កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
វេទិកា OCA/OS Athlete ជួយអត្តពលិកទប់ស្កាត់ឧបាយពេលប្រកួត អភិវឌ្ឍអាជីពកីឡា…
22, Mar 2023 , 8:59 am        
រូបភាព
លោក ហែម គិរី ទទួលបាល់ទឹក រូបពី Kiry Hem
លោក ហែម គិរី ទទួលបាល់ទឹក រូបពី Kiry Hem
វេទិកា OCA/OS Athlete របស់គណៈកម្មការអូឡាំពិកអាស៊ី ជាឱកាសសម្រាប់គណៈកម្មការ និងអត្តពលិកតំណាងប្រទេសក្នុងតំបន់អាស៊ីទាំងអស់ ចែករំលែកចំណេះដឹងពីការរៀបចំ និងជួយគាំទ្រឧបត្ថម្ភ ដល់អត្ដពលិកទាំងអស់ក្នុងប្រទេសនីមួយៗ។ នេះបើតាមការអះអាងរបស់លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក។ OCA/OS Athlete ក៏បានបង្រៀនពីការការពារអត្ដពលិក, ការទប់ស្កាត់ឧបាយកលអំឡុងពេលប្រកួត, ការអភិវឌ្ឍអាជីពកីឡាករ និងការប្រឆាំងគ្រឿងញៀនក្នុងវិស័យកីឡា។



លោក ហែម គិរី និង លោកស្រី ចូវ សុធារ៉ា ជាតំណាងឲ្យកម្ពុជា បានចូលរួមវេទិកា OCA/OS Athlete នៅទីក្រុងបាងកក ប្រទេសថៃ ដែលរៀបចំដោយគណៈកម្មការអូឡាំពិកអាស៊ី។ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសបុកថា ក្នុងវេទិកានេះ ប្រតិភូតំណាងគណៈកម្មការអូឡាំពិកប្រទេសនីមួយៗ បានចែករំលែកបទពិសោធន៍ ពីការគ្រប់គ្រងរៀបចំ គណៈកម្មការ និងអត្ដពលិកពីប្រទេសខ្លួន។
  

លោក ហែម គិរី និងលោកស្រី ចូវ សុធារ៉ា អង្គុយ ខាងឆ្វេងដៃក្នុងវេទិកា OCA-OS Athletes Forum រូបពី Kiry Hem
 
«ការចូលរួមនេះ ទទួលបានច្រើន យល់ដឹងពីការជួយគាំទ្រសុវត្ថិភាពផ្សេងៗ ដល់អត្ដពលិក ក៏ដូចជាការផ្ដល់ចំណេះដឹង នៅពេលអ្នកទាំងនោះ បញ្ចប់អាជីពជាកីឡាករ-កីឡាការិនី អាចស្វែងយល់ និងរកការងារ ឬតួនាទីថ្មីបាន។»។ លោក ហែម គិរី បញ្ជាក់ដូច្នេះ។
 
យោងទៅលើវេបសាយរបស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោក Tony Tarraf ប្រធាននាយកដ្ឋានអភិវឌ្ឍន៍អត្តពលិក និងគម្រោងពិសេស នៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានបញ្ជាក់ថា៖«នេះជាលើកទីមួយហើយដែលគណៈកម្មាធិការអត្តពលិកមកពីទូទាំងអាស៊ីជួបប្រជុំគ្នាចាប់តាំងពីឆ្នាំ ២០១៨ ហើយយើង រីករាយក្នុងការប្រកាសថា គណៈកម្មាធិការជាតិអូឡាំពិកចំនួន៤៣ប្រទេស នឹងត្រូវបានតំណាងសម្រាប់កិច្ចប្រជុំដ៏សំខាន់នេះ។»។
 
ក្នុងវេទិកាក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ប្រធានបទសំខាន់ៗ ចំនួន៤ ត្រូវបានលើកយកមកពិភាក្សា ក្នុងរយៈពេល២ថ្ងៃនេះ។ ប្រធានបទទាំងនោះ មាន ការការពារអត្ដពលិកពីការយាយី និងការរំលោភបំពានក្នុងវិស័យកីឡា, ការទប់ស្កាត់ឧបាយកល នៃការប្រកួតប្រជែង, ការអភិវឌ្ឍអាជីពរបស់អត្ដពលិក សម្រាប់កីឡា និងប្រយុទ្ធប្រឆាំងសារធាតុញៀនក្នុងវិស័យកីឡា។
 
គួរបញ្ជាក់ថា វេទិកា OCA/OS Athletes Forum បានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមីនា នៅទីក្រុងបាងកក។ លោកហែម គិរី និងអ្នកស្រី ចូវ សុធារ៉ា ដែលជាអតីតកីឡាករ កីឡាការិនីកម្ពុជា ធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិក បានចូលរួមជាតំណាងឲ្យកម្ពុជា៕ 
 

Tag:
 ហែម គិរី
  OCA/OS Athlete Forum
© រក្សាសិទ្ធិដោយ thmeythmey.com