កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាការិនី ស្រួង ភាវី៖ ការប្រកួតមិនមែនពឹងលើសំណាងទេ តែត្រូវចេះចាប់ឱកាសយកប្រៀបលើដៃគូ 
កីឡាការិនី ស្រួង ភាវី ទទួលពានរង្វាន់ជើងឯក រូបពី Sroung Pheavy
×![]()
កីឡាការិនីប៊ីយ៉ាការ៉ុម ស្រួង ភាវី ឈ្នះពានរង្វាន់លំដាប់កំពូលៗជាបន្ដបន្ទាប់ ដែលនាំឲ្យខ្លួនកាន់តែមានប្រជាប្រិយភាព នៅប្រទេសកូរ៉េខាងត្បូង និងកម្ពុជា។ ភាពល្បីល្បាញរបស់កីឡាការិនី ភាវី បានលើកកម្ពស់ស្ដ្រីកម្ពុជា នៅក្នុងប្រទេសកូរ៉េខាងត្បូង។ កីឡាការិនីកម្ពុជារូបនេះ បានប្រាប់ពីចំណុចសំខាន់ នៃការអនុវត្តមុនប្រកួត និងអំឡុងពេលប្រកួត ដែលជាហេតុឲ្យខ្លួន ឈ្នះជាបន្ដបន្ទាប់នោះ រួមមានការមិនមើលស្រាលដៃគូ ប្រមូលស្មារតីប្រកួត និងចេះចាប់ឱកាសយកប្រៀបលើដៃគូ។
កីឡាការិនី ស្រួង ភាវី បានធ្វើឲ្យប្រជាជនកូរ៉េខាងត្បូង ដែលជាអ្នកគាំទ្រវិស័យកីឡាប៊ីយ៉ាការ៉ុម ភ្ញាក់ផ្អើលសារជាថ្មីម្ដងទៀត បន្ទាប់ពីស្ដ្រីមកពីខេត្តត្បូងឃ្មុំរូបនេះ ប្រកួតឈ្នះ Ga-Young Kim អតីតម្ចាស់ជើងឯក LPBA World Championship 2022 កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសកូរ៉េខាងត្បូង ក្នុងលទ្ធផល ៤-៣ សិត។ ស្រួង ភាវី ម្ចាស់ជើងឯក LPBA World Championship 2023 ឈ្នះជាទឹកប្រាក់ចំនួន ៥២,០០០ អឺរ៉ូ (ជាង៥៥០០០ដុល្លារ)។

កីឡាការិនីប៊ីយ៉ាការ៉ុម វ័យ៣៣ឆ្នាំ បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា ការប្រកួតពានរង្វាន់ប្រភេទកីឡាមួយនេះ មិនមែនពឹងលើសំណាងទេ ប៉ុន្ដែជាការចាប់យកឱកាស ហើយឱកាសនោះ ក៏មិនមានច្រើនដែរ ក្នុងការប្រកួតនីមួយៗ។ ម្យ៉ាងវិញទៀត ដៃគូប្រកួត ក៏មានកម្រិត និងសមត្ថភាពខ្ពស់ មិនចាញ់ខ្លួនប៉ុន្មានដែរ។
កីឡាការិនីជនជាតិកម្ពុជា ដែលទៅរស់នៅប្រទេសកូរ៉េខាងត្បូងជាង១០ឆ្នាំរូបនេះ បានប្រាប់ដូច្នេះថា៖«ខ្ញុំ មិនដែលមើលងាយគូប្រកួតណាមួយឡើយ ព្រោះនៅទីនេះ គេសុទ្ធតែខ្លាំងៗ ប៉ុន្ដែរាល់ការប្រកួត ខ្ញុំតែងប្រឹងប្រមូលស្មារតី និងគិតតែការប្រកួត។ ជាពិសេស ខ្ញុំ ត្រូវចេះចាប់ឱកាស យកឈ្នះ បើមិនអ៊ីចឹងទេ ប្រាកដជាចាញ់ នៅពេលបាត់បង់ឱកាស។ គូប្រកួត គេខ្លាំង បែបគេ យើងខ្លាំងបែបយើង ប៉ុន្ដែសំខាន់គឺចាប់យកឱកាស។»។
គួរបញ្ជាក់ថា កីឡាការិនីវ័យ ៣៣ឆ្នាំ ដែលបានលើកមុខមាត់កម្ពុជា និងតម្លៃស្ដ្រីកម្ពុជា នៅប្រទេសកូរ៉េខាងត្បូង មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ហើយបានទៅរស់នៅប្រទេសកូរ៉េ អស់រយៈពេលជាង១០ឆ្នាំ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីជនជាតិកូរ៉េ ជាប្រជាជននៅខេត្ត Chungcheong នៃប្រទេសកូររ៉េខាងត្បូង៕
Tag:
ស្រួង ភាវី
ប៊ីយ៉ាការ៉ុម
© រក្សាសិទ្ធិដោយ thmeythmey.com