អន្តរជាតិ
ថៃ នឹងរៀបចំការបោះឆ្នោតសភានៅថ្ងៃទី១៤ ខែឧសភា
22, Mar 2023 , 9:44 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ថៃ នឹងរៀបចំការបោះឆ្នោតសភានៅថ្ងៃទី១៤ ខែឧសភាខាងមុខ។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត (EC) លោក Ittiporn Boonpracong បានអះអាងបែបនេះ នៅថ្ងៃទី២១ ខែមីនា ក្រោយសភាត្រូវបានរំលាយ។

 
ថៃ នៅថ្ងៃទី២០ ខែមីនា បានរំលាយសភាចោលដើម្បីរៀបចំការបោះឆ្នោត។ មួយថ្ងៃក្រោយការរំលាយនេះ គណៈកម្មការរៀបចំការបោះឆ្នោត បានប្រកាសពីថ្ងៃត្រូវរៀបចំការបោះឆ្នោត។ ការប្រកាសពីថ្ងៃបោះឆ្នោតនេះ នឹងត្រូវចេញផ្សាយនៅលើរាជកិច្ចឆាប់ៗ។
 
តាមការប្រកាសរបស់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត លោក Ittiporn Boonpracong នៅថ្ងៃទី២១​ ខែមីនា ថៃ នឹងរៀបចំការបោះឆ្នោតរដ្ឋសភានៅថ្ងៃទី១៤ ខែឧសភាខាងមុខ។ តាមច្បាប់ស្តីពីការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោត តម្រូវឱ្យប្រកាសពីថ្ងៃបោះឆ្នោតក្នុងរយៈពេល ៥ថ្ងៃក្រោយសភាត្រូវបានរំលាយ។ 
 
ទន្ទឹមនេះ គណៈកម្មការរៀបចំការបោះឆ្នោត ក៏ត្រូវប្រកាសពីថ្ងៃចាប់ផ្តើមទទួលពាក្យចុះឈ្មោះ ក្នុងរយៈពេល ៥ថ្ងៃក្រោយសភារំលាយផង។ 
 
តាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា រដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន ត្រូវប្តូរទៅជារដ្ឋាភិបាលបណ្តោះអាសន្ន ដោយអំណាចមួយចំនួន ត្រូវបានរឹតត្បិត។ ជុំវិញបញ្ហានេះ គណៈកម្មការៀបចំការបោះឆ្នោតថៃ (EC) ត្រូវដាក់ចេញបទបញ្ញត្តិហាមឃាត់សមាជិកគណៈរដ្ឋមន្រ្តីបណ្តោះអាសន្នពីការប្រើប្រាស់ធនធានរបស់រដ្ឋ ឬបុគ្គលិករបស់ក្រសួង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
 
កន្លងមក រដ្ឋាភិបាលបណ្តោះអាសន្នថៃ បានអនុម័តកញ្ចប់ថវិកាទំហំប្រមាណ ១៧៣លានដុល្លារ សម្រាប់រៀបចំការបោះឆ្នោតរដ្ឋសភាខាងមុខ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com