អន្តរជាតិ
លោក ពូទីន ចាត់ទុកអាហ្រ្វិកជាដៃគូអាទិភាព និងលុបបំណុលជាង២០ពាន់លានដុល្លារ
21, Mar 2023 , 10:59 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២០ ខែមីនា បានបញ្ជាក់ថា ការធ្វើឱ្យស៊ីជម្រៅចំពោះទំនាក់ទំនងរុស្ស៊ី និងអាហ្រ្វិក ជាគោលដៅដ៏សំខាន់សម្រាប់រដ្ឋាភិបាលក្រុងមូស្គូ។ លោកពូទីន ក៏បានលុបចោលបំណុលច្រើនជាង២០ពាន់លានដុល្លារសម្រាប់រដ្ឋអាហ្រ្វិកផង។

 
រុស្ស៊ី ជាដៃគូនាំចេញអាវុធដ៏សំខាន់មួយទៅអាហ្រ្វិក។ ខណៈរងទណ្ឌកម្មជាច្រើនពីសំណាក់លោកខាងលិច រុស្ស៊ី កំពុងស្វះស្វែងរកដៃគូនៅតំបន់ផ្សេង ជាពិសេសអាស៊ី និងអាហ្រ្វិក។ ក្នុងសន្និសីទមួយលើទំនាក់ទំនងរុស្ស៊ី-អាហ្វ្រិកនៅថ្ងៃទី២០ ខែមីនា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ពីការពង្រឹងទំនាក់ទំនងជាមួយអាហ្វ្រិក។ 
 
«អនុញ្ញាតឱ្យខ្ញុំបញ្ជាក់ថា ប្រទេសរបស់យើងតែងតែផ្តល់ និងបន្តផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអាហ្រ្វិក»។ លោក ពូទីន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២០ ខែមីនា ដោយបន្តថា រុស្ស៊ី នឹងបន្តផ្គត់ផ្គង់គ្រាប់ធញ្ញជាតិជាមួយអាហ្រ្វិក បើទោះខ្លួនដើរចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិជាមួយអ៊ុយក្រែនក៏ដោយ។ 
 
កន្លងមក រុស្ស៊ី បានយល់ព្រមបន្តរយៈពេលកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិជាមួយអ៊ុយក្រែន ត្រឹមរយៈពេល ៦០ថ្ងៃប៉ុណ្ណោះ។ 
 
ទន្ទឹមនេះ មេដឹកនាំរុស្ស៊ី បានអះអាងថា ក្រុងមូស្គូ បានលុបចោលបំណុលសម្រាប់អាហ្រ្វិកច្រើនជាង២០ពាន់លានដុល្លារ ខណៈទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរ បន្តកើនឡើងជារៀងរាល់ឆ្នាំ។ បើតាមលោកពូទីន ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងអាហ្វ្រិកបានកើនជិតដល់ ១៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu។ 
 
ក្នុងវេទិកាដដែលនោះ មេដឹកនាំរុស្ស៊ី បានបន្ថែមថា រដ្ឋអាហ្រ្វិក កាន់តែមានទម្ងន់ធ្ងន់ឡើងនៅក្នុងកិច្ចការអន្តរជាតិ។ ត្រង់ចំណុចនេះ លោកពូទីន បានយល់ថា អាហ្រ្វិកនឹងក្លាយជាមេដឹកនាំមួយរូបនៅក្នុងសណ្តាប់ធ្នាប់ពិភពលោកពហុភាគីនិយមថ្មី៕
 
 

Tag:
 (រុស្ស៊ី
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com