កីឡាអន្តរជាតិ
អន្តរជាតិ
Rashford នឹងខកខានជួយក្រុមអង់គ្លេសនាការប្រកួតជម្រុះ Euro 2024 ដោយសាររបួស
21, Mar 2023 , 3:32 pm        
រូបភាព
​Marcus Rashford នឹងខកខានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជម្រុះពានរង្វាន់ ​Euro 2024 ទល់អ៊ីតាលី និងអ៊ុយក្រែននាចុងសប្តាហ៍នេះ ដោយសាររងរបួសអំឡុងការប្រកួតទល់ក្រុម Fulham ក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយ FA Cup សប្តាហ៍មុន។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA ថ្ងៃទី២០ ខែមីនា។



អំឡុង World Cup ឆ្នាំ២០២២នៅកាតា ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ​ របស់ក្រុម Manchester United ស៊ុតបាល់បញ្ចូលទីបាន ៣គ្រាប់ឱ្យក្រុមរហស្សនាមតោកំណាចអង់គ្លេស។ តាំងពីបើករដូវកាល ២០២២-២៣ គិតមកដល់ពេលនេះ Rashford រកបានគ្រាប់បាល់ចំនួន ៣០គ្រាប់ហើយទាំងនៅក្លិប និងជម្រើសជាតិ។
 
អ្វីដែលគួរឱ្យសោកស្តាយ Rashford មិនអាចជួយអង់គ្លេសប្រកួតជម្រុះពានរង្វាន់ទ្វីបអឺរ៉ុប Euro ឆ្នាំ២០២៤ បានទេ ដោយសាររបួស។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ មានរបួសអំឡុងពេលប្រកួតទល់ក្រុម Fulham ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup កន្លងទៅ។
 
ដោយឡែក Mason Mount កីឡាករខ្សែបម្រើរបស់ក្រុម Chelsea ក៏ត្រូវបានរាយការណ៍ថាមិនមានវត្តមានសម្រាប់ជម្រើសជាតិអង់គ្លេសដូចគ្នាដោយសារតែបញ្ហារបួស។ 
 
ទន្ទឹមនឹងនេះ អ្នកចាំទីមកពីក្រុម ​Tottenham Hotspur កីឡាករ Fraser Forster ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិជំនួសអ្នកចាំទី ​Nick Pope ដែលរបួស។ អ្នកចាំទី Forster ធ្លាប់បានចូលជម្រើសជាតិដំបូងក្នុងឆ្នាំ ២០១៣ ហើយលេងបាន ៦ប្រកួត បុន្តែចាប់តាំងពីឆ្នាំ ២០១៦ កីឡាករចាំទីរូបនេះមិនដែលជាប់ជម្រើសជាតិអង់គ្លេសទៀតឡើយ។ 
 
សម្រាប់ការប្រកួតជម្រុះ ​Euro 2024 ដំបូងរបស់ក្រុមអង់គ្លេស នឹងត្រូវប៉ះក្រុមម្ចាស់ការពារជើងឯកអ៊ីតាលីក្នុងទីក្រុង Naples ថ្ងៃទី២៣ មីនា មុនវិលមកទទួលស្វាគមន៍អ៊ុយក្រែននៅកីឡដ្ឋាន Wembley ថ្ងៃទី២៦ មីនា៕
 
 

Tag:
 Marcus Rashford
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com