្ងៃទី ១៧ ខែមីនា។ រូបភាព៖ ក្រសួងបរិស្ថាន 
 
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងថា ការអនុម័តគម្រោង PEARL គឺជាជំហានដ៏សំខាន់ ដើម្បីឆ្ពោះទៅរកដំណោះស្រាយនៃបញ្ហាប្រឈម និងការសម្របខ្លួន របស់កសិករខ្នាតតូចនៅតំបន់បឹងទន្លេសាប ភាគខាងជើង។ ស្របតាម អាទិភាពរបស់រដ្ឋាភិបាលកម្ពុជា (RGC) ដើម្បីការពារជនងាយរងគ្រោះភាគច្រើនពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងធានាឱ្យមានភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃវិស័យកសិកម្ម។
 
អាងទន្លេសាបខាងជើង គឺជាតំបន់កសិកម្មដ៏សំខាន់បំផុតមួយរបស់កម្ពុជា ដែលបានផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពលរដ្ឋជាង ៣លាននាក់។ យ៉ាងណា ភូមិសាស្រ្តនេះ គឺស្ថិតក្នុងចំណោមតំបន់ងាយរងគ្រោះបំផុត ដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត។ 
 
គម្រោង PEARL ត្រូវបានចុះហត្ថលេខាដោយ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា កាលពីថ្ងៃទី ១៧ ខែមីនា។ 
 
ក្នុងកិច្ចព្រមព្រៀងនេះ ក្រសួងបរិស្ថានបានជជែកជាមួយ FAO ដើម្បីដាក់ចូលចំណុចមួយចំនួន ដែលផ្តល់ភាពជាម្ចាស់សម្រាប់កម្ពុជាក្នុងគ្រប់គ្រងគម្រោង ដូចជាការអនុវត្តគម្រោង ត្រូវមានការចូលរួមពីក្រសួង ក្នុងភាពជាដៃគូ រាល់ការជ្រើសរើសទីបឹ្រក្សា និងការទិញសម្ភារៈ ដើម្បីបម្រើឱ្យសកម្មភាពនានានៃគម្រោង។ ត្រូវមានការចូលរួមសម្រេចពីភាគីកម្ពុជាទើបអាច បន្តនីតិវិធីទៅមុខបាន ហើយនឹងផ្សព្វផ្សាយរាល់ព័ត៌មានវឌ្ឍនភាពរបស់គម្រោងជាសាធារណៈ ដើម្បីបង្ហាញពីតម្លាភាព និងគណនេយ្យភាព។
  

ស្រូវលិចទឹក នៅខេត្តសៀមរាប។ រូបភាព៖ ឈន សុផាត 
 
ជាមួយគ្នានេះ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ទីផ្សារកសិកម្មសំខាន់ៗ ដូចជា ស្វាយចន្ទី ស្វាយ ស្រូវ និងបន្លែ ត្រូវបានកំណត់ក្នុងគម្រោង។ វាជាឱកាសដ៏ល្អ ក្នុងការលើកទឹកចិត្តកសិករខ្នាតតូច ដែលងាយរងគ្រោះ ដើម្បីទទួលយកការអនុវត្ត និងបច្ចេកវិទ្យាដែលធន់នឹងអាកាសធាតុ ទើបធ្វើឱ្យពួកគេប្រសើរឡើង។
 
គួរបញ្ជាក់ថា គម្រោង PEARL ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន និងសង្គមស៊ីវិល ក្រោមការគាំទ្រជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង។
 
គម្រោងនេះដែរ ទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ PEARL មានរយៈពេល ៦ឆ្នាំ ដែលគាំទ្រថវិការប្រមាណ ៤៣ លានដុល្លារ ក្នុងនោះថវិកាចំនួន ៣៦,២លានដុល្លារ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់កសិករប្រមាណ ៤៥ម៉ឺននាក់ និងខ្សែច្រវ៉ាក់តម្លៃ នៅភាគខាងជើងបឹងទន្លេសាបរួមមានខេត្ត កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ៕
 

Tag:
 កសិកម្ម
  បរិស្ថាន
  អាកាសធាតុ
  FAO
© រក្សាសិទ្ធិដោយ thmeythmey.com