ភ្នំពេញ៖ មានទាំងប្រជាជន និងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល បានបញ្ចេញមតិយោបល់អំពីការច្នៃម៉ូតសម្លៀកបំពាក់ របស់លោកសិល្បករ ឯម រៀម។ មតិយោបល់ទាំងនោះ មានទាំងគាំទ្រ ,រិះគន់ និងការជេប្រមាថជាដើម។ តើឈុតសម្លៀកបំពាក់ច្នៃពីហូល រំលេចគោមផ្កាចន្ទ ដែលមើលផ្នែកខាងក្រោម កាត់ទម្រង់ស្រដៀងនឹងខោក្នុង(ខោលីអូ) ហើយនៅផ្នែកខាងលើ បិទបាំត្រឹមចុងដង្ហើម ជាគ្រោះមហន្តរាយសម្រាប់វប្បធម៌ខ្មែរឬទេ?
នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានក្លាយជាទីលានបញ្ចេញយោបល់ដ៏ក្ដៅ ជុំវិញការច្នៃម៉ូដសម្លៀកបំពាក់ខាងលើ។ ទោះជាយ៉ាងណាក៏ដោយ ការរិះគន់របស់មហាជនភាគច្រើន ផ្ដោតលើការបញ្ចេញសាច់ដើមទ្រូង។
ផ្ដើមចេញពីមតិរិះគន់។ លោក ជាច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ចេញមតិលើហ្វេសប៊ុករបស់លោក ហាក់បង្ហាញការមិនគាំទ្រ ចំពោះការច្នៃម៉ូតរបស់លោក ឯម រៀម ឡើយ។ លោកបានប្រៀបធៀបថា ការសាងសង់អគារ ប្រសិនគណនាខុសគឺគ្រោះថ្នាក់ ត្រឹមអគារមួយនោះប៉ុណ្ណោះ ប៉ុន្តែសិល្បៈជាវិស្វករព្រលឹងវិញ្ញាណ បើគណនាខុសគឺស្លាប់ព្រលឹងអស់មួយនគរ ហើយនឹងបន្តច្រើនជំនាន់ទៀត។ យ៉ាងណាលោក ជាច័ន្ទបរិបូណ៍ ពុំបានសម្រាយបន្ថែមឡើយ ថាម៉ូតសម្លៀកបំពាក់នោះ ប៉ះពាល់ដល់ដួងព្រលឹងដោយរបៀបណា។
លោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន (រូបពីហ្វេសប៊ុក Chea Chanboribo)
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ ក៏បានឆ្លើយតបថា សាធារណជន ត្រូវបែងចែកឱ្យច្បាស់ ថាអ្វីជាគំនិតសិល្បៈច្នៃប្រឌិតថ្មី ហើយអ្វីជាការបង្ហាញពីវប្បធម៌។
លោក សំបូរ មាណ្ណារ៉ា ពន្យល់៖«សម្លៀកបំពាក់មិនមានកំហុសទេ កំហុសអ្នកស្លៀក។ តើយើងស្លៀកនៅពេលណា តើយើងស្លៀកដើម្បីផលប្រយោជន៍អី? ដើម្បីបង្ហាញប្រាប់ពីសម្លៀកបំពាក់? ឬបង្ហាញប្រាប់ពីអរិយធម៌ ឬវប្បធម៌របស់ជាតិខ្លួនឯង? បើគិតថាបង្ហាញប្រាប់អំពីសម្លៀកបំពាក់ នោះមិនខុសឆ្គងអ្វីទេ ជារឿងធម្មតាទេ វាគឺជាសិល្បៈ ប្រទេសណាក៏ដូចប្រទេសណាដែរ សំខាន់ទីតាំងនៃការបង្ហាញពីការស្លៀកពាក់នោះ»។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ និងជាទីប្រឹក្សាសម្ដេច ហ៊ុន សែន
