អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុន ធ្វើទស្សនកិច្ចនៅអ៊ុយក្រែនលើកដំបូង ចាប់តាំងពីសង្រ្គាមផ្ទុះឡើង 
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន (ខាងស្តាំ) និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
×![]()
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២១ ខែមីនា កំពុងបំពេញទស្សនកិច្ចទៅអ៊ុយក្រែន ក្រោយទស្សនកិច្ចផ្លូវការនៅឥណ្ឌា។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK។
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២០ ខែមីនា បានបំពេញទស្សនកិច្ចនៅឥណ្ឌា និងបានជួបជាមួយសមភាគីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី ដើម្បីជជែកលើកិច្ចសហប្រតិបត្តិការទ្វេភាគី សន្តិសុខ និងពាណិជ្ជកម្មជាច្រើន។ ក្រោយចាកចេញពីឥណ្ឌា លោក ហ្វូមីអូ មិនបានត្រលប់មកប្រទេសវិញឡើយ ប៉ុន្តែលោកបានឆ្ពោះទៅប៉ូឡូញ ក្នុងគោលបំណងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។
តាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK នាយករដ្ឋមន្រ្តីជប៉ុន បានឡើងលើរថភ្លើងនៅទីក្រុង Przemysl ប៉ូឡូញ នាវេលាម៉ោង ១និង៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២១ ខែមីនា ដើម្បីឆ្ពោះទៅក្រុងកៀវ ក្នុងគោលបំណងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។
នេះជាលើកដំបូងនៃដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា ទៅអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២២។ មិនតែប៉ុណ្ណោះ វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្រ្តីជប៉ុន ទៅប្រទេសដែលកំពុងមានសង្រ្គាម ឬមានការប្រយុទ្ធគ្នា ចាប់តាំងពីចប់សង្រ្គាមលោកលើកទីពីរមក។
ក្នុងដំណើរទស្សនកិច្ចនោះ ប្រមុខរដ្ឋាភិបាលជប៉ុន និងជាប្រធានផ្លាស់វេននៃក្រុមប្រទេសអ្នកមានទាំង៧ (G7) នៅក្នុងឆ្នាំនេះ គ្រោងនឹងជជែកពីការគាំទ្របន្ថែមចំពោះអ៊ុយក្រែនប្រឆាំងរុស្ស៊ី ការកសាងប្រទេសឡើងវិញ ក៏ដូចជាជំនួយមនុស្សធម៌ជាដើម។
កន្លងមក រដ្ឋាភិបាលក្រុងតូក្យូ បានផ្តល់ជំនួយច្រើនជាង ៧ពាន់លានដុល្លារទៅអ៊ុយក្រែន និងបានទទួលយកប្រជាជនចំណាកស្រុកអ៊ុយក្រែនច្រើនជាង ២ពាន់នាក់ ដោយជួយឱ្យមានការងារ អប់រំ និងការគាំទ្រលើផ្ទះសម្បែង ស្របពេលប្រទេសអាស៊ីខាងកើតនេះ មានការរឹតត្បិតលើគោលនយោបាយអន្តោប្រវេសន៍។
កន្លងមក ជប៉ុន ក៏ធ្លាប់បានចូលរួមជាមួយបណ្តាប្រទេសលោកខាងលិចផងដែរ ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែន៕
© រក្សាសិទ្ធិដោយ thmeythmey.com