កីឡាអន្តរជាតិ
អន្តរជាតិ
PSV ពិន័យអ្នកគាំទ្រខ្លួនម្នាក់មិនឱ្យចូលកីឡដ្ឋាន៤០ឆ្នាំ ក្រោយប្រើហិង្សាលើអ្នកចាំទី Sevilla
21, Mar 2023 , 9:29 pm        
រូបភាព
ក្លិប PSV Eindhoven នៃលីគបាល់ទាត់កំពូលហូឡង់បានដាក់បម្រាមលើអ្នកគាំទ្រខ្លួនម្នាក់មិនឱ្យចូលទស្សនាការប្រកួតក្នុងកីឡដ្ឋានរយៈពេល ៤០ឆ្នាំ ក្រោយរកឃើញថាប្រព្រឹត្តិខុសដោយបានវាយអ្នកចាំទី Marko Dmitrovic របស់ Sevilla អំឡុងពេលប្រកួត Play-off ពានរង្វាន់ UEFA Europa League។



បុរសវ័យ ២០ឆ្នាំម្នាក់ ដែលរងបម្រាមពីសំណាក់ក្លិប PSV រយៈពេល៤០ឆ្នាំ ធ្លាប់រងបម្រាមមិនឱ្យចូលក្នុងកីឡដ្ឋានរបស់ក្រុមជម្រើសជាតិហូឡង់រួចមកហើយដល់ឆ្នាំ ២០២៦។ ​បើតាមការបញ្ជាក់របស់ក្លិប PSV បុរសរូបនោះបានប្រើប្រាស់សំបុត្ររបស់មិត្តភក្កិ ដើម្បីអាចចូលទស្សនាការប្រកួតរវាង PSV និង Sevilla។
 
ហេតុការណ៍ដែលកើតឡើងកាលពីខែកុម្ភៈនាជំនួបជើងទី១វគ្គជម្រុះ play-off រវាង PSV និង Sevilla នោះ ​បុរសវ័យ ២០ឆ្នាំ បានរត់ចូលទីលានសំដៅទៅកីឡាក Serb Dmitrovic ហើយបានវាយមុខអ្នកចាំទីក្រុមអេស្ប៉ាញរូបនេះ។ ក្រោយរងការវាយប្រហារ អតីតអ្នកចាំទីក្លិប Charlton បានចាប់បុរសវ័យ ២០ឆ្នាំនោះបោកទៅលើដី ហើយបានចាប់បុរសនោះឱ្យក្រុមមន្ត្រីការពារសន្តិសុខដើម្បីយកចេញពីទីលាន។
 
បន្ទាប់ពីការប្រកាសហាមឃាត់រួច បុរសវ័យជំទង់រូបនោះក៏ត្រូវបានគេកាត់ទោស និងការចាប់ដាក់គុករយៈពេល ៣ខែផងដែរចំពោះទង្វើដែលបានបង្កឡើង។ 
 
ក្លិប PSV បានបន្ថែមការហាមឃាត់លើបុរសនោះមិនឱ្យមកក្បែបរិវេណកីឡដ្ឋាន Philips របស់ខ្លួនរយៈពេល ២ឆ្នាំថែមទៀតផង ក្រៅពីការហាមឃាត់ ៤០ឆ្នាំចូលកីឡដ្ឋាន។ ការប៉ះពាល់ និងខូចខាតទាំងអស់ដែលបង្កឡើងដោយបុរសវ័យ ២០ឆ្នាំនោះ ក្លិប PSV បញ្ជាក់ថាខ្លួននឹងទាមទារលើផ្នែកហិរញ្ញវត្ថុសម្រាប់ការខូចខាតទាំងអស់។
 
ក្រោយឧបទ្ទវហេតុដែលបានកើតឡើងទាំងនោះ PSV អាចនឹងទទួលបានការផាកពិន័យយ៉ាងធ្ងន់ធ្ងរពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ខណៈស្ថាប័នកីឡាដ៏ធំប្រចាំតំបន់មួយនេះកំពុងតែដំណើរលើរឿងទាំងនេះ។
 
ការប្រកួតវគ្គជម្រុះ Play-off នោះ Sevilla រងបរាជ័យក្រោមថ្វីជើង PSV លទ្ធផល ២-០ ដែលជាការប្រកួតជើងទីពីរ ប៉ុន្តែទោះជាយ៉ាងណា Sevilla នៅតែបន្តដំណើរឡើងវគ្គបន្ទាប់ ដោយសារការប្រកួតកាលពីជើងទីមួយ នាទឹកដីអេស្ប៉ាញ Sevilla បានយកឈ្នះដោយលទ្ធផល ៣-០។
 
មកដល់ពេលនេះ Sevilla ក៏ជាក្រុមមួយបានឈាងជើងឡើងដល់វគ្គ ៨ក្រុងចុងក្រោយ Europa League ហើយដោយការប្រកួតបន្ទាប់របស់ពួកគេត្រូវជួប Manchester United៕
 

Tag:
 Europa League
  PSV Eindhoven
© រក្សាសិទ្ធិដោយ thmeythmey.com