អន្តរជាតិ
ជប៉ុនថាការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មពីរោងចក្រ Fukushima Daiichi គឺគ្មានគ្រោះថ្នាក់ទេ 
រោងចក្រថាមពលFukushima Daiichi។ រូបភាព AFP
×![]()
ក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២០ ខែមីនា បាននិយាយការពារថា ការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្ម (ALPS treated water) ពីរោងចក្រ Fukushima Daiichi គឺគ្មានគ្រោះថ្នាក់ ឬការគំរាមកំហែងទៅដល់សុខភាពមនុស្ស និងបរិស្ថានឡើយ។ បើតាមក្រសួងការបរទេសជប៉ុន បរិមាណទឹកទាំងនោះ គឺគោរពតាមបទបញ្ញត្តិសុវត្ថិភាព ហើយសារធាតុវិទ្យុសកម្មមាននៅក្នុងទឹកទាំងនោះ មានកម្រិតទាបជាងស្តង់ដារកំណត់ទៅទៀត។
ជប៉ុន បានស្វះស្វែងរកការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មទៅក្នុងសមុទ្រ ខណៈកន្លែងស្តុកមានបរិមាណទឹកជិតពេញ។ កន្លងមក ប្រជាជននេសាទ និងបណ្តាប្រទេសមួយចំនួន ដូចជាចិន កូរ៉េខាងត្បូង និងបណ្តាប្រទេសក្នុងសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មពីរោងចក្រFukushima Daiichi នោះ ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុវត្ថិភាពមនុស្ស។
យ៉ាងណាមិញ ក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២០ ខែមីនា ក្នុងសន្និសីទសារព័ត៌មានស្តីពីការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្ម(ALPS treated water) តាមប្រព័ន្ធវីដេអូ បានបញ្ជាក់ជាថ្មីថា ទឹកប្រភេទនេះ មិនបង្កឱ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់ដល់បរិស្ថានឡើយ។
«ទឹកដែលនឹងត្រូវបញ្ចេញ គោរពតាមបទបញ្ញត្តិសុវត្ថិភាព ហើយកម្រិតវិទ្យុសកម្មដែលមាននៅក្នុងទឹក គឺទាបជាងស្តង់ដារកំណត់ឆ្ងាយណាស់»។ លោក Sato Shinichi នាយកផ្នែកកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន បានបញ្ជាក់បែបនេះ ដោយបន្តថា ទឹកទាំងនោះ មិនបង្កការគំរាមកំហែង ឬគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងបរិស្ថាននោះទេ។
ដូចដែលជប៉ុនធ្លាប់បញ្ជាក់ពីមុនមកដែរ លោក Sato បានបន្ថែមថា ទឹកដែលផ្ទុកនៅរោងចក្រថាមពលនុយក្លេអ៊ែរនេះ គឺស្ថិតក្រោមស្តង់ដាដែលបណ្តាប្រទេសមួយចំនួនអនុវត្តទៅទៀត។ មិនតែប៉ុណ្ណោះ វាជារឿងធម្មតានៅទូទាំងពិភពលោក ដែលប្រទេសជាច្រើនបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មទៅក្នុងសមុទ្រ។
ទន្ទឹមនេះ មន្រ្តីជប៉ុនខាងលើ បានប្តេជ្ញាផ្តល់ព័ត៌មានប្រកបដោយតម្លាភាព និងក្នុងពេលវេលាសមរម្យ ដើម្បីឱ្យប្រទេសទាំងអស់បានយល់ពីបញ្ហាបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មនោះ។
ដោយមានក្តីបារម្ភពីបណ្តាប្រទេសជាច្រើន លោក Sato បានថ្លែងថា ជប៉ុន រក្សាការទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ ជុំវិញការបញ្ចេញទឹក ALPS treated water និងបន្តពន្យល់ពីបញ្ហាមួយនេះ។ កន្លងមក ជប៉ុនចង់បញ្ចេញទឹកផ្ទុកក្នុងរោងចក្រ Fukushima Daiichi ប្រមាណ១,៣ លានតោនពីឃ្លាំងស្តុក៕
© រក្សាសិទ្ធិដោយ thmeythmey.com