អន្តរជាតិ
IMF អនុម័តកញ្ចប់សង្រ្គោះ៣ពាន់លានដុល្លារឱ្យស្រីលង្កា 
×![]()
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាថ្ងៃទី២១ ខែមីនាបានលើកឡើងថា ស្រីលង្កានឹងទទួលថវិកាជំនួយដំណាក់កាលដំបូងនៃ ៣៣០ លានដុល្លារនៅរយៈពីរថ្ងៃទៀតពី IMF ដែលជាផ្នែកមួយនៃកញ្ចប់សង្រ្គោះជាង៣ពាន់លានដុល្លារ។ ការពិនិត្យលើគម្រោងនេះ នឹងធ្វើឡើងរៀងរាល់៦ខែម្ដង។
ក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF បានអនុម័តថវិកាសង្គ្រោះប្រហែល៣ពាន់លានដុល្លារសម្រាប់ស្រីលង្កា។ ស្រីលង្កានឹងទទួលបានជំនួយដំណាក់កាលដំបូងជាមួយទឹកប្រាក់៣៣០លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់មន្ត្រី IMF។
ក្នុងសេចក្តីថ្លែងការណ៍មួយ IMF បញ្ជាក់ថា កម្មវិធីសង្រ្គោះនឹងជំរុញការគាំទ្រពីខាងក្រៅបន្ថែមទៀតសម្រាប់ស្រីលង្កាជាមួយនឹងការផ្តល់មូលនិធិពីធនាគារពិភពលោកនិងធនាគារអភិវឌ្ឍន៍អាស៊ីដល់ទៅចំនួន៣,៧៥ពាន់លានដុល្លារ។
លោក Peter Breuer ប្រធានបេសកកម្មជាន់ខ្ពស់សម្រាប់ស្រីលង្កាប្រចាំនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បាននិយាយថា និរន្តរភាពបំណុលគឺជាលក្ខណៈវិនិច្ឆ័យសំខាន់មួយសម្រាប់ IMF ដើម្បីអនុម័តថវិកាសង្គ្រោះសម្រាប់សេដ្ឋកិច្ចណាមួយ។
គួរបញ្ជាក់ថា ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវគួបផ្សំនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ បានធ្វើឱ្យស្រីលង្កាខ្វះខាតប្រាក់ដុល្លារយ៉ាងធ្ងន់ធ្ងរសម្រាប់ការនាំចូលសំខាន់ៗនៅដើមឆ្នាំមុន។ វិបត្តិនេះក៏ធ្វើឱ្យប្រទេសមួយនេះធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងរយៈពេលប្រាំពីរទសវត្សរ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com