ចំណែកលោក ឯម រៀម ដែលជាម្ចាស់ស្នាដៃបានអះអាងថា សម្លៀកបំពាក់ដែលលោកច្នៃនោះ គឺកើតចេញពីគំនិតសិល្បៈច្នៃបង្កើតថ្មី។ លោកចង់បង្ហាញអំពីសម័យកាល នៃសម្លៀកបំពាក់សម័យទំនើប។ ដ្បិតតែជាស្នាដៃសហសម័យក៏ពិតមែន ប៉ុន្តែលោក រៀម ថាម៉ូតសម្លៀកបំពាក់នោះ លោកក៏យកតាមម៉ូតសម័យអង្គរដែរ។
លោក ឯម រៀម ពន្យល់បន្ថែម៖«ឈុតនោះខ្ញុំស្រង់ចេញពីសម័យអង្គរ។ ការចេញដើមទ្រូងសម័យណាក៏មានដែរ ហើយម៉ូតបុរាណសម័យអង្គរក៏មានដែរ។ មកដល់សម័យឥឡូវនេះ គេចូលចិត្តពាក់អាវហ្គេន(អាវរឹបរាង) ខ្ញុំច្នៃម៉ូតតាមនោះដែរ។ ដើរកម្មវិធីកម្រាលព្រំ ជាកម្មវិធីសប្បាយៗ ឱ្យស្លៀកបុរាណយ៉ាងម៉េចកើត»។
សិល្បករច្នៃម៉ូតសហសម័យ ឯម រៀម (រូបពីហ្វេសប៊ុក EM Riem
មានការបញ្ចេញមតិយោបល់ លើបណ្ដាញសង្គមថា ការច្នៃម៉ូតបែបលោក ឯម រៀម នឹងធ្វើឱ្យក្មេងជំនាន់១០០ឆ្នាំក្រោយធ្វើ និងស្លៀកពាក់តាម។ ហើយនោះគឺជារឿងគួរឱ្យអាសូរ និងអាម៉ាសបំផុត។
ឆ្លើយតបនឹងគំនិតខាងលើ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានលើកឡើងថា វាមិនប្រាកដថាគេក្មេងជំនាន់ក្រោយ នឹងយកតាម ឬស្លៀកតាមនោះទេ។ លោកថាមនុស្សសម័យទំនើបមានឯកសារ ដូច្នេះពួកគេអាចស្រាវជ្រាវបាន ថាអ្វីជាវប្បធម៌ ហើយអ្វីជាសិល្បៈច្នៃប្រឌិត។ លោក មាណ្ណារ៉ា ថែមទាំងថា ស្នាដៃរបស់លោក ឯម រៀម អាចនឹងក្លាយជាអច្ឆរិយប្រវត្តិសាស្ត្រមួយ នៃសម្លៀកបំពាក់ច្នៃប្រឌិត ថែមទៀតផង។
«អប្សរានៅអង្គរ យើងស្រឡាញ់គ្រប់គ្នា មកដល់ពេលបច្ចុប្បន្ន មានអ្នកណាម្នាក់ យកសម្លៀកបំពាក់ទាំងនោះមកស្លៀក ក្នុងជីវភាពប្រចាំថ្ងៃទេ? អត់ទេណា? គ្រាន់តែគេដឹងថា នោះគឺជាប្រពៃណីវប្បធម៌ខ្មែរសម័យនោះ ដោយគេបានកត់ត្រាទុក។ ដូចគ្នាក្រោយពីអត់ពីប្អូន ឯម រៀម គេគិតថាសម័យហ្នឹងមានការកើនឡើងវប្បធម៌សហសម័យ វប្បធម៌ទំនើបនៃសម្លៀកបំពាក់ ហើយមានម្នាក់ឈ្មោះ ឯម រៀម បានច្នៃកាលសម័យនោះ»។ នេះជាការយល់ឃើញរបស់លោក សំបូរ មាណ្ណារ៉ា។
ចំណែកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានបញ្ចេញមតិយោបល់របស់លោកផងដែរ ដោយលោកបានឱ្យលោក ឯម រៀម យកគំរូច្នៃម៉ូតតាមលោក វ៉ាន់ដា ដែលជាតារាចម្រៀងរ៉េប កំពុងល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំង ពីសាធារណជនក្នុងនិងក្រៅប្រទេស។
«បង ឯម រៀម គួរយកមតិរិះគន់ទៅពិចារណា ហើយបងធ្វើយ៉ាងណាច្នៃឱ្យដូចក្មួយ វ៉ាន់ដា បានច្នៃចាប៉ីដងវែងឱ្យបរទេសស្គាល់ ហើយមានសេចក្ដីថ្លៃថ្នូរ តាមបែបទម្រង់ដើមនៃចាប៉ីដងវែង។ សូមបងកុំច្នៃហួសខ្នាតខ្មែរពេកអី»។ នេះជាមតិរបស់លោក ស្រស់។
