ជាតិ
នៅបារាំង​ រថយន្តចាស់ៗមួយចំនួនត្រូវចតទុកចោល ព្រោះ​ថ្លៃដឹករថយន្តនោះទៅលក់ខ្ពស់​
21, Mar 2023 , 8:59 am        
រូបភាព
ប្រទេសបារាំង៖ តាម​ធម្មតា​នៅ​​​ប្រទេស​បារាំង មិន​សូវ​មាន​រថយន្ដកញ្ចាស់​ដែល​គេទុកចោល​ច្រើន​ប៉ុន្មានទេ ពីព្រោះសម្បូរ​កន្លែងដែល​ទិញ​ឡានចាស់ជិះ​មិន​កើត យក​ទៅ​កាប់​សាច់ យក​គ្រឿង​បន្លាស់​​​លក់បន្ត។​ ប៉ុន្តែ​បើ​សិន​ជា​តម្លៃ​ដឹក​រថយន្ដ​ទៅ​ក្រុមហ៊ុន​អេតចាយ​នោះ វាថ្លៃ​ជាង​តម្លៃ​លក់​ឡាន​ខូចៗទៀត នោះមាន​ម្ចាស់​រថយន្ដ​ខ្លះ ក៏សម្រេចចិត្ត​ទុកចោល​ឡានរបស់​ខ្លួន​​​វិញ។ ពួកគេ​រស់នៅ​ជនបទ ហើយ​មាន​ដី​ទំនេរបន្តិច។ ​នាយ យ៉ាន បាន​រកឃើញ​រថយន្ដ​បុរាណទុក​ចោល​​ ១គ្រឿង នៅ​ខេត្ត​កំណើត​របស់គាត់។ គឺ​ជា​ម៉ាក RENAULT ប្រភេទ 4 ម៉ូឌែល Savane ពណ៌ស ផលិត​ឆ្នាំ​១៩៨៦ ១៩៨៧ ឬ១៩៨៨។ ម្ចាស់​ឡាន​នេះ ​បាន​ចតវា​ចោល​​​ប្រហែល​៤ឆ្នាំហើយ។ វា​ជិះ​មិន​កើត​ទេ។ វា​មាន​គ្រឿង​ពី​ដើម​ច្រើន ប៉ុន្តែ​ច្រែះ​ស៊ី​ដែកច្រើន​ដែរ​។ ខាង​ក្នុង នៅ​ខ្វះ​តែ​កៅអី​ក្រោយ​ប៉ុណ្ណោះ។ ម្ចាស់រថយន្ដ​នេះ ប្រើ​ផ្នែក​ខាង​ក្រោយ​ទុកដប ​ប៊ីដុង និង​ធុងថ្នាំ​​ផ្សេងៗ​ ប្រើ​មួយដងមួយ​កាល។

 
សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

 
RENAULT 4 Savane ត្រូវ​បាន​ផលិតពីឆ្នាំ​១៩៨៦ ដល់​ឆ្នាំ​១៩៩២។ ពាក្យ​បារាំង savane មានន័យ​ថា វាល​ស្មៅ នៅ​ដែនដី​អាកាសធាតុ​ក្ដៅ។ RENAULT 4 គ្រប់​ម៉ូឌែល​ត្រូវ​បាន​ផលិតឡើងសរុប ៨ ១៣៥ ៤២៤គ្រឿង ពីឆ្នាំ១៩៦១ រហូត​ដល់​ឆ្នាំ​១៩៩២ (១៩៩៤ នៅ​ប្រទេស​អេស្ប៉ាញ) ក្នុង​រោងចក្រ​៩​កន្លែង ក្នុងនោះមានរោងចក្រចំនួន៧ ​នៅ​ទ្វីប​អឺរ៉ុប និង​២​នៅ​អាម៉េរិក​ខាង​ត្បូង។ នៅ​ប្រទេស​កម្ពុជា ទំនងជាមានរថយន្តម៉ាក RENAULT 4 ​នេះ មួយ ឬក៏ពីរ​គ្រឿង​ដែរ​។
 
បងប្អូន​បង្កើត​ RENAULT Fernand និង Marcel បាន​បង្កើតក្រុមហ៊ុន RENAULT ​ឆ្នាំ​១៨៩៨ នៅ​ទីក្រុង Boulogne-Billancourt ប្រទេស​បារាំង។ បើតាមចំនួនរថយន្ដ​ផលិត​ ឆ្នាំ​២០២១ ក្រុម​សម្ព័ន្ធ RENAULT-NISSAN-MITSUBISHI ជា​ក្រុម​សម្ព័ន្ធចំណាក់ថ្នាក់លេខ​៣ ​ទូទាំង​ពិភព​លោក៕
 








 

Tag:
 រថយន្ត
  យានយន្ត
  រថយន្តបុរាណ
  ឡានបុរាណ
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com