ជាតិ
សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចុះMoUជាមួយ​មជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ដើម្បីជួយនិស្សិតក្នុងវិស័យកសិកម្ម
21, Mar 2023 , 2:59 pm        
រូបភាព
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយមជ្ឈ​មណ្ឌល​កសិកម្មអន្តរជាតិកូរ៉េ (KOPIA) ដើម្បីជួយដល់សិស្សនិស្សិត ក្នុងការសិក្សាស្រាវជ្រាវ និងចុះកម្មសិក្សា ដែលផ្តល់ចំណេះជំនាញ ក្នុងការធ្វើកសិកម្មឱ្យមានប្រសិទ្ធភាព។

 
អនុស្សរណៈយោគយល់នេះ ធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ រវាងលោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង លោក Song Young-Ju នាយកនៃមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។​ 
 


កិច្ចសហប្រតិបត្តិនេះមានរយៈពេលប្រាំឆ្នាំ ដោយផ្តោតទៅលើសកម្មភាពកិច្ចការស្រាវជ្រាវ និង ការបញ្ជូននិងទទួលសិស្សនិស្សិត សម្រាប់ការធ្វើដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីហាត់ការផ្សេងៗ។ ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលភាគីទាំងពីរបានធ្វើកិច្ចព្រមព្រៀងគ្នា។
 
លោក ង៉ោ ប៊ុនថាន បានលើកឡើងថា​ កិច្ចសហការនាពេលកន្លងមកបានជួយគាំទ្រដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយសង្ឃឹមថាកិច្ចសហការនេះ នឹងបន្តទៅមុខទៀតយ៉ាងរលូន តាមរយៈអនុស្សរណៈយោគយល់ ជាពិសេសជួយដល់ សិស្សនិស្សិត ក្នុងការសិក្សាស្រាវជ្រាវ និងមានកម្មវិធីហាត់ការ ដែលផ្តល់ចំណេះជំនាញ ក្នុងការធ្វើកសិកម្មឱ្យមានប្រសិទ្ធភាព។
 


បើតាមលោក ប៊ុនថាន សិស្សនិស្សិតក៏នឹងត្រូវបានបញ្ជូន ទៅសិក្សាស្រាវជ្រាវ លើផលិតកម្មដំណាំពោត នៅឯស្ថានីយស្រុកបន្ទាយដែក ដែលអាចឱ្យពួកគេទទួលបាននូវចំណេះពិតៗ ផ្សារភ្ជាប់នឹងការអនុវត្ត។ ​
 
លោក Song Young-Ju នាយកនៃមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) បានបង្ហាញថា ការជួយគាំទ្រដល់សិស្សនិស្សិតកសិកម្ម និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម គឺធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍ ប្រកបដោយលទ្ធផលល្អ។ បន្ថែមពីនេះ ការជួយគាំទ្រក្នុងការផ្តល់គម្រោងផ្សេងៗដូចជា គម្រោងដំណាំដំឡូងបារាំង គម្រោងដំណាំផ្សិត គម្រោងសត្វល្អិត និងការជួយផ្នែកហរិញ្ញវត្ថុជាដើម គឺក្នុងគោលបំណងសំរេចបាននូវលទ្ធផលល្អប្រសើរ សម្រាប់កម្ពុជានាពេលអនាគត។
 
KOPIA មានវត្តមានដំបូងក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១០ ដោយមានគោលដៅអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មតាមតម្រូវការ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការកសាងសមត្ថភាពផងដែរ។ បន្ថែមពីនេះ មជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ក៏កំពុងអនុវត្តគម្រោងបច្ចេកវិទ្យាកសិកម្មជាច្រើនសម្រាប់សហករណ៍ ដោយមានជំនួយពីស្ថាប័នដៃគូ៕




 

 

Tag:
 កសិកម្ម
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com