លោក ពេជ្រ ស្រស់ ប្រធានគណបក្រយុវជនកម្ពុជា (រូបពីហ្វេសប៊ុក Pich Sros ពេជ្រ ស្រស់)
ឯលោក ឯម រៀម អះអាងថា លោកទទួលយកការរិះគន់ទាំងវិជ្ជមាន និងអវិជ្ជមាន។ ប៉ុន្តែអ្វីដែលលោកទទួលយកមិនបាន គឺការផ្ដល់យោបល់ឱ្យលោកច្នៃម៉ូតតាមគេ។
«អ្នកខ្លះឱ្យខ្ញុំធ្វើឱ្យដូច វ៉ាន់ដា ខ្ញុំទទួលយកមិនបានទេ។ ធម្មតាសិល្បៈ មានភាពជារបស់ខ្លួន បើឱ្យខ្ញុំចម្លងពីគេ ខ្ញុំយល់ថាសាលាសិល្បៈទាំងអស់គួរតែបិទទៅ ហើយចាំតែចម្លងគេទៅបានហើយ»។ នេះជាការអះអាងរបស់លោក ឯម រៀម។
យ៉ាងណាក៏ដោយ សិល្បករដែលបានបញ្ជប់ការសិក្សា ថ្នាក់បណ្ឌិតផ្នែកសិល្បៈ ពីប្រទេសបារាំងរូបនេះ អះអាងថា នេះពុំមែនជាលើកទីមួយឡើយសម្រាប់លោក ដែលសាធារណជនរិះគន់ ពោលគឺតាំងពីលោកប្រឡូកចូលក្នុងវិស័យសិល្បៈដើរម៉ូតមកម្ល៉េះ ធ្លាប់ជួបរឿងបែបនេះហើយ។ ចំពោះការរិះគន់ទាំងនោះ ក៏ធ្វើឱ្យសិល្បៈករច្នៃម៉ូតសហសម័យរូបនេះ បាក់ទឹកចិត្តមិនចង់ដើរទៅមុខម្ដងម្កាលដែរ។
លោក រៀម រំលឹក៖«គេរិះគន់តាំងពីខ្ញុំចូលសិល្បៈដើរម៉ូតម្ល៉េះ។ គេថាខ្ញុំខ្មៅ ទាប សក់កន្ទើង ស្គម។ ខ្ញុំទទួលយក ព្រោះខ្ញុំនៅក្នុងសិល្បៈ។ បាក់ទឹកចិត្តចេះតែមាន ប៉ុន្តែម្ដេចគេហៅថាស៊ូៗ។ ដើរលើវិថីហ្នឹង វាតែងតែធ្លាក់ទឹក ធ្លាក់ផុក លិចទូកអីម្ដងម្កាល ប៉ុន្តែយើងអាចស្ដារបាន។ មិនថាសិល្បៈស្រុកយើងឬស្រុកគេទេ វាតែងតែបាក់ទឹកចិត្ត។ មិនអានការបញ្ចេញយោបល់(Comment) មិនអីទេ ប៉ុន្តែពេលអាន(អួល)វាចេញមក ប៉ុន្តែទុកមួយរយៈធូរហើយមិនអីទេ។ ម្សិលមិញនិងថ្ងៃនេះព្យុះមែនទែន តាំងពីថ្នាក់ដឹកនាំធំៗ»។
សម្រាប់សិល្បករច្នៃម៉ូតបែបសកលរូបនេះ គឺមានច្រើនស្នាដៃមកហើយ ដែលទទួលរងការរិះគន់ តាំងពីការច្នៃម៉ូតឈុតអប្សរាឱ្យមនុស្សប្រុសស្លៀកពាក់ និងការច្នៃសម្លៀកបំពាក់ផ្សេងៗទៀត ដែលសាធារណជនយល់ថា ទង្វើទាំងនោះនឹងធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ជាតិ។ ប៉ុន្តែក្រសួងវប្បធម៌មិនបានបង្ហាញប្រតិកម្មអ្វីឡើយ។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឡើយ ជុំវិញការច្នៃម៉ូតរបស់លោក ឯម រៀម ដែលធ្វើឱ្យសាធរណជនថ្នាំងថ្នាក់នោះ ។
លោក ឯម រៀម សិល្បករសហសម័យ (រូបពីហ្វេសប៊ុក EM Riem
