អន្តរជាតិ
អាមេរិក បង្ហាញរបាយការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅឥណ្ឌាដែលមិនសូវល្អ 
×![]()
របាយការណ៍ប្រចាំឆ្នាំរបស់អាមេរិកស្ដីអំពីការអនុវត្តសិទ្ធិមនុស្សដែលចេញផ្សាយនៅថ្ងៃទី២០ ខែមីនាបង្ហាញពីបញ្ហាសិទ្ធិមនុស្សដែលគួរឱ្យកត់សម្គាល់របស់ឥណ្ឌា និងការរំលោភបំពានសិទ្ធិដែលកំណត់គោលដៅលើជនភាគតិច អ្នកប្រឆាំង រួមទាំងអ្នកកាសែតជាដើម។
ជាការរិះគន់ដ៏កម្រលើសម្ព័ន្ធមិត្តរបស់ខ្លួន អាម៉េរិកបានបង្ហាញរបាយការណ៍មួយដែលបញ្ជាក់ពីការរកឃើញរបស់អាមេរិកករណីបំពានសិទ្ធិមនុស្សរបស់ឥណ្ឌា។ សកម្មភាពបំពាន បង្កដោយរដ្ឋាភិបាល ប៉ូលិស និងមន្ត្រីនៅពន្ធនាគារមួយចំនួនទៀត។
យោងតាមរបាយការណ៍របស់អាមេរិក បញ្ហាសិទ្ធិមនុស្សដែលគួរឱ្យកត់សម្គាល់នៅឥណ្ឌាក៏រួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការធ្វើទារុណកម្ម ឬប្រពឹត្តិអំពើឃោរឃៅអមនុស្សធម៌ដោយប៉ូលិស ឬមន្ត្រីពន្ធនាគារលើអ្នកទោសនយោបាយ និងអ្នកជាប់ឃុំ ក៏ដូចជាការចាប់ខ្លួន ការកាត់ទោសដោយអយុត្តិធម៌លើអ្នកសារព័ត៌មានផងដែរ។
អ្វីដែលក្រុមការពារសិទ្ធិមនុស្សនៅឥណ្ឌាបារម្ភ គឺគោលនយោបាយ និងសកម្មភាពរបស់រដ្ឋាភិបាល ឥណ្ឌាដែលកំណត់គោលដៅលើប្រជាជនមូស្លីមក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់គណបក្សជាតិនិយមហិណ្ឌូរបស់នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី។
ក្នុងឆ្នាំ ២០២២ អាជ្ញាធរបានកម្ទេចចោលហាង និងទ្រព្យសម្បត្តិខុស ច្បាប់ដែលភាគច្រើនស្ថិតក្រោមកម្មសិទ្ធិប្រជាជនមូស្លីមនៅឥណ្ឌា។ អ្នករិះគន់បានចាត់ទុកសកម្មភាពនេះជាការប៉ុនប៉ងដើម្បីបំភ័យប្រជាជនមូស្លីមចំនួន២០០លាននាក់ក្នុងប្រទេសមួយនេះ។ យ៉ាងណាមិញរដ្ឋាភិបាលបានការពារចំណាត់ការរបស់ខ្លួនជាការអនុវត្តច្បាប់ទៅវិញ។
«សកម្មជនសិទ្ធិមនុស្សបានរាយការណ៍ពីរដ្ឋាភិបាលដែលត្រូវបានចោទប្រកាន់ថា កំណត់គោលដៅលើអ្នករិះគន់ក្នុងចំណោមសហគមន៍មូស្លីម និងបានប្រើប្រាស់គ្រឿងចក្រឈូសឆាយបំផ្លាញផ្ទះសម្បែង និងជីវភាពរបស់ពួកគេដោយគ្មានដំណើរការត្រឹមត្រូវ»។ របាយការណ៍ខាងលើសរសេរបែបនេះរួចបន្តថា អង្គការសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភពីការប្រើប្រាស់ច្បាប់ទប់ស្កាត់សកម្មភាពខុសច្បាប់ ដើម្បីឃុំខ្លួន សកម្មជនសិទ្ធិមនុស្ស និងអ្នកកាសែត។
គួរបញ្ជាក់ថា ចាប់តាំងពីលោក ម៉ូឌី ចូលកាន់តំណែងក្នុងឆ្នាំ២០១៤ ឥណ្ឌាបានធ្លាក់ចុះពីចំណាត់ថ្នាក់ទី១៤០ នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អង្គការអ្នករាយការណ៍គ្មានព្រំដែនទៅចំណាត់ថ្នាក់ទី១៥០ កាលពីឆ្នាំមុនដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន៕
© រក្សាសិទ្ធិដោយ thmeythmey.com