អន្តរជាតិ
លោក ពូទីន ប្រាប់លោក ស៊ី ថា រុស្ស៊ីបើកចំហដល់ការជជែកពីសំណើចិនដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន
21, Mar 2023 , 9:35 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ រូបថត AFP
ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ប្រាប់សមភាគីចិន ស៊ី ជិនភីង នាជំនួបក្រៅផ្លូវការថា រុស្ស៊ីបើកចំហដល់ការជជែកពីសំណើរបស់ចិនដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ ប៉ុន្តែអាម៉េរិកឯណោះនៅតែមិនជឿជាក់លើតួនាទីរបស់ចិនក្នុងការបញ្ចប់ការប្រយុទ្ធគ្នា។

 
ប្រធានាធិបតីចិន ស៊ី ជិនភីង កំពុងធ្វើទស្សនកិច្ចនៅរដ្ឋធានីមូស្គូ ដែលជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងក្រោយបន្តកាន់តំណែងនៅអាណត្តិទី៣។ ទៅដល់រុស្ស៊ី លោក ស៊ី ក៏មានជំនួបក្រៅផ្លូវការមួយទល់មួយជាមួយប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅវិមា​នក្រេមឡាំង ហើយលោក ពូទីន ក៏និយាយដល់សំណើ១២ចំណុចរបស់ចិនដើម្បីរកច្រកចេញពីវិបត្តិនៅអ៊ុយក្រែន។
 
​នាជំនួបថ្ងៃទី២០ ខែមីនា លោក ពូទីន និយាយថា រុស្ស៊ីតែងបើកចំហដល់ការចរចា។ ប្រធានាធិបតីរុស្ស៊ីក៏ស្វាគមន៍ជំហររបស់ចិនដែលចង់ដើរតួនាទីប្រកបដោយស្ថាបនាក្នុងការបញ្ចប់ជម្លោះផងដែរ។ ចំណែកលោក ស៊ី វិញ ក៏បញ្ជាក់ពីការចេញចិត្តទំនាក់ទំនងទ្វេភាគីចិន-រុស្ស៊ី។
 
ទស្សនកិច្ចរបស់ប្រធានាធិបតីចិននៅរុស្ស៊ី ត្រូវមើលឃើញថា ជាការអះអាងការគាំទ្ររបស់ចិនចំពោះរុស្ស៊ីដែលឯកោលើឆាកអន្តរជាតិ។ លោក ពូទីន ផ្ទាល់ ក៏ទើបត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិចេញដីកាឱ្យចាប់ខ្លួនផងដែរ។ អាម៉េរិក ដែលចោទចិនថា ប៉ុនប៉ងផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ី ក៏នៅតែមិនទុកចិត្តចិនអាចដោះស្រាយបញ្ហានេះបានផែនការ១២ចំណុចរបស់ខ្លួន។
 
ក្នុងសេចក្ដីប្រកាសថ្ងៃទី២០ ខែមីនា ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន បញ្ជាក់ថា រុស្ស៊ីតែឯងប៉ុណ្ណោះអាចបញ្ចប់សង្រ្គាមនៅថ្ងៃនេះ។ លោក ប្លីងខិន បន្តទៀតថា លុះត្រាតែរុស្ស៊ីបញ្ចប់ អាម៉េរិកនៅតែបន្តគាំទ្រអ៊ុយក្រែន។
 
ចំណែកអ៊ុយក្រែនវិញ ក៏ទទូចជាថ្មីឱ្យទីក្រុងប៉េកាំងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនឱ្យរុស្ស៊ីដកទ័ព៕ 
 

Tag:
 រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com