ពាក់ព័ន្ធនឹងករណីនេះដែរ លោក ឯម រៀម ក៏បានអះអាងថា កន្លងទៅក្រសួងមិនដែលកោះហៅ ឬឱ្យលោក បញ្ឈប់សកម្មភាពច្នៃម៉ូត ដែលរងការរិះគន់ឡើយ។ លោកថាទំនងជាក្រសួង យល់ពីអ្វីដែលហៅថាការច្នៃប្រឌិតតាមសម័យកាល ទើបបានជាក្រសួងពុំដែលកោះហៅលោក។
«ក្រសួងមិនដែលទាក់ទងមកខ្ញុំផង និងមិនដែលមានប្រតិកម្មអ្វីទាំងអស់ ប្រហែលជាគាត់យល់ថា អ្វីដែលហៅថាការច្នៃម៉ូត។ យើងនៅក្នុងវិចិត្រសិល្បៈ ហើយអ្នកនៅក្នុងវប្បធម៌ ចេញពីវិចិត្រសិល្បៈ ដូច្នេះយើងយល់ពីអ្វីដែលហៅថាសម័យកាល។ យើងមានម៉ូតតាមសម័យកាលនីមួយៗ សម័យនេះគេចូលចិត្តពាក់ហ្គេន ចូលចិត្តពាក់រឹបរាង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឯម រៀម។
ចំណែកលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា ក៏បានបញ្ចេញមតិយោបល់លើហ្វេសប៊ុករបស់លោកដែរ ដោយហាក់បង្ហាញពីការរកច្រកចេញ ដើម្បីកុំឱ្យបង្ករការបែកបាក់សាមគ្គី។ លោកក៏សង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ នឹងចូលខ្លួនជួយសម្របសម្រួលរឿងនេះដែរ។
«ការបញ្ចេញទស្សនៈទាំងអស់ ពិតជាមានតម្លៃ ប៉ុន្តែមិនគួរឱ្យការបញ្ចេញមតិយោបល់ទាំងនោះ ក្លាយជាទំនាស់ការរឹតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមឡើយ។ ខ្ញុំសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គលដែលជាកម្មវត្ថុផ្ទាល់ និងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិ»។ នេះជាការបន្ថែមរបស់លោក ម៉ានី។
យ៉ាងណាក៏ដោយ លោក សំបូរ មាណ្ណារ៉ា ទីប្រឹក្សាសម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តលោក ឯម រៀម ឱ្យបន្តស្នាដៃរបស់ខ្លួនទៅមុខទៀត ។ សាស្រ្តាចារ្យប្រវត្តិសាស្ត្រខ្មែររូបនេះ ថាអ្វីដែលលោក ឯម រៀម ធ្វើគឺជាគំនិតលូតលាស់នៃសិល្បៈខ្មែរ។ លោកក៏បានអំពាវនាវដល់សាធារណជន សូមឱ្យតម្លៃនិងកម្លាំងចិត្តដល់កលោក ឯម រៀម និងលើកតម្កើងសមត្ថភាព និងការច្នៃប្រឌិតនេះ។ លោកថាសាធារណជន គួរចាត់ទុកស្នាដៃរបស់លោក រៀម ជាការបង្ហាញបែបសិល្បៈ មិនមែនជាការបង្ហាញបែបប្រពៃណីទេ។
«សូមដើរទៅមុខជានិច្ច កុំជំពប់ជើងជាមួយមនុស្សស្អប់យើង ប៉ុន្តែត្រូវបំពេញបង្គ្រប់ដល់ក្រុមមនុស្សដែលស្រឡាញ់យើង។ សូមបញ្ជាក់ថាមនុស្សខ្មែរ មិនរាថយក្នុងការច្នៃប្រឌិតដើម្បីបង្កើតថ្មីទេ ប៉ុន្តែសុំកុំឱ្យភ្លេចថា របស់ថ្មីគឺបែបនេះ ហើយរបស់ចាស់គឺបែបនោះ»។ នេះជាការជំរុញលើកទឹកចិត្តរបស់ លោក សំបូរ មាណ្ណារ៉ា៕