សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំជាងគេរបស់ចិន 
មន្ត្រីអន្តោប្រវេសន៍ពិនិត្យកប៉ាល់ដឹកប្រេងឆៅនាំចូលនៅកំពង់ផែ Qingdao ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន ។ រូបភាពពី AFP ។
×![]()
ទិន្នន័យកាលពីខែកុម្ភៈបង្ហាញថា រុស្ស៊ីបានវ៉ាដាច់អារ៉ាប៊ីសាអូឌីត ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់ចិន ខណៈដែលតម្រូវការនៅទីនោះបានកើនឡើងយ៉ាងខ្លាំង។
កាលពីខែមុនប្រទេសចិនបាននាំចូលប្រេងឆៅពីរុស្ស៊ីចំនួន៧,៦៩តោន ឬស្មើនឹង ២លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើយោងតាមទិន្នន័យពីគយចិន។ ផ្ទុយទៅវិញ ការនាំចូលប្រេងពីអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមិថុនាមក ពោលគឺធ្លាក់ចុះក្នុងអត្រា២៩ភាគរយធៀបនឹងខែមុន។
បច្ចុប្បន្នចិន និងឥណ្ឌា បានក្លាយជាអ្នកទិញប្រេងសំខាន់ៗពីរុស្ស៊ី ដោយសារសង្រ្គាមនៅអ៊ុយក្រែនដែលធ្វើឱ្យទីក្រុងមូស្គូផ្គត់ផ្គង់ប្រេងក្នុងតម្លៃថោកជាងមុន ដើម្បីទាក់ទាញប្រភពអ្នកទិញពីបណ្តាប្រទេសនានា។ ការផ្លាស់ប្តូរនេះត្រូវបានស្វាគមន៍ដោយប្រទេសអាស៊ីជាច្រើនដែលកំពុងតស៊ូក្នុងការគ្រប់គ្រងតម្លៃជាមួយសន្ទុះអតិផរណា។
កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ីក្នុងវិស័យថាមពលមានអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ។ រុស្ស៊ីត្រូវការអតិថិជនថ្មី ខណៈឥន្ធនៈហ្វូស៊ីលរបស់ខ្លួនត្រូវបានលោកខាងលិចដាក់ទណ្ឌកម្មជារឿយៗ។ ចំណែកឯចិន គោលដៅចម្បងគឺធ្វើឲ្យសេដ្ឋកិច្ចរស់ឡើងវិញបន្ទាប់ពីដាក់គោលនយោបាយសូន្យកូវីដអស់រយៈពេលជាច្រើនឆ្នាំ។ ដូច្នេះហើយពួកគេត្រូវការថាមពលក្នុងតម្លៃថោកៗ ដើម្បីដំណើរការវិស័យផលិតកម្មដ៏ធំ។
បន្ថែមពីនេះ តម្រូវការប្រេងឥន្ធនៈសម្រាប់យានជំនិះនៅចិនក៏បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីចុងឆ្នាំមុន បន្ទាប់ពីប្រទេសនេះបានបញ្ចប់គោលនយោបាយសូន្យកូវីដ ដែលពីមុន តម្រូវការនៅទីនេះមានសភាពទន់ខ្សោយដោយសារគោលនយោបាយបិទផ្លូវដ៏តឹងរ៉ឹង វិស័យអចលនទ្រព្យបានធ្លាក់ចុះ ហើយកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។
ទិន្នន័យគយរបស់ចិនបង្ហាញថា មួយឆ្នាំក្រោយសង្គ្រាម ចិនបានចំណាយប្រាក់ចំនួន ៨៨ពាន់លានដុល្លារទិញថាមពលពីរុស្ស៊ី រួមទាំងប្រេងឆៅ ផលិតផលប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិ។ តួលេខនេះគឺកើនឡើងយ៉ាងខ្លាំងពី ៥៧ពាន់លានដុល្លារក្នុងរយៈពេល ១២ខែមុន៕
© រក្សាសិទ្ធិដោយ thmeythmey.com