អន្តរជាតិ
អាម៉េរិក ចិន និងរុស្ស៊ី​ ចោទគ្នាទៅវិញទៅមកលើបញ្ហាកូរ៉េខាងជើង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ
21, Mar 2023 , 5:39 pm        
រូបភាព
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបភាព AFP
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបភាព AFP
អាម៉េរិក ចិន និងរុស្ស៊ី បានចោទគ្នាទៅវិញទៅមកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើបញ្ហាកូរ៉េខាងជើង នៅថ្ងៃទី២០ ខែមីនា។ អគ្គលេខាធិការអង្គការសហប្រជាជាតិវិញ បានបង្ហាញក្តីបារម្ភថា ភាពបាក់បែកនៃសមាជិកក្រុមប្រឹក្សាសន្តិសុខ បានរារាំងសហគមន៍អន្តរជាតិលើការដោះស្រាយបញ្ហាកូរ៉េខាងជើង។

 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២០ ខែមីនា បានបើកកិច្ចប្រជុំបន្ទាន់មួយលើបញ្ហាការបាញ់មីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង។ កិច្ចប្រជុំនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលប៉ាលីស្ទិកអន្តរទ្វីបជាថ្មី ក្រោយអាក់ខានចាប់តាំងពីឆ្នាំ២០២២។
 
ក្នុងកិច្ចប្រជុំដែលមានម៉ូសំប៊ិកដែលជាប្រធានផ្លាស់វេននៅក្នុងខែមីនានេះ អាម៉េរិក និងសម្ព័ន្ធមិត្ត រួមទាំងចិន និងរុស្ស៊ី បានចោទគ្នាទៅវិញទៅមក ជុំវិញបញ្ហាការអភិវឌ្ឍមីស៊ីលកូរ៉េខាងជើង និងទណ្ឌកម្ម។ 
 
អគ្គរដ្ឋទូតរុស្ស៊ីរងប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Anna Evstigneeva បានហៅសមយុទ្ធយោធាអាម៉េរិក និងកូរ៉េខាងត្បូងថា ជាសកម្មភាពយោធាមិនធ្លាប់មានពីមុនមក ខណៈអគ្គរដ្ឋទូតរងចិន លោក Geng Shuang បានចោទជាសំណួរទៅអាម៉េរិក ថាតើវាជាសមយុទ្ធបែបការពារយ៉ាងណា ហើយថែមទាំងបន្ទោសក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល ធ្វើឱ្យមានភាពតានតឹងថែមទៀត។ 
 
ជាការឆ្លើយតប អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយការពារថា សមយុទ្ធអាម៉េរិក-កូរ៉េខាងត្បូង ជាសកម្មភាពតាមទម្លាប់ ហើយមានលក្ខណៈការពារសុទ្ធសាធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
«សកម្មភាពរបស់អាម៉េរិក មិនមានបំណងបង្កអរិភាពចំពោះកូរ៉េខាងជើងឡើយ»។ លោកស្រី Thomas-Greenfield បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី២០ ខែមីនា ដោយបន្ថែមថា ការលើកចោលទណ្ឌកម្មចំពោះក្រុងព្យុងយ៉ាង នឹងជួយឱ្យកូរ៉េខាងជើង មិនគោរពអ្វីឡើយចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ 
 
ស្របគ្នានេះ រុស្ស៊ី និងចិន ក៏បានប្រើវេទិកាមួយនេះបង្ហាញក្តីបារម្ភចំពោះអាម៉េរិក និងអង់គ្លេស ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀសន្តិសុខត្រីភាគី AUKUS ជាមួយអូស្រ្តាលីផងដែរ។ 
 
ជាការឆ្លើយតប អគ្គរដ្ឋទូតអង់គ្លេសរងប្រចាំនៅអង្គការសហប្រជាជាតិ លោក James Kariuki បានថ្លែងការពារថា សកម្មភាពរបស់កូរ៉េខាងជើង គឺខុសច្បាប់ និងបានបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាច្រើនលើក។ បើតាមប្រេសិតអង់គ្លេស បញ្ហាកូរ៉េខាងជើង មិនអាចយកមកប្រៀបធៀបជាមួយកិច្ចព្រមព្រៀង AUKUS បានឡើយ។ 
 
ស្របគ្នានេះ មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននាំក្តីបារម្ភរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស មកថា ការបែកបាក់នៅក្រុមប្រឹក្សាសន្តិសុខ បានបង្ការសហគមន៍អន្តរជាតិ ក្នុងការចាត់វិធានការលើបញ្ហាកូរ៉េខាងជើង។ 
 
សូមបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ក្រុមប្រឹក្សាសន្តិសុខ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង លើការដាក់ចេញចំណាត់ការចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលជាច្រើនលើក។ ចិន និងរុស្ស៊ី តែងប្រើសិទ្ធិវេតូ លើសេចក្តីសម្រេចដាក់ទណ្ឌកម្មក្រុងព្យុងយ៉ាងជាថ្មី ដោយសំអាងថា ធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ និងចង់ឱ្យមានការបន្ធូរបន្ថយ៕
 

Tag:
 អាម៉េរិក
  ចិន
  រុស្ស៊ី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com