អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលលើកទី៥ ក្នុងរយៈពេលមិនដល់មួយខែ
22, Mar 2023 , 4:10 pm        
រូបភាព
រូបភាព KCNA
រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី២២ ខែមីនា បានបាញ់មីស៊ីលប្រដេញជាច្រើនគ្រាប់ទៅសមុទ្រខាងកើត។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។ ក្នុងរយៈពេលមិនដល់ ១ខែឡើយ កូរ៉េខាងជើង បានបាញ់មីស៊ីលរហូតដល់ ៥លើក ស្របពេលកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធយោធារួមគ្នា។



អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS)  បានអះអាងថា ខ្លួនចាប់បានសញ្ញានៃការបាញ់មីស៊ីលប្រដេញជាច្រើនគ្រាប់ចេញពីតំបន់ Hamhung នៅឆ្នេរភាគខាងកើតកូរ៉េខាងត្បូង នៅវេលាម៉ោងប្រមាណ១០ និង១៥នាទីព្រឹក (ម៉ោងក្នុងស្រុក)។ យ៉ាងណាមិញ យោធាកូរ៉េខាងត្បូង មិនទាន់បានផ្តល់ព័ត៌មានជាក់លាក់ជុំវិញការបាញ់មីស៊ីលនោះឡើយ។ 
 
នេះជាការបាញ់មីស៊ីលលើកទី៥ ក្នុងរយៈពេលមិនដល់មួយខែឡើយ ក្រោយពេលក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលមីស៊ីលបាលីស្ទិកចម្ងាយខ្លី និងមីស៊ីលបាលីស្ទិកអន្តរទ្វីប ទៅក្នុងសមុទ្រខាងកើត។ 
 
មិនតែប៉ុណ្ណោះ ការបាញ់មីស៊ីលញឹកញាប់បែបនេះ ទំនងឆ្លើយតបនឹងសមយុទ្ធយោធារួមគ្នារវាងអាម៉េរិក និងកូរ៉េខាងត្បូង Freedom Shield 23 ដែលមានរយៈពេល ១១ថ្ងៃ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ 
 
«ក្រោយការត្រៀមខ្លួនការពាររួមគ្នា យោធារបស់យើង បានទទួលជោគជ័យលើការបិទបញ្ចប់សមយុទ្ធ Freedom Shield និងបន្តធ្វើសមយុទ្ធ Warrior Shield»។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។ 
 
គួររំឭកថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បានបើកកិច្ចប្រជុំបន្ទាន់មួយលើបញ្ហាការបាញ់មីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង។ យ៉ាងណាមិញ វានៅតែបន្តគ្មានចំណាត់ការជាក់លាក់លើកូរ៉េខាងជើង ដោយសារតែមានការខ្វែងគំនិតគ្នារវាងអាម៉េរិក ចិន និងរុស្ស៊ី៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  UNSC
© រក្សាសិទ្ធិដោយ thmeythmey.com