អន្តរជាតិ
ពីទីក្រុងកៀវ នាយករដ្ឋមន្រ្តីជប៉ុនថា ប្រទេសG7 នឹងបន្តគាំទ្រអ៊ុយក្រែន
22, Mar 2023 , 11:59 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (ខាងឆ្វេង) ចាប់ដៃជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅក្នុងក្រុងកៀវ ក្នុងថ្ងៃទី២១ ខែមីនា។ រូបភាព Kyodo
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (ខាងឆ្វេង) ចាប់ដៃជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅក្នុងក្រុងកៀវ ក្នុងថ្ងៃទី២១ ខែមីនា។ រូបភាព Kyodo
ក្រុមប្រទេសអ្នកមានទាំង៧ (G7) មិនមានការបាក់បែកឡើយ ក្នុងការគាំទ្រអ៊ុយក្រែនទប់នឹងការឈ្លានពានរបស់រុស្ស៊ី។ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានប្រាប់ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបែបនេះ នៅថ្ងៃទី២១ ខែមីនា។ មេដឹកនាំជប៉ុន ក៏បានសន្យាផ្តល់ជំនួយទំហំ៤៧០លានដុល្លារក្នុងវិស័យថាមពល ទៅអ៊ុយក្រែន និង៣០លានដុល្លារ ជាជំនួយមិនមែនអាវុធ។



នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២១ ខែមីនា បានធ្វើដំណើរទស្សនកិច្ចនៅអ៊ុយក្រែនដោយមិនប្រកាសជាមុន ក្រោយពេលបំពេញទស្សនកិច្ចនៅឥណ្ឌា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលប្រធានាធិបតីចិន លោក ស៊ី ជិនភីង កំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ីដែរ។ 
 
ក្នុងដំណើរទស្សនកិច្ចនោះ លោក​  គីស៊ីដា បានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រួមទាំងបដិសេធការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងយោធា ហើយថែមទាំងសន្យាគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិថែមទៀត។  
 
ក្នុងនាមជាមេដឹកនាំក្រុមប្រទេសអ្នកមានទាំង៧ចុងក្រោយ ដែលបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ប្រមុខរដ្ឋាភិបាលជប៉ុន បានថ្លែងប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថា ក្រុមប្រទេសអ្នកមានទាំង៧ មិនមានភាពបាក់បែកឡើយ ក្នុងការគាំទ្រក្រុងកៀវទប់នឹងការឈ្លានពានរបស់ក្រុងមូស្គូ។  
 
បើតាមប្រមុខរដ្ឋាភិបាលជប៉ុន ជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន បានផ្តល់ឱកាស ដើម្បីបញ្ជាក់ពីតម្លៃរបស់ក្រុមប្រទេស G7។ នៅក្នុងឆ្នាំ២០២៣នេះ ជប៉ុន ធ្វើជាប្រធានផ្លាស់វេននៃកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង៧។ 
 
ជាការឆ្លើយតប លោក ហ្សេលេនស្គី នៅក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបទ្វេភាគី​ បានហៅលោកគីស៊ីដា ជាមេដឹកនាំការពារសណ្តាប់ធ្នាប់អន្តរជាតិ រួមទាំងអរគុណភាពជាមេដឹកនាំរបស់ជប៉ុនផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ 
 
ស្របគ្នានេះ មេដឹកនាំជប៉ុន ក៏បានសន្យាផ្តល់ជំនួយក្នុងវិស័យថាមពលទៅអ៊ុយក្រែនក្នុងទំហំ៤៧០លានដុល្លារ និងផ្តល់ជំនួយមិនមែនអាវុធ៣០លានដុល្លារ តាមរយៈអង្គការណាតូទៅអ៊ុយក្រែន។ ទន្ទឹមនេះ ប្រទេសទាំងពីរ ក៏បានឯកភាពដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូសកលពិសេសផង។ 
 
«ជប៉ុននឹងបន្តផ្តល់ជំនួយទៅអ៊ុយក្រែនជាមួយលទ្ធភាពដ៏ខ្លាំងបំផុត រហូតទទួលបានសន្តិភាព»។ លោក គីស៊ីដា បានសង្កត់ធ្ងន់បែបនេះ។ 
 
មុនជួបជាមួយមេដឹកនាំអ៊ុយក្រែន នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើទស្សនកិច្ចនៅក្រុង Bucha ដែលប្រជាជនស៊ីវិលជាច្រើនរូបត្រូវបានសម្លាប់ក្នុងពេលរុស្ស៊ីចូលឈ្លានពាន។ ក្នុងដំណើរទស្សនកិច្ចនៅក្រុងនោះ លោក គីស៊ីដា បានអះអាងថា ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញប្រជាជនស៊ីវិលជាច្រើន ត្រូវបានសម្លាប់នៅមួយឆ្នាំមុន៕ 
 

Tag:
 ជប៉ុន
  G7
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com