ជាតិ
ជប៉ុន ចង់បង្កើតរោងចក្រផលិតអេតាណុល ដោយប្រើវត្ថុធាតុដើមពីដំឡូងមី នៅកម្ពុជា
21, Mar 2023 , 2:35 pm        
រូបភាព
 ជំនួបពិភាក្សា លោក ឌិត ទីណា ក្រសួងកសិកម្ម និងក្រុមហ៊ុន KOJIMAHOLDINGS Co.
ជំនួបពិភាក្សា លោក ឌិត ទីណា ក្រសួងកសិកម្ម និងក្រុមហ៊ុន KOJIMAHOLDINGS Co.
ភ្នំពេញ៖ ក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd របស់ជប៉ុនគ្រោងបង្កើតរោងចក្រផលិតអេតាណុល ( Ethanol) នៅកម្ពុជាដោយប្រើប្រាស់វត្ថុធាតុដើមពីដំឡូងមី។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចង់ឱ្យគម្រោងមួយនេះ លេចចេញជារូបរាងក្នុងពេលឆាប់ៗដើម្បីរួមចំណែកកាត់បន្ថយឧស្ម័នកាបូនិច ជួយដល់បរិស្ថាន និងលើកកម្ពស់ជីវភាពពលរដ្ឋ។




គំនិតចង់បង្កើតរោងចក្រអេតាណុលនេះ ត្រូវបានលោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុនKOJIMAHOLDINGS Co.,Ltd យកទៅពិភាក្សាជាមួយ លោក ឌិត ទីណារដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី ១៧ ខែមីនា នៅទីស្ដីការក្រសួងកសិកម្ម។ រដ្ឋមន្រ្តីកសិកម្ម គាំទ្រឱ្យមានការវិនិយោគបង្កើតរោងចក្រផលិតសារធាតុអេតាណុល នៅកម្ពុជាដោយមើលឃើញថា វាអាចរួមចំណែកកាត់បន្ថយឧស្ម័នកាបូនិច ជួយដល់បរិស្ថាននិងលើកកម្ពស់ជីវភាពពលរដ្ឋ។ 
  

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម (ស្ដាំ) និងលោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd (ឆ្វេង)។ រូបភាព៖ ក្រសួងកសិកម្ម 
 
លោក ឌិត ទីណា ចង់ឱ្យគម្រោងនេះ លេចចេញជារូបរាងឡើងដោយក្រសួងនឹងជួយសម្រួលឱ្យមានការចាប់ដៃសហការក៏ដូចជារកដៃគូវិនិយោគនានាពោលគឺទាំងទិដ្ឋភាពផ្លូវច្បាប់ បច្ចេកទេស និងនយោបាយព្រមទាំងជួយជំរុញឱ្យមានការចូលរួមពីកសិករ អ្នកផលិតដើម្បីផ្គត់ផ្គង់ឱ្យស្របទៅតាមតម្រូវការរបស់ជប៉ុនផងដែរ។ 
 
ក្នុងឱកាសនេះ លោកបានណែនាំឱ្យក្រុមហ៊ុនសិក្សាឱ្យបានច្បាស់លាស់ពីខ្សែច្រវាក់តម្លៃដំឡូងមីនៅកម្ពុជាថ្លៃដើមផលិត ទីតាំងរោងចក្រ និងការដឹកជញ្ជូនជាដើមដើម្បីឱ្យដំណើរការប្រព្រឹត្តទៅរលូន និងនិរន្តរភាព។ ដោយឡែក ការដឹកជញ្ជូនផ្លូវទឹកគឺជាជម្រើសដ៏ល្អបំផុត ដែលអាចជួយកាត់បន្ថយថ្លៃដើមបានច្រើន។ បន្ថែមពីលើនេះចំណុចសំខាន់ក្នុងការសហការធ្វើការងារជាមួយគ្នាក្រុមហ៊ុនត្រូវគិតគូរក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដើម្បីធានានូវទំនុកចិត្តការផលិត ការផ្គត់ផ្គង់ និងតម្លៃ។  
 
ក្រុមហ៊ុន មានបំណងវិនិយោគលើការផលិតសារធាតុអេតាណុល ចេញពីដំឡូងមី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យានិងឧបករណ៍ទំនើប។ នេះជាការបញ្ជាក់របស់ លោក ឌិត ទីណា។ 
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួន ១៤៨.៣១០តោន ទៅប្រទេសវៀតណាម និងថៃ។កាកសំណល់ដំឡូងមី ៣៤.៦៦៤តោន និងចំណិតដំឡូងមីក្រៀម ៧៧៨.៥២៨តោន នាំចេញទៅវៀតណាម ថៃនិងចិន និងម្សៅដំឡូងមី ១៣.៤៦៧,៣០តោន នាំចេញទៅប្រទេសចិន ជប៉ុន និងឥណ្ឌា៕
 
 

Tag:
 កសិកម្ម
  លោក ឌិត ទីណា
  អេតាណុល
© រក្សាសិទ្ធិដោយ thmeythmey.com